Friday, July 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភោជនីយដ្ឋានបណ្ដែតទឹក តម្លៃ១០០លានដុល្លារ លិចជម្រៅ១ពាន់ម៉ែត្រ នៅកណ្ដាលសមុទ្រ

រដ្ឋធានីប៉េកាំង៖ ភោជនីយដ្ឋានបណ្ដែតទឹកដ៏ធំមួយរបស់ហុងកុង ប្រទេសចិន បានចំណាយទឹកប្រាក់ អស់ប្រហែល១០០លានដុល្លារហុងកុង ឬស្មើនឹងជាង១២,៧លានដុល្លារសហរដ្ឋអាមេរិក បានលិច នៅកណ្ដាលសមុទ្រចិនខាងត្បូង ។

សារព័ត៌មាន New Straits Times បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០២២ ថា ក្រុមហ៊ុនមេរបស់ភោជនីយដ្ឋានបណ្ដែតទឹកហុងកុង បានបញ្ជាក់ កាលពីថ្ងៃចន្ទ ថា ភោជនីយដ្ឋានយក្សហុងកុងអណ្តែតទឹក បានលិច នៅក្នុងសមុទ្រចិនខាងត្បូង អស់រយៈពេលជិតមួយសប្តាហ៍កន្លងមកហើយ បន្ទាប់ពីភោជនីយដ្ឋាននេះ បានចាកចេញពីទីក្រុងហុងកុង។

សហគ្រាសភោជនីយដ្ឋានអេប៊ឺរឌីន (Aberdeen Restaurant Enterprises Ltd) បានបញ្ជាក់ថា ភោជនីយដ្ឋានបណ្ដែតទឹកចាមបូ (Jumbo Floating Restaurant) បានជួបប្រទះ«ស្ថានភាពដ៏អាក្រក់» ខណៈវាកំពុងឆ្លងកាត់កោះស៊ីសា (Xisha) ដែលគេស្គាល់ថា ជាកោះប៉ារ៉ាសែល (Paracel)។ បើតាមសេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងថា ទឹកបានហូរចូល ទៅក្នុងនាវាសម្រាប់ប្រើប្រាស់ធ្វើជាភោជនីយដ្ឋានបណ្ដែតទឹក ដែលមានប្រវែង២៦០ហ្វីត ឬស្មើនឹងប្រហែលជិត៨០ម៉ែត្រ ហើយវាបានចាប់ផ្តើមលិច ទៅក្នុងសមុទ្រចិនខាងត្បូង កាលពីថ្ងៃសៅរ៍ ទី១៨ ខែមិថុនា។

ក្រុមហ៊ុន បានបញ្ជាក់ទៀត ថា នៅក្នុងហេតុការណ៍ មិនបានអ្នកណាម្នាក់ រងគ្រោះថ្នាក់នោះឡើយ។ ប៉ុន្ដែកិច្ចការសង្គ្រោះនាវាប្រើប្រាស់សម្រាប់ជាភោជនីយដ្ឋាននេះ ពិតមានការលំបាកខ្លាំងណាស់ ព្រោះទឹកមានជម្រៅ រហូតដល់ជាង១ពាន់ម៉ែត្រ។ ក្រុមហ៊ុនមានការសោកស្ដាយខ្លាំងណាស់ ចំពោះការជួបប្រទះនឹងឧបទ្ទវហេតុដ៏អាក្រក់បែបនេះ ហើយជម្រៅទឹកជ្រៅខ្លាំងណាស់ គឺពិបាកស្រង់នាវានេះឡើងវិញខ្លាំងណាស់។

សេចក្តីថ្លែងការណ៍នោះ បានសរសេរថា៖ «ឥឡូវនេះ ក្រុមហ៊ុនកំពុងតែទទួលបានព័ត៌មានលម្អិតបន្ថែម ជុំវិញគ្រោះថ្នាក់ ពីក្រុមហ៊ុនសណ្តោងភោជនីយដ្ឋានបណ្ដែតទឹកនេះ។ ដោយសារឥទ្ធិពល នៃស្ថានភាពបច្ចុប្បន្ន Jumbo Kingdom នឹងផ្អាកសេវាកម្មរបស់ខ្លួន ហើយត្រូវបានបង្ហោះ នៅលើគេហទំព័រ Aberdeen Restaurant Enterprises Ltd. កាលពីថ្ងៃចន្ទ ទី២០ ខែមិថុនា។

យោងតាមគេហទំព័ររបស់ក្រុមហ៊ុន បានឲ្យដឹងថា អាណាចក្រចាមបូ (Jumbo Kingdom) ជាការរួមបញ្ចូលគ្នាតែមួយគត់ នៃទេសភាពទីក្រុងហុងកុង ជាកន្លែងទាក់ទាញទេសចរណ៍ដ៏ល្បីល្បាញ និង កន្លែងទទួលទានអាហារឆ្ងាញ់ៗ។ បើតាមក្រុមហ៊ុនបានឱ្យដឹងទៀតថា កន្លែងទាក់ទាញភ្ញៀវទេសចរដ៏ពេញនិយម បានស្វាគមន៍ដល់តារាល្បីៗ និង អ្នកនយោបាយជាច្រើន រួមទាំង លោក ថម គ្រូស (Tom Cruise) ជាកំពូលតារា, ម្ចាស់ក្សត្រិយានី អេលីហ្សាបែត ទី២ ( Elizabeth II) និង ភ្ញៀវជាង៣០លាននាក់ផ្សេងទៀត៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×