Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យន្ដហោះចម្បាំងចិន២៩គ្រឿង ហោះព័ទ្ធជុំវិញតៃវ៉ាន់

រដ្ឋធានីតៃប៉ិ៖ ក្រសួងការពារជាតិតៃវ៉ាន់ បានអះអាងថា ចិនបានបញ្ជូនយន្ដហោះចម្បាំងជិត៣០គ្រឿង ហោះរំលោភទៅលើដែនអាកាសរបស់ខ្លួន ហើយនេះជាការហោះហើរគំរាមកំហែងដ៏ធំលើកទី៣របស់ក្រុងប៉េកាំង នៅក្នុងឆ្នាំនេះ។

សារព័ត៌មាន Alarabiya បានចេញផ្សាយ កាលពីថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២ ថា រដ្ឋាភិបាលក្រុងតៃប៉ិ បានបញ្ជាក់ថា យន្ដហោះចម្បាំងរបស់ចិនដីគោក ចំនួន២៩គ្រឿង កាលពីថ្ងៃអង្គារ បានហោះរំលោភ ចូលមកលើដែនអាកាសរបស់តៃវ៉ាន់។ នេះជាការរំលោភបំពានដ៏ធំបំផុតប្រចាំថ្ងៃលើកទី៣របស់កងទ័ពអាកាសចិន នៅក្នុងឆ្នាំនេះ។

រហូតមកដល់ពេលនេះ តៃវ៉ាន់ កំពុងតែរស់ នៅក្រោមការគំរាមកំហែង ឥតឈប់ឈរ ពីការឈ្លានពានរបស់ចិន ដោយសារតែក្រុងប៉េកាំង តែងតែចាត់ទុកដែនកោះប្រជាធិបតេយ្យ គ្រប់គ្រងដោយខ្លួនឯងមួយនេះ ជាអាណាខេត្តរបស់ចិន មិនអាចកាត់ផ្ដាច់ចេញពីគ្នាបានឡើយ។ ជាមួយនឹងការអះអាងបែបនេះ ក្រុងប៉េកាំងតែងតែគំរាមកំហែងជាញឹកញាប់ អំពីការប្រើប្រាស់កម្លាំងយោធា វាយដណ្ដើមកាន់កាប់ដែនកោះមួយនេះ ប្រសិនបើក្រុងតៃប៉ិ ហ៊ានប្រកាស អំពីឯករាជភាព កាត់ផ្ដាច់ចេញពីការគ្រប់គ្រងរបស់ចិន។

ក្រសួងការពារជាតិតៃវ៉ាន់ បានបញ្ជាក់ថា យន្ដហោះចម្បាំងទាំង២៩គ្រឿង ហោះរំលោភចូលមកលើដែនអាកាសរបស់ខ្លួន កាលពីថ្ងៃអង្គារ នោះ រួមមាន យន្ដហោះប្រយុទ្ធ ចំនួន១៧គ្រឿង និង យន្ដហោះទម្លាក់គ្រាប់បែក៦គ្រឿង…ជាដើម។ ជាមួយគ្នាននេះដែរ កងទ័ពអាកាសរបស់តៃវ៉ាន់ ក៏បានបញ្ចេញការព្រមាន និង ដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារដែនអាកាស ដើម្បីតាមដានសកម្មភាពរបស់យន្ដហោះចម្បាំងចិនទាំងនោះ។

ជាមួយនឹងការគំរាមកំហែងនេះ តៃវ៉ាន់ បាន និង កំពុងតែបង្កើននូវកញ្ចប់ថវិកាលើវិស័យការពារជាតិ ដោយចំណាយលុយរាប់ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ ដើម្បីទិញគ្រឿងយុទ្ធោបករណ៍ទំនើបៗ មកពីសហរដ្ឋអាមេរិក ត្រៀមធ្វើសង្គ្រាមជាមួយនឹងចិន ប្រសិនបើការប៉ះទង្គិចណាមួយ កើតឡើងជាយថាហេតុ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×