កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ សារព័ត៌មានប៉ុស្តិ៍លេខ៣ របស់ថៃ បានរាយការណ៍ថា នៅវេលាម៉ោង១រំលងអាធ្រាត្រ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ ស្ត្រី២នាក់បានលបចូលផ្ទះមួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រឃុំបាងបូ ស្រុកបាងបូ ខេត្តសាមុតប្រាកាន ដោយបានលួចយកខោអាវម៉ាកល្បីៗ សរុបតម្លៃប្រហែល ៥០ ម៉ឺនបាត (ស្មើនឹងជាង ១ម៉ឺន៤ពាន់ដុល្លារអាមេរិក) និងថែមទាំង «បត់ដៃបត់ជើង» ដាក់មុខផ្ទះ មុនពេលឡើងរថយន្តតាក់ស៊ី ជិះចាកចេញ។
លោក Wuttichai អាយុ ៤១ ឆ្នាំ ជាបងប្រុសរបស់ម្ចាស់ផ្ទះ បាននិយាយថា ស្រ្តីម្នាក់ក្នុងចំណោមស្ត្រីដែលជាប់ពាក់ព័ន្ធក្នុងការករណីលួចនេះ មាន Ariya អាយុ ២៧ ឆ្នាំ ជាអតីតមិត្តស្រីរបស់លោក Phuwadet អាយុ ៤៣ ឆ្នាំ មានមុខរបរលក់ផលិតផលសម្លៀកបំពាក់ម៉ាកល្បីៗ។ លោក Wuttichai បានឲ្យដឹងថា កាលពី២ខែមុន គូស្នេហ៍នេះបានបែកគ្នា ដោយសារនាង Ariya ជាមនុស្សស្រីមានចិត្តអាក្រក់ តែងបោកបញ្ឆោត ដោយធ្លាប់ឈ្លោះជាមួយបងប្រុសរបស់ខ្លួន រហូតរុញច្រានបណ្តាលឲ្យដួលបាក់ជើង ត្រូវសម្រាកព្យាបាលមួយឆ្នាំ។ លោក Wuttichai បញ្ជាក់ថា មូលហេតុដែលពួកគេរស់នៅមុនចុះសម្រុងគ្នា គឺដោយសារស្រ្តីរូបនេះតែងតែឧស្សាហ៍ខ្ចីលុយអ្នកជិតខាងរហូតដល់បងប្រុសរបស់ខ្លួនខ្មាសគេ។
លោក Wuttichai បានបន្តឲ្យដឹងថា បន្ទាប់មកនៅខែមករា ឆ្នាំ២០២១ នាង Ariya បានបោកបញ្ឆោតបងប្រុសខ្លួនថា នាងមានផ្ទៃពោះ ប៉ុន្តែ តាមពិតគឺគ្មាននោះទេ។ ដោយសារតែស្ត្រីរូបនេះមិនព្រមចេញពីផ្ទះ បងប្រុសរបស់គាត់ក៏បានរាយការណ៍ប្រាប់ប៉ូលិសនៅប៉ុស្តិ៍នគរបាលបាងបូ ដើម្បីជួយអន្តរាគមន៍រហូតស្រ្តីរូបនេះយល់ព្រមរើចេញពីផ្ទះប្រហែល២ខែមកហើយ។
ប៉ុន្តែ រហូតមកដល់វេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ ខែមិថុនា ស្រាប់តែនាង Ariya និងនារីម្នាក់ទៀតឈ្មោះ Worausa អាយុ ២០ ឆ្នាំ បានលបលួចចូលមកក្នុងថ្ងៃដែលលោក Phuwadet មិននៅផ្ទះ។ ម្នាក់ក្នុងចំណោមស្រ្តីទាំងពីរ បានបត់ដៃបត់ជើងក្បែរដើមឈើរមុខផ្ទះ មុនពេលវាយបំបែកទ្វារចូលក្នុងលួចយកទ្រព្យសម្បត្តិម៉ាកល្បីៗជាង២៤ប្រភេទដូចជា ស្បែកជើង ខោអាវ កាបូប ទឹកអប់ និងនាឡិកា គិតជាទឹកប្រាក់ខូចខាតសរុបប្រមាណ៥០ម៉ឺនបាត។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានរាយការណ៍ទៅនគរបាលប៉ុស្តិ៍បាងបូ ។ តែទោះយ៉ាងណា ស្ត្រីទាំងពីរមិនត្រូវបានចាប់ខ្លួននោះទេ។ ហេតុនេះ ដោយសារតែមានការព្រួយបារម្ភខ្លាចនាង Ariya នាំបក្ខពួកមកធ្វើរឿងដ៏មិននឹកស្មានដល់នេះម្ដងទៀត គ្រួសារជនរងគ្រោះ ក៏សូមអំពាវនាវឱ្យប៉ូលីសចាត់វិធានការទៅចោរស្រីទាំងពីរជាបន្ទាន់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





