Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិក បន្ដបញ្ជូនប្រព័ន្ធបាញ់រ៉ុក្កែតចម្ងាយឆ្ងាយ ទៅជួយអ៊ុយក្រែន

spot_img

រដ្ឋធានីវ៉ាស៊ីនតោន៖ នៅក្នុងសង្គ្រាមឈ្លានពានវាយប្រយុទ្ធគ្នាយ៉ាងសាហាវ នៅក្នុងប្រទេសអ៊ុយក្រែន អស់រយៈពេលជាង៤ខែកន្លងមកនេះ ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានអនុម័តនូវកញ្ចប់ជំនួយយោធា ជាបន្ដបន្ទាប់ ចំនួន២លើក សម្រាប់ជួយដល់ក្រុងគៀវ មានទំហំទឹកប្រាក់សរុប ជិត៦០ពាន់លានដុល្លារ ហើយនៅពេលនេះ ក្រុងវ៉ាស៊ីនតោន បានបន្ដផ្ដល់ជំនួយយោធា មានទឹកប្រាក់ ៤៥០លានដុល្លារ ដោយរួមបញ្ចូលទាំងប្រព័ន្ធបាញ់រ៉ុក្កែត ចម្ងាយឆ្ងាយថែមទៀតផង។

សារព័ត៌មាន The Defense One បានផ្សាយថា សេតវិមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមិថុនា ឆ្នាំ២០២២ បានប្រកាស ថា កញ្ចប់ជំនួយយោធា មានទំហំទឹកប្រាក់ ៤៥០លានដុល្លារ សម្រាប់ជួយដល់ប្រទេសអ៊ុយក្រែន រួមបញ្ចូលទាំង ប្រព័ន្ធរ៉ុក្កែត ហ៊ីម៉ាស (HIMARS) ចំនួន៤គ្រឿង ខណៈការវាយប្រយុទ្ធគ្នាជាមួយនឹងរុស្ស៊ី នៅតំបន់ដុនបាស (Donbas) កំពុងតែបន្ដ។ ចំណែក ប្រព័ន្ធ HIMARS ទាំង៤គ្រឿង ដែលសហរដ្ឋអាមេរិកបានប្រកាស នៅក្នុងកញ្ចប់ជំនួយពីមុន បានទៅដល់អ៊ុយក្រែន នៅក្នុងសប្តាហ៍នេះ។ គ្រឿងចម្បាំងប្រភេទនេះ អាចវាយប្រហារទៅលើគោលដៅរបស់សត្រូវ នៅក្នុងចម្ងាយឆ្ងាយបានយ៉ាងមានប្រសិទ្ធភាព។

បន្ថែមទៅលើប្រព័ន្ធបាញ់រ៉ុក្កែត ចម្ងាយឆ្ងាយ HIMARS នោះ កញ្ចប់ជំនួយយោធា ត្រូវបានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ នោះ ក៏រាប់បញ្ចូលទាំង គ្រាប់កាំភ្លើងផ្លោង ចំនួន ៣៦ ០០០គ្រាប់, រថចម្បាំង, កាំភ្លើងយន្ដ ២ ០០០គ្រឿង និង ប្រព័ន្ធបាញ់គ្រាប់បែក ជាង ១ ០០០ដើម។ បើគិតចាប់តាំងពីការផ្ទុះសង្គ្រាមឈ្លានពានរបស់រុស្ស៊ី កាលពីថ្ងៃទី២៤ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ សហរដ្ឋអាមេរិក បានផ្ដល់ជំនួយយោធា មានទំហំទឹកប្រាក់ ៦,១ពាន់លានដុល្លារ ជួយដល់ប្រទេសអ៊ុយក្រែន។

នៅក្នុងការប្រកាស អំពីការដឹកជញ្ជូនជាលើកដំបូង រួមមាន ទាំងប្រព័ន្ធប៉ាញ់រ៉ុក្កែត HIMARS នោះ លោកបណ្ឌិត ខូលិន ខល (Colin Kahl) អនុរដ្ឋមន្រ្ដីក្រសួងការពារជាតិសហរដ្ឋអាមេរិក ទទួលបន្ទុកគោលនយោបាយ បានបញ្ជាក់ថា « HIMARS និង គ្រាប់កាំភ្លើងនាំផ្លូវទាំងនោះ នឹងជួយដល់ប្រទេសអ៊ុយក្រែន កំណត់គោលដៅណាមួយ នៅក្នុងចម្ងាយឆ្ងាយ ដែលកងទ័ពក្រុងគៀវ ត្រូវការ សម្រាប់ការប្រយុទ្ធ នៅក្នុងកិច្ចការពារទឹកដីរបស់ពួកគេ»។

ចាប់តាំងពីការផ្ទុះសង្គ្រាមឈ្លានពានរបស់រុស្ស៊ី រហូតមកដល់ពេលនេះ ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានអនុម័តនូវកញ្ចប់ជំនួយ ចំនួន២លើក តាមសំណើរបស់ក្រុងវ៉ាស៊ីនតោន សម្រាប់ជួយដល់ប្រទេសអ៊ុយក្រែន រួមមាន លើកទី១ មានទំហំទឹកប្រាក់ ១៣,៦ពាន់លានដុល្លារសហរដ្ឋអាមេរិក និង លើកទី២ មានទំហំទឹកប្រាក់៤០ពាន់លានដុល្លារ៕រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×