Sunday, September 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្ករសែនក្រអូប និងអង្ករដំណើបនៃពូជស្រូវដំណើបស្បៃមង្គលរបស់កម្ពុជា បានចុះបញ្ជីជាផលិតផលម៉ាកសមូហភាពផ្លូវការ

ភ្នំពេញ៖ អង្ករសែនក្រអូប «SKO» និងអង្ករដំណើបនៃពូជស្រូវដំណើបស្បៃមង្គល «DMSK»របស់ប្រទេស​កម្ពុជា​ បានចុះបញ្ជីជាផលិតផលម៉ាកសមូហភាពផ្លូវការនៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២២ ដែលនឹងរួមចំណែកលើកកម្ពស់ផលិតកម្មស្រូវ និងជំរុញការនាំចេញអង្កររបស់ប្រទេសកម្ពុជា។

នៅក្នុងឱកាសដាក់សម្ពោធជាផ្លូវការនូវអង្ករទាំងពីរប្រភេទនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ការសម្រេចបានការចុះបញ្ជីម៉ាកសមូហភាពអង្ករទាំងពីរនេះ នៅក្រសួងពាណិជ្ជកម្មបន្ថែមលើម៉ាកអង្ករក្រអូបប្រណិតដែលបានចុះបញ្ជីរួចមកហើយ ដែលម៉ាកសមូហភាពទាំងពីរនេះបានសបញ្ជាក់ឱ្យឃើញនូវការរីកចម្រើនមួយផ្នែកទៀត នៃការអភិវឌ្ឍវិស័យស្រូវអង្ករកម្ពុជានៅគ្រប់ដំណាក់កាល ចាប់តាំងពីការរៀបចំគ្រាប់ពូជរហូតដល់ផលិតផលនៅទីផ្សារ។

ឯកឧត្តមបញ្ជាក់ថា ពូជស្រូវសែនក្រអូប បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំចេញ ហើយវាជាប្រភេទពូជមិនប្រកាន់រដូវ ដែលអនុញ្ញាតឱ្យកសិករយើងដាំដុះបានរហូតដល់៣ដងក្នុងមួយឆ្នាំ ជាហេតុនាំឱ្យពូជស្រូវសែនក្រអូបក្លាយជាជម្រើសមួយថ្មីសម្រាប់កសិករ និងអ្នកនាំចេញកម្ពុជា ក្នុងការប្រកួតប្រជែងជាមួយអង្ករក្រអូបប្រទេសផ្សេងទៀតនៅក្នុងទីផ្សារអន្តរជាតិ។

បើយោងតាមការលើកឡើងរបស់រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម បានខិតខំជំរុញបើកច្រកទីផ្សារសម្រាប់ស្រូវ អង្ករ និងផលិតផលកែច្នៃធ្វើពីអង្ករបន្ថែមទៀតរបស់កម្ពុជា តាមរយៈការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ និងពង្រីកបានទីផ្សារសំខាន់ៗ ដូចជា ទីផ្សារចិន សហគមន៍អឺរ៉ុប អូស្ត្រាលី និងបណ្តាប្រទេសអភិវឌ្ឍន៍សំខាន់ៗមួយចំនួនទៀត។

លោកឧកញ៉ា ហ៊ុន ឡាក់ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ សហព័ន្ធស្រូវ​អង្ករ​កម្ពុជា​  បានថ្លែងថា ការបង្កើត​ម៉ាកសមូ​ហភាព​នេះ​នឹង​បង្កើន​ការលក់​អង្ករក្រអូប​ពូជ​ស្រូវ​សែនក្រអូប ​និង​អង្ករដំណើប​ពូជ​ស្រូវ​ដំណើប​ស្បៃ​មង្គល​នៅ​លើទីផ្សា​រ​អន្តរជាតិ​ និង​ដើម្បី​នាំយក​ម៉ាក​អង្ករ​ក្រអូប​ប្រណិត​ អង្ករក្រអូប​កម្ពុជា​ និង​អង្ករដំណើប​ទៅ​កាន់​ទីផ្សារអន្តរជាតិ​ឲ្យ​កាន់​តែ​កើន​ឡើង​ថែម​ទៀត។ ​​ពិសេស​ បង្កើន​តម្លៃអង្ករក្រអូប​ និង​អង្ករដំណើប​ ជូន​កសិករកម្ពុជា​។

បើ​តាម​លោកឧកញ៉ា ហ៊ុន ឡាក់ គិត​ត្រឹម​សប្តាហ៍​ទី៣ ក្នុង​ខែមិថុនា ឆ្នាំ២០២២ កម្ពុជា​បាននាំចេញ​អង្ករគ្រប់ប្រភេទ​ទៅកាន់ទីផ្សារអន្តរជាតិ​ជាង ៣១ម៉ឺន​តោន​ មានតម្លៃ ​១៩១លាន​ដុល្លារ​ កើន​ឡើង​២១,៧៣% បើធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។​ ក្នុងនោះ អង្ករក្រអូប​ប្រណិត​ជាង ៤១,៦២% អង្ករសែន​ក្រអូប​ ២២,៤២%​ អង្ករស ៣៣,១២% អង្ករចំហ៊ុយ១,៤២%​ និង​អង្ករ​សរីរាង្គ​១,៤២%​។​ លោកឧកញ៉ា​សង្ឃឹម​ជឿជាក់ថា ​តាម​រយៈ​ម៉ាក​សមូហភាព​ថ្មីនេះ ​នឹង​ជួយ​ជំរុញ​ការ​នាំចេញ​ឲ្យ​កាន់តែច្រើន​ថែម​ទៀត​។ គួរបញ្ជាក់ថា បើតាម​ការពន្យាករណ៍​របស់សហព័ន្ធ​ស្រូវអង្ករ​កម្ពុជា ការ​នាំចេញ​អង្ករក្នុង​ឆ្នាំ​២០២២ នឹង​សម្រេច​បាន​ក្នុង​រង្វង់​៧០ទៅ​៧៥ម៉ឺន​តោន​ដែល​មានកំណើន​ជាង​១០ម៉ឺន​តោន​ បើធៀប​នឹង​ឆ្នាំ​២០២១៕

spot_img
×