រដ្ឋធានីញូវដេលី៖ បច្ចុប្បន្ន ប្រទេសឥណ្ឌា កំពុងតែបង្កើតកម្មវិធី មានទំហំទឹកប្រាក់ ៣០ពាន់លានដុល្លារសហរដ្ឋអាមេរិក ដោយមានគោលបំណង ចង់ក្លាយជាមជ្ឈមណ្ឌលស៊ីមីខន់ដាក់ទ័រ (Semiconductor) របស់ពិភពលោក នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ហើយប្រទេសអាស៊ីខាងត្បូងមួយនេះ នឹងស្រូបយកលុយរាប់ពាន់លានដុល្លារសហរដ្ឋអាមេរិក ចូលទៅក្នុងវិស័យបច្ចេកវិទ្យារបស់ខ្លួន ដើម្បីទទួលបានឯករាជភាព ទៅលើបន្ទះឈីប ដូច្នេះឥណ្ឌានឹងមិន«ជាប់ជាចំណាប់ខ្មាំង» ពីក្រុមហ៊ុនផ្គត់ផ្គង់របស់ពិភពលោកនោះឡើយ។

សារព័ត៌មាន Siasat បានចេញផ្សាយ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ថា អ្នកទូតជាន់ខ្ពស់ឥណ្ឌា បានប្រាប់ដល់សារព័ត៌មានជប៉ុន Nikkei Asia នៅក្នុងបទសម្ភាសន៍មួយថា រដ្ឋាភិបាលក្រុងញូវដេលី នឹងចំណាយប្រាក់ ចំនួន៣០ពាន់លានដុល្លារសហរដ្ឋអាមេរិក សម្រាប់រៀបចំរចនាសម្ព័ន្ធឧស្សាហកម្ម IT របស់ខ្លួនឡើងវិញ និង បង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ Semiconductor (ជាផលិតផលសម្ភារធម្មតា រួមមានស៊ីលីកុន នាំចរន្តអគ្គិសនីច្រើនជាងអ៊ីសូឡង់ ដូចជា កញ្ចក់ ប៉ុន្តែតិចជាងចំហាយទឹកសុទ្ធ ដូចជាទង់ដែង ឬអាលុយមីញ៉ូម) ដើម្បីធានាថា ឥណ្ឌាមិនត្រូវបាន «ចាត់ទុកជាចំណាប់ខ្មាំង» ពីក្រុមហ៊ុនផ្តល់សេវារបស់បរទេស។
បើតាមលោក ហ្គោរ៉េនហ្គាឡាល់ ដាស (Gourangalal Das) អគ្គនាយក សមាគមឥណ្ឌា-តៃប៉ិ នៃស្ថានទូតរបស់ប្រទេសអាស៊ីខាងត្បូង ប្រចាំទីក្រុងតៃប៉ិ បានឲ្យដឹងថា ការផ្តួចផ្តើមគំនិតវិនិយោគនេះ មានគោលបំណងជំរុញដល់ការផលិត Semiconductors នៅក្នុងស្រុក អេក្រង់ សារធាតុគីមីទំនើប បណ្តាញ និងឧបករណ៍ទូរគមនាគមន៍ផ្សេងៗទៀត ក៏ដូចជា ថ្ម និង គ្រឿងអេឡិចត្រូនិក…ជាដើម។

លោកអគ្គនាយកសមាគមឥណ្ឌា-តៃប៉ិ ត្រូវបានដកស្រង់សម្ដី នៅក្នុងសេចក្ដីរាយការណ៍នោះថា «វានឹងមានការកើនឡើង នៃតម្រូវការ សម្រាប់ឧបករណ៍ Semiconductor។ រីឯតម្រូវការបន្ទះឈីបរបស់ប្រទេសឥណ្ឌា ក៏កំពុងកើនឡើង នៅក្នុងអត្រាមួយ ប្រហែលទ្វេដង បើធៀបនឹងប្រទេសផ្សេងៗទៀត នៅពិភពលោក។ នៅឆ្នាំ ២០៣០ខាងមុខ តម្រូវការ Semiconductor របស់ឥណ្ឌា នឹងកើនឡើង រហូតដល់ ១១០ពាន់លានដុល្លារ។ ដូច្នេះនៅពេលនោះ តម្រូវការនឹងកើនលើស ពី១០ភាគរយ នៃតម្រូវការរបស់ពិភពលោក»។
បើតាមលោកអគ្គនាយកសមាគមឥណ្ឌា-តៃប៉ិ បានឲ្យដឹងទៀតថា ក្រៅពីតម្រូវការទីផ្សារក្នុងស្រុកដ៏ធំទូលាយនោះ ប្រទេសឥណ្ឌា មានវិស្វករដ៏ចម្រើនសម្បើមខ្លាំងណាស់ ហើយនឹងអាចជួយប្រទេសនេះ ទាក់ទាញដល់ក្រុមវិនិយោគិនអន្តរជាតិ និង ធ្វើឱ្យឧស្សាហកម្មអេឡិចត្រូនិក នៅក្នុងស្រុក ឲ្យមានភាពរស់រវើកឡើងវិញ ថែមទៀតផង។
លោកអគ្គនាយកសមាគមឥណ្ឌា-តៃប៉ិ បានបន្ថែមថា គោលដៅសំខាន់ នៃកម្មវិធី មានទំហំទឹកប្រាក់ ៣០ពាន់លានដុល្លារសហរដ្ឋអាមេរិករបស់ប្រទេសឥណ្ឌា គឺដើម្បីអភិវឌ្ឍប្រព័ន្ធអេកូ (Ecosystem) សង្វាក់ផ្គត់ផ្គង់ពេញលេញ។ គ្រឿងបរិក្ខារបន្ទះឈីប ចំនួនពីរ និង រោងចក្រផលិតអេក្រង់ចំនួនពីរ នឹងត្រូវចំណាយ សរុប១០ពាន់លានដុល្លារ។ ដោយឡែក ការចំណាយជិត ៧ពាន់លានដុល្លារ នឹងផ្ដោតទៅឧស្សាហកម្មអេឡិចត្រូនិក ដោយរាប់បញ្ចូលទាំង ក្រុមហ៊ុនផលិត ដូចជា Foxconn និង Pegatron ជាដើម។ សម្រាប់ទឹកប្រាក់ ចំនួន១៣ពាន់លានដុល្លារដែលនៅសល់ នឹងផ្ដោតឆ្ពោះទៅលើ«សេវាកម្មពាក់ព័ន្ធ ដូចជា ទូរគមនាគមន៍ បណ្តាញ សូឡា គីមីវិទ្យាទំនើប និង ថ្ម…ជាដើម»៕ រក្សាសិទ្ធិដោយ ៖ សារាយSN



