កាលពីថ្ងៃអង្គារ រដ្ឋបាលឃុំកោះ Mak Tambon បានដឹកនាំក្រុមការងារទៅកាន់កោះ Khai Hua Roh ដើម្បីសង្កេតមើលដើមឈើឯកោបំផុតក្នុងប្រទេស។ ពួកគេបានដឹងថា រូបថតដើមឈើទោលដែលបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បាននឹងកំពុងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនឡើង ទៅកាន់កោះនេះ ប៉ុន្តែពួកគេមិនបានដឹងថា ការខូចខាតបាននិងកំពុងកើតឡើងចំពោះដើមឈើនេះទេ។
យោងតាមកាសែត The Nation ទាំងកូនកោះ និងដើមឈើ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ពីសំណាក់ភ្ញៀវទេសចរ។ មែកឈើតូចៗជាច្រើនត្រូវបានគេរកឃើញថាបានបាក់ ឫសដែលលាតត្រដាងរបស់ដើមឈើ បានរហើបគួរឲ្យកត់សម្គាល់ ហើយដើមរបស់វាក៏ហាក់ដូចជាផ្អៀងជាងកាលពីប៉ុន្មានឆ្នាំមុន។
កូនកោះ Koh Khai Hua Roh មានទំហំតូចណាស់ ដែលអាចផ្ទុកមនុស្សបានត្រឹមតែ ៥ នាក់ប៉ុណ្ណោះ ក្នុងមួយលើក ប៉ុន្តែអាជ្ញាធរមូលដ្ឋានទទួលស្គាល់ថា ពេលខ្លះអ្នកទេសចរដែលញៀន selfie នាំគ្នាទៅទីនោះច្រើនជាងមុន ដោយអ្នកខ្លះថែមទាំងឡើងដើមឈើដ៏ផុយស្រួយនេះទៀតផង។
រដ្ឋបាលឃុំកោះ Mak Tambon គ្រោងនឹងចាប់ផ្តើមយុទ្ធនាការអប់រំមួយដោយសង្ឃឹមថានឹងបង្រៀនប្រជាជនឱ្យចេះអភិរក្សទីតាំងសំខាន់ៗដូចជាដើមឈើឯកោបំផុតរបស់ប្រទេសថៃ។ គេក៏មានគម្រោងចាត់វិធានការយ៉ាងខ្លាំងផងដែរ ដូចជាការរឹតបន្តឹងចំនួនអ្នកទេសចរដែលត្រូវបានអនុញ្ញាតឱ្យទៅទស្សនាកូនកោះ និងធ្វើឱ្យកូនកោះនេះអាចចូលបានតែក្នុងរដូវជាក់លាក់ប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


