Sunday, January 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងទ័ពអ៊ុយក្រែន បដិសេធការដាក់ឱសានវាទរបស់រុស្ស៊ី

រដ្ឋធានីគៀវ៖ ស្របពេលទាហានរុស្ស៊ី បានដណ្ដើមកាន់កាប់ទឹកដីជាច្រើន នៅតំបន់ភាគខាងកើត ប្រទេសអ៊ុយក្រែន ក្រុងមូស្គូបានដាក់ឱសានវាទដល់កងទ័ពរបស់ក្រុងគៀវ ឲ្យទម្លាក់អាវុធចុះចាញ់ ប៉ុន្ដែពួកគេបានទាត់ចោលនូវការអំពាវនាវទាំងនោះ ហើយបន្ដប្រយុទ្ធ ដើម្បីការពារទឹកដីរបស់ពួកគេ។

សារព័ត៌មាន SBS News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០២២ ថា រហូតមកដល់ពេលនេះ កងទ័ពអ៊ុយក្រែន នៅតែការពាររោងចក្រគីមីអាហ្សូត (Azot) ស្ថិតក្នុងទីក្រុងសេវេរ៉ូដូណែតស្ក៍ (Severodonetsk) ដដែល បើទោះជារុស្ស៊ីបានដាក់ឱសានវាទដល់ពួកគេឲ្យទម្លាក់អាវុធ កាលពីថ្ងៃពុធ យ៉ាងណាក្ដី។

កងទ័ពអ៊ុយក្រែន បានបដិសេធនូវឱសានវាទរបស់រុស្ស៊ី ជំរុញឲ្យពួកគេចុះចាញ់ នៅក្នុងទីក្រុងសេវេរ៉ូដូណែតស្ក៍ ជាទីក្រុងធំបំផុត នៃតំបន់ដុនបាស (Donbas) នាភាគខាងកើត ប្រទេសអ៊ុយក្រែន ។ បច្ចុប្បន្នទីក្រុងដ៏ធំមួយនេះ បានរងនូវការបំផ្លិចបំផ្លាញយ៉ាងខ្លាំង បន្ទាប់ពីមានការទម្លាក់គ្រាប់បែកយ៉ាងខ្លាំង ពីកម្លាំងទាហានរស្ស៊ី អស់រយៈពេលជាច្រើនសប្ដាហ៍កន្លងមក។

រុស្សីប្រាប់ដល់កងទ័ពអ៊ុយក្រែន ដែលកំពុងតែលាក់ខ្លួន នៅក្នុងរោងចក្រគីមីអាហ្សូត ត្រូវតែទម្លាក់អាវុធចុះ។ ដោយឡែក អ៊ុយក្រែន បានអះអាងថា ជនស៊ីវិល ជាង៥០០នាក់ រួមទាំងកុមារ ៤០នាក់ កំពុងតែបន្ដស្នាក់នៅជាមួយទាហាន នៅខាងក្នុងរោងចក្រគីមីអាហ្សូវត (Azot) ដដែល។

ក្រុងមូស្គូ បានអះអាងថា រុស្ស៊ីបានបើកច្រករបៀងមនុស្សធម៌ ពីរោងចក្រ Azot ដើម្បីអនុញ្ញាតឱ្យជនស៊ីវិល រត់គេចខ្លួនទៅកាន់ទឹកដី ដែលគ្រប់គ្រងដោយរុស្ស៊ី។ ក្រុងមូស្គូ បានចោទប្រកាន់ដល់កម្លាំងការពារទឹកដីរបស់អ៊ុយក្រែន ពីបទបង្អាក់ផែនការនេះ ហើយប្រើប្រាស់ជនស៊ីវិលជាខែលការពារពួកគេ ខណៈក្រុងគៀវ (Kyiv) បានច្រានចោល៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×