ដំណឹងនៃការបាត់ខ្លួនក្មេងស្រីជំទង់ជនជាតិវៀតណាមម្នាក់ឈ្មោះ Nguyen Thi Thu Ngoc អាយុ ១៦ ឆ្នាំ នៅពេលនាងមករកការងារធ្វើនៅទីក្រុងហូជីមិញ បានធ្វើឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង ពីមជ្ឈដ្ឋានមហាជននៅលើបណ្តាញសង្គម ជាពិសេស គឺនៅពេលយុវតីរូបនេះ បានប្រាប់ក្រុមគ្រួសារថា នៅពេលនេះ នាងមិននៅក្នុងប្រទេសវៀតណាមទេ គឺកំពុងស្ថិតនៅក្នុងប្រទេសកម្ពុជា និងមានការងារធ្វើមានស្ថិរភាពផងដែរ។ តែទោះយ៉ាងណា បន្ទាប់ពីនោះមក គ្រួសារទាក់ទងលែងបាន និងថែមទាំងទទូលការខលទូរស័ព្ទចុងក្រោយពីមនុស្សចម្លែក ទាមទារប្រាក់ចំនួន ៣០០០ ដុល្លារ ជាថ្នូរនាំយកនាងទៅស្រុកកំណើតវិញ។
ដោយមានការព្រួយបារម្ភខ្លាំងអំពីកូនស្រី លោក Nguyen Van Huong ជាឪពុក បានធ្វើដំណើរជាង ៦០០ គីឡូម៉ែត្រ ពីស្រុកកំណើតរបស់គាត់ ទៅកាន់ទីក្រុងហូជីមិញ ដើម្បីស្វែងរកកូនស្រីរបស់គាត់។ លោក Huong បានរៀបរាប់ឲ្យដឹងថា «ខ្ញុំបានដើររកកូនស្រីគ្រប់កន្លែង តាមភោជនីយដ្ឋាន និងចិញ្ចើមផ្លូវ នៅក្នុងទីក្រុងហូជីមិញ។ គ្រួសារខ្ញុំមានកូនស្រី ៤ នាក់ ង៉ុក (Ngoc) នៅផ្ទះស្តាប់បង្គាប់ឪពុកម្តាយ និងស្លូតបូតណាស់ ប៉ុន្តែ កាលពីប៉ុន្មានថ្ងៃមុន នាងមានសកម្មភាពប្លែក ដោយជឿលើមនុស្សចម្លែកៗ ហើយនាងបានសុំគ្រួសារមកធ្វើការនៅទីក្រុងហូជីមិញ បានអះអាងថា ការងារនោះទទួលបានប្រាក់ខែខ្ពស់ កន្លែងស្នាក់នៅឥតគិតថ្លៃ និងអត្ថប្រយោជន៍ជាច្រើនទៀត»។
លោក Huong បានឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែមិថុនា ថូ ង៉ុក បានទាក់ទងទៅក្រុមគ្រួសារ ដោយប្រាប់ថា នាងនៅប្រទេសកម្ពុជា ហើយបានរកការងារធ្វើនៅទីនោះផងដែរ។ ទោះបីជាយ៉ាងណា សិស្សស្រីអាយុ ១៦ ឆ្នាំរូបនេះ មិនបានបញ្ជាក់ថាជាការងារអ្វីនោះទេ។ លើសពីនេះ នាងក៏បានស្នើឱ្យក្រុមគ្រួសាររបស់នាង លុបព័ត៌មានស្វែងរកសាច់ញាតិ ដែលបានបង្ហោះនៅលើបណ្តាញសារព័ត៌មានផងដែរ។ តាមរយៈការនិយាយដ៏ចម្លែករបស់ ង៉ុក គ្រួសារបានជឿថា នាងអាចកំពុងត្រូវបាននរណាម្នាក់គ្រប់គ្រង។
ជាក់ស្តែង នៅពេលនេះ គ្រួសាររបស់ ង៉ុក បានទទួលទូរស័ព្ទសុំលុយ ៧០ លានដុង (ស្មើនឹង ៣០០០ ដុល្លារ) ដើម្បីនាំកូនទៅវៀតណាមវិញ។ លោក Huong បាននិយាយថា “ក្នុងសារចុងក្រោយអ្នកទាមទារនោះ បាននិយាយថា បើឲ្យលុយ ៣០ លានគេនឹងយកង៉ុកមកវិញ។ តែទោះជាយ៉ាងណា បន្ទាប់ពីផ្ញើសារ និងទូរស័ព្ទទៅមកជាច្រើនដង មនុស្សនោះក៏ឈប់ជឿ ហើយមិនទាក់ទងខ្ញុំទៀតទេ”។
លោក Huong បានបញ្ជាក់ថា “ពេលខ្លះ ខ្ញុំអង្គុយជក់បារី ដើម្បីបន្ធូរអារម្មណ៍តានតឹង មនុស្សស្គាល់នៅទីក្រុងហូជីមិញក៏មានដែរ ប៉ុន្តែ ខ្ញុំមិនហ៊ានរំខានគេច្រើនទេ ជារៀងរាល់ថ្ងៃខ្ញុំទទួលទូរស័ព្ទជាច្រើន ដើម្បីសាកសួរអំពីរឿងនេះ។ តែទោះយ៉ាងណាក៏ដោយ ខ្ញុំនឹងនៅទីនេះរហូតដល់ខ្ញុំឃើញកូនស្រីរបស់ខ្ញុំត្រឡប់មកវិញ”។
លោក Huong ក៏បានឲ្យដឹងផងដែរថា ប៉ុន្មានថ្ងៃមុននេះ ដើម្បីសន្សំសំចៃថ្លៃចំណាយ គឺលោកត្រូវជ្រើសរើសផ្ទះសំណាក់ថោកបំផុត អាហារនីមួយៗមានតម្លៃប្រហែល ២ម៉ឺនដុង ប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




