ឥណ្ឌា ៖ ភ្លៀងធ្លាក់ខ្លាំងជាច្រើនសប្តាហ៍ បានបណ្តាលឱ្យទឹកទន្លេដ៏ធំបំផុតមួយរបស់អាស៊ីហូរហៀរពៀបពេញ ចេញច្រាលទៅកាន់ភូមិឋាននានា នៅរដ្ឋ Assam ភាគឦសានប្រទេសឥណ្ឌា បង្កជាគ្រោះទឹកជំនន់ដ៏ធំ រអិលបាក់ដី ឆក់យកជីវិតមនុស្ស ៨នាក់បន្ថែមទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់កើនដល់ ៦២នាក់ហើយ គិតត្រឹមថ្ងៃអាទិត្យ ទី១៩ ខែមិថុនា ឆ្នាំ២០២២នេះ។
បើតាមការចេញផ្សាយរបស់សារព័ត៌មាន AP បានឲ្យដឹងថា ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋ Assam បានបង្ហាញរបាយការណ៍ថា ស្រុកចំនួន ៣២ នៃស្រុកសរុបចំនួន ៣៥ របស់រដ្ឋ Assam ត្រូវបានជន់លិច ខណៈដែលទន្លេ ប្រាម៉ាពូត្រា (Brahmaputra) បានហៀរចេញពីមាត់ច្រាំងរបស់ខ្លួនទៅកាន់ភូមឋាននានា ហើយបង្ខំឲ្យអាជ្ញាធរជម្លៀសប្រជាជនជាង ៣លាននាក់ ទៅកាន់កន្លែងសុវត្ថិភាព។

ពេលជួបអាសន្នបែបនេះ កងទ័ពឥណ្ឌាត្រូវបានគេហៅឱ្យមក ជួយសង្គ្រោះ ហើយកងទ័ព អាកាសកំពុងត្រៀមជួយសង្គ្រោះផងដែរ។ មួយរយៈនេះ ការប្រែប្រួលអាកាសធាតុ រលកកម្ដៅ និងសំណើម បានប្រែប្រួលលើសពីអ្វីដែលធ្លាប់មាននាឆ្នាំកន្លងមក ដូចជា នៅតំបន់អឺរ៉ុប បានឡើងកម្ដៅប្រទេសខ្លះ ៤០អង្សាសេទៅដល់ ៤៣អង្សាសេឯណោះ, ហើយនៅប្រទេសឥណ្ឌា បែរជាជួបគ្រោះព្យុះភ្លៀងទៅវិញ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN












