ភ្នំពេញ ៖ ស្របតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ស្តីពីការតវ៉ាចំពោះការរំលោភបំពានរបស់ថៃ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមបន្តប្រកាសតវ៉ាប្រឆាំង នឹងសកម្មភាពនានារបស់ថៃ នៅប្រាសាទតាក្របី ទាំងសកម្មភាពផ្ទាល់មកលើប្រាង្គប្រាសាទ និងការសាងសង់ហេដ្ឋា រចនាសម្ព័ន្ធនានាជិតប្រាសាទ។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមជម្រាបជាថ្មីថា ប្រាសាទតាក្របី ដែលថ្មីៗនេះទទួលរងការបាញ់បំផ្លាញ ពីយោធាថៃស្ទើរតែខ្ទេចរូបរាងទាំងស្រុង គឺជាទីតាំងបុរាណស្ថានអភិរក្សយ៉ាងខ្ជាប់ខ្ជួនដោយស្ថាប័នវប្បធម៌កម្ពុជា ជាទីតាំងគោរពសក្ការៈទៅតាមជំនឿ ប្រពៃណី ទំនៀមទម្លាប់របស់ប្រជាជនកម្ពុជាតាំងពីដើមរៀងមក។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈសូមប្រឆាំងជាដាច់ខាតចំពោះការប្រើប្រាស់កម្លាំងប្រដាប់អាវុធរបស់យោធាថៃ ក្នុងការឈ្លានពានកាន់កាប់ប្រាសាទតាក្របី និងគម្រោងនានាដែលធ្វើឱ្យប្រែប្រួលស្ថានភាពតំបន់នោះ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាត់ទុកថាសកម្មភាពឈ្លានពាននេះគឺជាការរំលោភបំពានទាំងស្រុងទៅនឹងគោលការណ៍ជាមូលដ្ឋាន និងមិនអាចបដិសេធបាននៃច្បាប់អន្តរជាតិ ដែលហាមឃាត់ការកាន់កាប់ទឹកដីដោយប្រើប្រាស់កម្លាំង។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ស្នើភាគីថៃបញ្ឈប់សកម្មភាពបំផ្លិចបំផ្លាញ ក៏ដូចជាគម្រោងនានានៅជុំវិញ ប្រាសាទតាក្របី ដែលជាកម្មសិទ្ធិស្ថិតក្នុងដែនដីអធិបតេយ្យភាពកម្ពុជា និងងាកមករកការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី និងគោរពទៅតាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី








