យោងតាមប្រភពព័ត៌មានបឋម កាលពីថ្ងៃទី១៧ ខែមិថុនា ម្សិលមិញ បានឲ្យដឹងថា មានករណីបាក់ស្ពានខ្សូស ហើយដាច់ខ្សែភ្លើង ធ្លាក់នារីម្នាក់ក្នុងទឹក ស្រាប់តែបុរសម្នាក់ជាកូនម្ចាស់ខ្សូស ហក់ទៅជួយឆក់បាត់ខ្លួនទាំង២។ ហេតុការណ៍នេះ បានកើតឡើងនៅទីតាំងខ្សូសលំហែលមួយកន្លែង នៅអាងស្តុបទឹកអូរខៃដន ក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត នៅវេលាម៉ោង ១៖៣០នាទី រសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២។
ប៉ុន្តែ សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះគឺជាបុរសទាំងពីរនាក់ ជនរងគ្រោះទី១-ឈ្មោះ ឡេះ ស៊ីណាន អាយុ ២៤ ឆ្នាំ មុខរបរធ្វើការស៊ីណូ រស់នៅភូមិក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងជនរងគ្រោះទី២- ឈ្មោះ សែម លឹមហៀង ហៅ ពេជ្រ អាយុប្រហែល ២០ ឆ្នាំ ម្ចាស់ខ្សូសអ្នកជួយ។
មិត្តភក្តិជនរងគ្រោះបានរៀបរាប់ថា មុនពេលកើតហេតុ ពួកគេមានគ្នា(ប្រុស-ស្រី)៧ទៅ៨នាក់ ជាមិត្តភក្តិធ្វើការកាស៊ីណូជាមួយ បាននាំគ្នាញ៉ាំកម្សាន្តនៅកន្លែងទីតាំងខាងលើ។ បន្ទាប់មកទៀត ជនរងគ្រោះបានសុំទៅក្រៅបាត់ប្រហែលកន្លះម៉ោង ពេលមកវិញ ទើបបបួលគ្នីគ្នា ចុះលេងទឹក តែក្រុមមិត្តភក្តិថា មិនទាន់ចង់លេងទេ ជនរងគ្រោះក៏តោងបង្កាន់ដៃស្ពាន ប៉ុន្តែ ក៏ស្រាប់តែបាក់ស្រុតស្ពានក្នុងទឹក ក៏ត្រូវខ្សែភ្លើងឆក់ លង់ធ្លាក់ទៅក្នុងទឹកភ្លាមៗ។
បន្ទាប់ឃើញគេនាំគ្នាស្រែកឆោឡើង ជួយផងៗ មនុស្សលង់ទឹកហើយ ស្រាប់តែបុរសម្នាក់ជាកូនម្ចាស់ខ្សូស បានលោតចុះទៅជួយ ក៏ស្រាប់តែប្រកាច់ដូចឆក់ខ្សែភ្លើងឆក់ លង់លិចបាត់ទៅតាមក្រោយតែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចចម្រុះ មានកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងយោធា ជាច្រើននាក់ បានចុះមុជទឹករាវរក ប៉ុន្តែ មិនអាចរកឃើញនោះទេ។ តែទោះយ៉ាងណា ដោយសារបានកម្លាំងមុជទឹកស្ម័គ្រចិត្តរបស់ថៃ មកជួយរាវរក ទើបអាចរកឃើញសាកសពអ្នកទាំងពីរ នៅវេលាម៉ោង ១១ និង៣០ នាទី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២៕ រក្សាសិិទ្ធិដោយ៖ លឹម ហុង









