ភ្នំពេញ៖ បន្ទាប់ពីមានប្រជាពលរដ្ឋរងគ្រោះជាង៣០០ គ្រួសារ ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនរបស់លោកឧកញ៉ាលី យ៉ុងផាត់ នៅខេត្តកោះកុង ដែលបានឡើងមកតវ៉ា រឿងដីធ្លីជាថ្មី នៅរាជធានីភ្នំពេញ តាំងពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី១៨ឧសភា ដើម្បីស្វែងរកអន្តរាគមន៍ពី ក្រសួងរៀបចំដែនដីនោះ ហើយក៏មានការរារាំងពីសមត្ថកិច្ចខណ្ឌចំការមន និងសមត្ថកិច្ចខណ្ឌមានជ័យ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ បានចេញសេចក្តីប្រកាសមួយប្រាប់ទៅប្រជាពលរដ្ឋតវ៉ានោះថា ខ្លួននឹងសហការ ជាមួយអាជ្ញាធរខេត្តកោះកុង ចុះពិនិត្យ និងដោះស្រាយ ករណីវិវាទដីធ្លី រវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនចំនួន២ នៅខេត្តកោះកុង ចាប់ពីថ្ងៃចន្ទ សប្តាហ៍ក្រោយ រហូតដល់បញ្ចប់។
សេចក្តីប្រកាសរបស់ក្រសួងរៀបចំដែនដី បានបញ្ជាក់ថា យោងតាមលិខិតលេខ២០៥/១៨ ល.ស និងលិខិតលេខ២០៦/១៨ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តកោះកុង សំណូមពររបស់ក្រុមប្រជាពលរដ្ឋ ៣១៦គ្រួសារ ស្ថិតនៅស្រុកស្រែអំបិល ស្រុកបុទុមសាគរ ខេត្តកោះកុង និងសំណូមពររបស់ក្រុមប្រជាពលរដ្ឋ ១៧០គ្រួសារ ស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុន Koh Kong Plantation Co.,Ltd និងក្រុមហ៊ុន Koh Kong Sugar Industry Co.,Ltd ក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់ បានចាត់ក្រុមការងារចុះសហការជាមួយក្រុមការងាររបស់អាជ្ញាធរខេត្តកោះកុង ដើម្បីពិនិត្យអត្តសញ្ញាណអ្នកកាន់កាប់ដី ពាក់ព័ន្ធនឹងវិវាទខាងលើ ចាប់ពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ រហូតរួចរាល់ជាស្ថាពរ ឈានទៅដល់ដោះស្រាយបញ្ចប់។
នាព្រឹកថ្ងៃទី១៨ខែឧសភាប្រជាពលរដ្ឋមកពីខេត្តកោះកុងដែលកំពុងទាមទារសំណងក្នុងជម្លោះដីធ្លីជាង១ទសវត្សរ៍មកហើយនោះ ត្រូវបានប៉ះទង្គិចគ្នា និងរុញច្រានពីសំណាក់កងសន្តិសុខ ខណៈពេលដែលពួកគាត់ព្យាយាម ដើរហែរក្បួនឆ្ពោះទៅ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។ អ្នកតវ៉ាមួយចំនួន កំពុងពរកូនតូចនៅជាប់នឹងខ្លួន អំឡុងពេលប៉ះទង្គិចគ្នា។
សមាជិកសហគមន៍ជាង២០០នាក់ ដែលតំណាងឱ្យប្រជាពលរដ្ឋរាប់រយគ្រួសារនៅក្នុង ឃុំជីខលើ ឃុំជីខក្រោម និងឃុំដងពែង នេះ បានដាក់ញត្តិជូនទៅមន្ត្រីពាក់ព័ន្ធរបស់ក្រសួង កាលពីថ្ងៃទី១៧ឧសភារួចមកហើយ និងបន្តស្នាក់នៅក្នុងវត្តសាមគ្គីរង្សី នៅពេលយប់។ លុះដល់ព្រឹកថ្ងៃទី១៨ឧសភានេះ នៅពេលអ្នកទាំងនោះ ព្យាយាមដើរត្រឡប់ឆ្ពោះទៅក្រសួងរៀបចំដែនដីវិញ ក្នុងចម្ងាយប្រមាណជា៥គីឡូម៉ែត្រ ស្រាប់តែកងសន្តិសុខ និងនគរបាលប្រហែលជាង៤០នាក់ បានបិទផ្លូវនិងរុញច្រានពួកគាត់ ដែលជាការរំលោភបំពានដល់សិទ្ធិសេរីភាពក្នុងការជួបជុំ និងតវ៉ាដោយសន្តិវិធី។ ប្រហែលជា៤ម៉ោងក្រោយមក ទើបពួកគាត់ត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរបន្ត ខណៈដែលកម្លាំងប្រដាប់អាវុធ និងកងសន្ដិសុខប្រមាណ១០០នាក់ ត្រូវបានដាក់ពង្រាយនៅតាមផ្លូវ ដែលពួកគាត់ធ្វើដំណើរនោះ។
អស់រយៈពេលច្រើនឆ្នាំមកហើយ ប្រជាពលរដ្ឋទាំងនេះ បានដាក់ញត្តិជូនទៅអាជ្ញាធរខេត្តនិងក្រសួងពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយ និងសំណងសមរម្យ ដោយសារការបាត់បង់ដីធ្លី តាំងពីឆ្នាំ២០០៦ ជុំវិញការផ្ដល់ដីសម្បទានសេដ្ឋកិច្ចចំនួនពីរ ពាក់ព័ន្ធនឹងក្រុមហ៊ុនស្ករអំពៅថៃ KSL ក៏ដូចជាលោកឧកញ៉ា លី យ៉ុងផាត់។
ប្រជាពលរដ្ឋមួយចំនួននៃសហគមន៍ទាំងនេះ បានទទួលសំណង កាលពីថ្ងៃទី២២ ខែមីនា កន្លងទៅថ្មីៗនេះ៕ ដោយ៖បញ្ញាស័ក្តិ