Sunday, January 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតីបារាំង ជំរុញឲ្យក្រុមហ៊ុនផលិតគ្រឿងសឹក ផលិតឲ្យលឿនជួយដល់អ៊ុយក្រែន

រដ្ឋធានីគៀវ៖ មេដឹកនាំបារាំង អាល្លឺម៉ង់ អ៊ីតាលី និង រូម៉ានី កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា បានធ្វើដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រ ទៅកាន់ទីក្រុងគៀវ (Kyiv) ដើម្បីជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodomyr Zelensky) និងបានប្រកាសពីការគាំទ្ររបស់ពួកគាត់ សម្រាប់ការផ្តល់ឋានៈជាបេក្ខជនសហភាពអឺរ៉ុបជាបន្ទាន់ដល់អ៊ុយក្រែន ហើយប្រធានាធិបតី ម៉ាក្រុង ក៏បានសន្យាផ្គត់ផ្គង់កាំភ្លើងផ្លោង បាញ់ចម្ងាយឆ្ងាយបន្ថែមទៀត ជួយដល់កងទ័ពអ៊ុយក្រែន។

សារព័ត៌មាន France 24 បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី១៧ ខែមិថុនា ឆ្នាំ២០២២ ថា លោក អែមម៉ាញ៉ែល ម៉ាក្រុង (Emmanuel Macron) បានបញ្ជាក់ នៅក្នុងបទសម្ភាសន៍ថា ប្រទេសរុស្ស៊ីកំពុងតែព្យាយាមធ្វើឱ្យសេដ្ឋកិច្ចអឺរ៉ុប មានអស្ថិរភាព ដោយកាត់បន្ថយការចែកចាយប្រេង និង ឧស្ម័នរបស់ខ្លួនយ៉ាងខ្លាំង ដែលនាំឱ្យតម្លៃថាមពលកើនឡើង និង តាមរយៈការទប់ស្កាត់ការនាំចេញគ្រាប់ធញ្ញជាតិ នាំចេញពីកំពង់ផែរបស់អ៊ុយក្រែន។ ឥឡូវនេះសកម្មភាពបែបនេះ កំពុងតែគំរាមកំហែងដល់សន្ដិសុខស្បៀងអាហាររបស់ពិភពលោក។ ប៉ុន្ដែ ដើម្បីដោះស្រាយបញ្ហានេះ បារាំងក៏កំពុងតែធ្វើការជាមួយរ៉ូម៉ានី ដើម្បីបង្កើតមជ្ឈមណ្ឌលដឹកជញ្ជូនជំនួស ក្នុងប្រទេសនេះ។

ដោយឡែក ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា បើតាមទីប្រភពជិតស្និទ្ធនឹងក្រសួងការពារជាតិបារាំង បានអះអាងថា លោក អែមម៉ាញ៉ែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង បានស្នើដល់ក្រុមហ៊ុនផលិតគ្រឿងសព្វាវុធរបស់ខ្លួន ឈ្មោះ ណែក្សទ័រ (Nexter) ត្រូវបង្កើននូវការផលិតកាំភ្លើងផ្លោងហូវីតហ្ស៊ើរ (Howitzer) ប្រភេទសេសារ (Caesar) ឲ្យបានច្រើន និងលឿនបំផុត ព្រោះគាត់បានសន្យា បញ្ជូនគ្រឿងសព្វាវុធប្រភេទនេះ ចំនួន៦គ្រឿងបន្ថែមទៀត ទៅជួយដល់កងទ័ពអ៊ុយក្រែន។

ប្រភពព័ត៌មានដដែល បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ប្រធានាធិបតីបារាំង នៅមុនដំណើរទស្សនកិច្ចរបស់គាត់ ទៅកាន់ទីក្រុងគៀវ កាលពីថ្ងៃព្រហស្បតិ៍ នោះ បានជំរុញដល់ក្រុមហ៊ុន Nexter ឲ្យត្រួតពិនិត្យឡើងវិញនូវក្រុមហ៊ុនរបស់ខ្លួន សម្រាប់ការអាចធ្វើការ នៅក្នុងរបៀប «សម័យសង្គ្រាម» ដើម្បីផលិតកាំភ្លើងផ្លោង Caesars ឲ្យបានច្រើន ហើយលឿនជាងមុន សម្រាប់កងទ័ពបារាំង។

ជាមួយគ្នានេះដែរ ប្រធានាធិបតីបារាំង បានសន្យាបញ្ជូនកាំភ្លើងផ្លោង Caesar ចំនួន៦គ្រឿងបន្ថែមទៀត ទៅកាន់ប្រទេសអ៊ុយក្រែន ដោយបន្ថែមពីលើចំនួនកាំភ្លើងផ្លោង ដែលបានផ្ដល់ឲ្យ កាលពីពេលមុនចំនួន១២គ្រឿងរួចមកហើយ។ ដោយឡែក កងទ័ពបារាំង ក៏មានប្រព័ន្ធកាំភ្លើងផ្លោងប្រភេទនេះ យ៉ាងតិច៨០គ្រឿង៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×