ព្រៃវែង៖ ស្រ្តីជានគរបាល បម្រើការងារ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង និង ប្អូនប្រុសបានស្លា.ប់ ទាំងពីរនាក់ ដោយសារឧបទ្ទេវហេតុ ក្រឡាប់រថយន្ត ធ្លា.ក់ចូលប្រឡាយទឹក ពេលកំពុង ចុះបំពេញការងារ តាមការិយាល័យបោះឆ្នោត ។
ករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តនេះកើតឡើង កាលពីវេលាម៉ោង ១៤និង៤១នាទីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិពពេលឃុំក្របៅ ស្ថិតនៅភូមិសំបូ ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។
អធិការនគរបាលស្រុកកំចាយមារ បានឲ្យដឹងថា ស្រ្តីរងគ្រោះមានឈ្មោះ សួង សុភាក់ អាយុ២៨ឆ្នាំ រស់នៅភូមិអណ្ដូងស្អាត ឃុំក្របៅ ស្រុកកំចាយមារ ជាមន្រ្តីនគរបាលជាតិ នៅប៉ុស្ដិ៍រដ្ឋបាលក្របៅ នៃអធិការដ្ឋាននគរបាលកំចាយមារ និងប្អូនប្រុសឈ្មោះ សួង វិសាល អាយុ១៥ឆ្នាំ។

គ្រោះថ្នាក់ចរាចរណ៍នេះ ពេលជនរងគ្រោះកំពុងចុះទៅបំពេញបេសកម្ម យាមការិយាល័យបោះឆ្នោតលេខ០១៦១។ លោកបានបញ្ជាក់ថា ជនរងគ្រោះទាំងពីរនាក់ ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយសង្គ្រោះបន្ទាន់ តែមិនអាចជួយបាន ពោលបានស្លា.ប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។
លោកអធិការបានចូលរួមសោកស្ដាយ និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព ដែលបានបាត់បង់មន្ត្រីនគរបាលយ៉ាងសកម្មម្នាក់ ក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិ៕រក្សាសិទ្ធិដោយ ៖ សុទ្ធលី





