Sunday, September 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េ គ្រោងនឹងផ្តល់ហិរញ្ញប្បទានប្រមាណ ១,៥ ពាន់លានដុល្លារ ដល់កម្ពុជា លើគម្រោងអភិវឌ្ឍន៍វិស័យសំខាន់ៗមួយចំនួន

ភ្នំពេញ៖ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ គ្រោងនឹងផ្តល់ហិរញ្ញប្បទាន ប្រមាណ ១,៥ ពាន់លានដុល្លារ សម្រាប់ឆ្នាំ ២០២២-២០២៦ ដែល​មានរយៈពេល៥ឆ្នាំ ដល់ប្រទេសកម្ពុជា សម្រាប់អភិវឌ្ឍន៍គម្រោងវិស័យសំខាន់ៗមួយចំនួន ដូចជា គម្រោងអភិវឌ្ឍ ធារាសាស្ត្រ ថាមពល ទឹកស្អាត និងអនាម័យ សុខាភិបាល និង ទូរគមនា​គមន៍ជាដើម។ ហើយបើគិតចាប់ពីឆ្នាំ ១៩៩៧ ដល់ឆ្នាំ ២០២២ មានរយៈពេល ២៥ឆ្នាំហើយ ដែលកូរ៉េ បានផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ (ODA) ទឹកប្រាក់សរុបប្រមាណជាង ១,៧ ប៊ីលានដុល្លារអាមេរិក ក្នុងនោះឥណទានសម្បទាន មានទឹកប្រាក់ប្រមាណ ១,៣ ប៊ីលានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងមានទឹកប្រមាណជាង ៤៥៥ លានដុល្លារអាមេរិក។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកោតសរសើរ ចំពោះលទ្ធផលជាផ្លែផ្កាយ៉ាងត្រចះត្រចង់ ក្នុងស្មារតីនៃកិច្ចប្រជុំពិគ្រោះយោបល់កម្រិតគោលនយោបាយលើកទី ៤ រវាងរដ្ឋាភិបាលទាំងពីរ ដែលសម្រេចបានលើបេក្ខភាពគម្រោងអភិវឌ្ឍន៍ទៅតាមវិស័យអាទិភាព ទាំងក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការហិរញ្ញប្បទាន កិច្ចសម្របសម្រួលឆ្នាំ ២០២២-២០២៦ ដែលមានទំហំទឹកប្រាក់ឥណទានសម្បទានប្រមាណ ១,៥ ប៊ីលានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងសម្រាប់ផែនការ ២០២២-២០២៤ ដែលមានទំហំទឹកប្រាក់ប្រមាណជាង ៥០លានដុល្លារអាមេរិក សម្រាប់ហិរញ្ញប្បទានដល់គម្រោងអភិវឌ្ឍន៍នានា ដូចជា ផ្លូវជាតិ និងផ្លូវជនបទ ធារាសាស្ត្រ ថាមពល ទឹកស្អាត និងអនាម័យ សុខាភិបាល និងវិស័យទូរគមនាគមន៍ ដែលជាគម្រោងក្នុងវិស័យអាទិភាពចំបងរបស់រាជរដ្ឋាភិបាលកម្ពុជា។

ភាគីទាំងពីរ ក៏បានសម្រេចនូវសមិទ្ធផលមួយទៀតផងដែរ លើការចុះហត្ថលេខាកិច្ចព្រមព្រៀង ឥណទានសម្បទាន សម្រាប់គម្រោងកែលម្អបណ្តាញតភ្ជាប់ជនបទដោយចីរភាព ដែលមានទឹកប្រាក់ឥណទានសម្បទានចំនួន ៦០លានដុល្លារអាមេរិក។

ការដាក់ចេញនូវគោលនយោបាយនៃការផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការពីសាធារណរដ្ឋកូរ៉េ គឺផ្អែកតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា (NSDP) យុទ្ធសាស្ត្រភាពជាដៃគូ យុទ្ធសាស្រ្តនៃការគ្រប់គ្រងបំណុល ស្របតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី ៤ ក៏ដូចជា អនុលោមទៅនឹងយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ឆ្នាំ ២០២១-២០២៣៕

spot_img
×