ភ្នំពេញ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី (ធនាគារ អេស៊ីលីដា) “ប្រជាធនាគារ ដែលលោកអ្នកជឿទុកចិត្ត” បានប្រកាសជាសាធារណៈនៅនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ថា ធនាគារ បានសហការជាមួយក្រុមហ៊ុន វ៉េសស្ទឺន យូញៀន (WU) ដែលជាក្រុមហ៊ុនផ្ទេរប្រាក់ឆ្លងប្រទេសលំដាប់ពិភពលោក ដើម្បីដាក់ឲ្យដំណើរការសេវាផ្ទេរប្រាក់ឆ្លងប្រទេស តាមរយៈអេស៊ីលីដាម៉ូបាល ទៅកាន់បណ្តាញប្រតិបត្តិការជាង២០០ប្រទេស នៅទូទាំងសកលលោក។

ឥឡូវនេះ អតិថិជនដែលប្រើប្រាស់អេស៊ីលីដាម៉ូបាល អាចធ្វើប្រតិបត្តិការផ្ទេរប្រាក់ដល់ក្រុមគ្រួសារនៅក្រៅប្រទេសបានគ្រប់ពេលវេលា ដោយពួកគាត់អាចធ្វើការផ្ទេរ និងទទួលប្រាក់ពីប្រទេសផ្សេងៗជាង ២០០ ប្រទេសនៅទូទាំងសកលលោក។
អតិថិជនដែលប្រើប្រាស់អេស៊ីលីដាម៉ូបាល អាចទទួលប្រាក់ចូលទៅក្នុងគណនីធនាគារ អេស៊ីលីដា ឬ គណនីវ៉លឡេតរបស់ពួកគេ ដោយគ្រាន់តែបញ្ចូលលេខសម្ងាត់ផ្ទេរប្រាក់ (Money Transfer Control Number “MTCN”) ទៅក្នុងអេស៊ីលីដាម៉ូបាល។ ម្យ៉ាងវិញទៀត អតិថិជនក៏អាចទទួលសាច់ប្រាក់ដែលផ្ទេរជូនពួកគាត់នៅទីតាំងធនាគារ អេស៊ីលីដា ដែលនៅជិតបំផុត។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា
“កិច្ចសហប្រតិបត្តិការរវាងធនាគារ អេស៊ីលីដា និងក្រុមហ៊ុន វ៉េសស្ទឺន យូញៀន ផ្តល់នូវមធ្យោបាយយ៉ាងឆាប់រហ័ស មានភាពងាយស្រួល ប្រកបដោយទំនុកចិត្តក្នុងការផ្ទេរប្រាក់ទៅក្រៅប្រទេសតាមរយៈ អេស៊ីលីដាម៉ូបាល បានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ តាមរយៈការដាក់ឲ្យដំណើរការសេវាផ្ទេរប្រាក់ឆ្លងប្រទេសនេះ អតិថិជនអាចផ្ទេរប្រាក់ឆ្លងប្រទេស ហើយអ្នកទទួលប្រាក់អាចដកសាច់ប្រាក់នៅទីតាំងដែលបម្រើសេវាផ្ទេរប្រាក់ វ៉េសស្ទឺន យូញៀន នៅទូទាំងសកលលោក។ អតិថិជនដែលប្រើប្រាស់ អេស៊ីលីដាម៉ូបាល មានជម្រើសច្រើនក្នុងការផ្ទេរប្រាក់ រួមមានការផ្ទេរប្រាក់ទៅក្នុងគណនីធនាគារ និងគណនីវ៉លឡេត អេស៊ីលីដា”។
លោកបណ្ឌិត អ៊ិន ចាន់នី បានបន្ថែមទៀតថា “កិច្ចសហប្រតិបត្តិការនេះគឺមានសារៈសំខាន់ខ្លាំងណាស់ ដោយផ្សារភា្ជប់អតិថិជនទៅនឹងឱកាស ដើម្បីផ្តល់នូវដំណោះស្រាយក្នុងការចាត់ចែងសាច់ប្រាក់របស់ពួកគាត់តាមមធ្យោបាយដែលអតិថិជនមានតម្រូវការប្រើប្រាស់សាច់ប្រាក់”។
លោក Jeffrey Navarro ប្រធានប្រចាំប្រទេសហ្វីលីពីន ម៉ាឡេស៊ី ប៊្រុយណេ និងឥណ្ឌូចិន របស់ក្រុមហ៊ុន វ៉េសស្ទឺន យូញៀន បានមានប្រសាសន៍ថា “ស្ថាប័នយើងរីករាយក្នុងការបម្រើសេវាផ្ទេរប្រាក់ វ៉េសស្ទឺន យូញៀន តាមរយៈ អេស៊ីលីដាម៉ូបាល ដោយផ្តល់ជូននូវដំណោះស្រាយបែបឌីជីថលជូនដល់អតិថិជន និងសាធារណជនអាចធ្វើប្រតិបត្តិការផ្ទេរប្រាក់ដោយខ្លួនឯងបាន។ ក្រុមហ៊ុន វ៉េសស្ទឺន យូញៀន បានពង្រីកបណ្តាញប្រតិបត្តិការរបស់ខ្លួនជាង ២០០ ប្រទេសនៅទូទាំងសកលលោក ហើយតាមរយៈកិច្ចសហប្រតិបត្តិការនេះ យើងបន្តបង្កើនសមត្ថភាព ឌីជីថលរបស់យើង ដើម្បីទទួលបានអតិថិជនកាន់តែច្រើន និងធ្វើឲ្យពួកគាត់ភ្ជាប់ទំនាក់ទំនងជាមួយសេដ្ឋកិច្ចឌីជីថលបានយ៉ាងទូលំទូលាយ”។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន៤ គឺ ១) វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ២) អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ៣) ធនាគារ អេស៊ីលីដា ឡាវ លីមីធីត និង ៤) ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងមានការិយាល័យតំណាងនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួនជាង ៨,១៦ប៊ីលានដុល្លារអាមេរិក សមតុល្យឥណទានសរុបចំនួន ៥,៧៩ប៊ីលានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបចំនួន ៥,៩០ពាន់លានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៣,៤៤លាននាក់ គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២២ នេះ៕