រាជធានីឡុងដ៍៖ នៅក្នុងសង្គ្រាម អូសបន្លាយអស់រយៈពេលជាង៣ខែកន្លងមកនេះ បាន និង កំពុងតែធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងប្រទេសអ៊ុយក្រែន រងនូវការបំផ្លិចបំផ្លាញយ៉ាងដំណំ ហើយចក្រភពអង់គ្លេស នៅថ្ងៃទី១៧ ខែមិថុនា នឹងទទួលស្វាគមន៍ដល់តំណាងនានា មកពីប្រទេសអ៊ុយក្រែន និង មេដឹកនាំពាណិជ្ជកម្ម ដើម្បីពិភាក្សា អំពីការជួយស្ថាបនាឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅក្នុងទីក្រុងគៀវ។
សារព័ត៌មាន Republic World បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ថា ចក្រភពអង់គ្លេស នឹងធ្វើជាម្ចាស់ផ្ទះ ទទួលស្វាគមន៍ដល់តំណាងនានា និង មេដឹកនាំធុរកិច្ច មកពីអ៊ុយក្រែន ដើម្បីពិភាក្សា អំពីរបៀប ដែលក្រុមហ៊ុនអង់គ្លេស អាចជួយកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅក្នុងទីក្រុងគៀវឡើងវិញ។ សង្គ្រាម រយៈពេល១១៤ថ្ងៃកន្លងមកនេះ បានបំផ្លាញបេតិកភណ្ឌ ជាង២០០កន្លែង និង ហេដ្ឋារចនាសម្ព័ន្ធទីក្រុងជាច្រើន ហើយសម្លាប់ជនស៊ីវិលយ៉ាងច្រើន។

លោកស្រី អែនណេ-ម៉ារៀ ត្រែវ៉ែលយ៉េន (Anne-Marie Trevelyan) រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មចក្រភពអង់គ្លេស នឹងស្វែងរកនូវការលើកកម្ពស់ដល់កិច្ចសហការ រវាងក្រុមហ៊ុនរបស់អង់គ្លេស នៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពល និង ដឹកជញ្ជូន ហើយអង្គការសាធារណៈ និងឯកជនរបស់អ៊ុយក្រែន ដើម្បីជួយជួសជុលនូវហេដ្ឋារចនាសម្ព័ន្ធ ដែលរងនូវការខូចខាត និង បំផ្លិចបំផ្លាញ។
លោកស្រី រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មចក្រភពអង់គ្លេស ក៏នឹងប្រកាស អំពីការផ្លាស់ប្តូរ ចំពោះវិធានការដោះស្រាយពាណិជ្ជកម្ម រួមទាំង ការផ្លាស់ប្តូរទីផ្សារ ដែលមានហ៊ុមព័ទ្ធដល់ការនាំចូលដែកថែប មកពីប្រទេសរុស្ស៊ី និង បេឡារុស នាំចូលទៅកាន់ប្រទេសផ្សេងៗទៀត រួមទាំងអ៊ុយក្រែន ផងដែរ។

ចក្រភពអង់គ្លេស ជាអ្នកគាំទ្រយ៉ាងខ្លាំងក្លា ដល់ប្រទេសអ៊ុយក្រែន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី កាលពីថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២២ ដោយបានបញ្ជូនអាវុធ និង ដាក់កញ្ចប់ទណ្ឌកម្មជាបន្ដបន្ទាប់ ប្រឆាំងនឹងក្រុងម៉ូស្គូ។
ជំនួយដែលបានផ្តល់ នៅថ្ងៃសុក្រ ទី១៧ ខែមិថុនា នេះ នឹងក្លាយជាផ្នែកមួយ នៃការប្តេជ្ញាចិត្តរបស់ចក្រភពអង់គ្លេស នៅក្នុងការផ្តល់នូវកញ្ចប់ជំនួយផ្នែកសេដ្ឋកិច្ច មនុស្សធម៌ និង យោធាមានតម្លៃសរុប ប្រហែល៣ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ជាមួយគ្នានេះដែរ សហភាពអឺរ៉ុប ក៏បានស្នើសុំឲ្យមានការគាំទ្រដល់អ៊ុយក្រែន ដើម្បីជួយកសាងប្រទេសនេះឡើងវិញ ក្រោយការបញ្ចប់សង្រ្គាមជាមួយនឹងរុស្ស៊ី៕ រក្សាសិទ្ធិដោយ ៖ សារាយSN











