ភ្នំពេញ ៖ តារាសម្តែងមុខ ដូចតួរបរទេស លោកJohn ហាក់ញញឹមលែងចេញ នៅពេល គេបង្ហាញឃ្លីប វិដេអូ នាពិធីផ្លូវការមួយ ស្រាប់តែមានឈុតបីត្រកង ឱបថើបជាមួយតួស្រី លើកមកបង្ហាញនៅចំពោះ ភ្ញៀវជាច្រើន។ លោកចន ហាក់បុកពោះ មិនតិចនោះទេ ព្រោះពេលគ្រានោះមាន វត្តមានអនាគត ភរិយា របស់លោក អ្នកនាងម៉ានីកា តារាសម្តែងចូលរួមដែរ។

លោកចន និងអ្នកនាង ម៉ានីកា បានបណ្តើរគ្នា ចូលរួមសម្ពោធរឿង «រសជាតិអ្នកមានវគ្គ៣» ដោយទឹកមុខរីករាយ ព្រោះគូស្នេហ៍២រូបនេះ រីករាយ ដែលបាន សម្តែងជូនអ្នកស្រីពាន់ ភួងបុប្ឋា។ លោកចន ក៏ជាតួអង្គសំខាន់មួយរូបដែរ ស្របពេលដែលអ្នកនាង ម៉ានីកា ចាប់គូសម្តែងជាមួយ តារាប្រុសផ្សេង។ លោកចន បានប្រាប់ឈុតនោះថា មានការ បញ្ចូលតួឲ្យមានលក្ខណៈទៅតាមសាច់រឿង ហើយឈុតនោះ លោកមិនប្រាប់ប្រពន្ឋ ឲ្យដឹងមុនទេ ទុកឲ្យគាត់ឃើញថ្ងៃសម្ពោធតែម្តង។ ម្យ៉ាងយល់ថា គាត់ពិតជាមិនប្រកាន់ ព្រោះនោះជាសិល្បៈ។ យ៉ាងណាលោក បុកពោះតិចៗដែរ ពេលគេលើកយកមក បង្ហាញបែបនេះ ខណៈម្ចាស់បេះដូង នៅក្បែរខ្លួនយ៉ាងកៀកបែបនេះ។ ម្យ៉ាងយើងទើបតែភ្ជាប់ពាក្យ ពេញដោយបេះដូងកំពុងត្របាញ់ចូលគ្នារាល់ថ្ងៃ។

លោកចន បានចូលបម្រើវិស័យសិល្បៈ ច្រើនឆ្នាំមកហើយ លោកក៏ជាតារាបង្ហាញម៉ូដ ព្រោះមានរាងខ្ពស់ និងមានមាឌមាំ។ ភាពយន្តភាគច្រើនសម្តែងជាតួអ្នកមាន ឬឧកញ៉ាហើយ រឿងដែលសម្តែងនេះ និងចាក់ផ្សាយនៅភីអិនអិន លោកសម្តែងជាតួឧកញ៉ា។ ឯគូដណ្តឹង អ្នកនាង ម៉ានីកា ក៏ត្រូវបានអ្នកសិល្បៈស្គាល់ច្រើន ព្រោះថតច្រើនមិនថាភាពយន្ត និងចម្រៀងខារ៉ាអូខេ ។ ពិសេសបទចម្រៀងល្បីៗកាលពីច្រើនឆ្នាំមុនរបស់ហង្សមាស។

រឿង « រសជាតិអ្នកមាន » វគ្គហេឡូអ្នកម៉ាក់ ក្រៅពីប្រមូលផ្តុំដោយក្រុមផលិត មានជំនាញខ្ពស់ សាច់រឿងចូលរួមដោយតារាល្បីៗជាច្រើនរូប អ្នកនិពន្ធ ពាន់ ភួងបុប្ផា បានអះអាងបន្ថែមទៀតដែរថា នេះជាសាច់រឿងដែល លោកស្រីធ្វើការសិក្សាវិធីសាស្ត្រថ្មី ក្នុងការទាក់ទាញពីមួយភាគ ទៅមួយភាគ ពេញដោយបញ្ហាដែលរំលេចមកចោទ ក៏ដូចជា បានបង្កប់ដំណោះស្រាយ ។ ស្ត្រីឬ អ្នកទស្សនាទាំងឡាយ អាចចងចាំនឹងប្រើប្រាស់ជា ផ្នត់គំនិតវិជ្ជមាន សម្រាប់យកទៅបម្រើ ដឹកនាំជីវិតពិតបាន ៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM










