បុរសជាបុគ្គលិកអគ្គិសនីម្នាក់ បានសម្រេចចិត្តធ្វើអត្តឃាតបញ្ចប់ជីវិត លាចាកចោលប្រពន្ធជាទីស្រឡាញ់ និងព្រមទាំងឪពុកម្តាយ សាច់ញាតិ មិត្តភក្តិ គ្មានថ្ងៃវិលវិញ ដោយសារតែតូចចិត្តនឹងថ្នាក់នាំផ្ទេរការងារខ្លួនចេញពីបាត់ដំបង ទៅប៉ៃលិនឆ្ងាយពីផ្ទះ។
នេះបើតាមនារីជាប្រពន្ធដែលមានគណនីហ្វេសប៊ុកឈ្មោះ វង្ស ភ័ត្ត្រា បានភ្ជាប់ផុសសារផ្តាំពាក្យលាចុងក្រោយរបស់ប្តី ដោយបានរៀបរាប់ទាំងអារម្មណ៍ក្តុកក្តួលរំជួលចិត្តថា៖ «ប្ដីហត់ហើយបងសម្រាកទៅ ឡើងតំណែងបាន1ខែ ប្ដីក៏ចាកចោលអូន អូនទទួលមិនបានទេ សូមបងទៅឲ្យបានសុខ កើតជាតិក្រោយកុំឲ្យអាយុខ្លីដូចជាតិនេះ Sean Savoeung កើតជាតិក្រោយកើតជាគូគ្នាទៀតអូនស្រឡាញ់បងខ្លាំងណាស់ 25.06.2022 បងចាកចោលអូនទៅ ទោះប្រាក់ខែប្រាំបួនរយឬមួយពាន់ដុល្លារក៏មិនអាចធ្វើឲ្យមនុស្សមានក្ដីសុខបានដែរបើធ្វើការមានសម្ពាធ គ្មានក្ដីសុខ»។
ដោយឡែក ងាកមកចាប់អារម្មណ៍សារផ្តាំទៅកាន់ប្រពន្ធ និងក្រុមគ្រួសារ មុនបញ្ចប់ជីវិត បុរសរូបនោះដែលមានគណនីហ្វេសប៊ុកឈ្មោះ «គ្រួសារត្រកូលស៊ាន» បានសរសេររៀបរាប់បែងចែកទ្រព្យសម្បត្តិរបស់ខ្លួនទៅឲ្យសមាជិកគ្រួសារ និងប្រពន្ធរបស់ខ្លួនយ៉ាងវែងអន្លាយថា៖
- ម៉ូតូ Dream 021 / និង ដីឡូ ២ឡូ ទុកចែកជូនប្រពន្ធខ្ញុំ។
- ម៉ូតូ Wave ទុកចែកអាឡយ កូនចែវៀង
- ដីស្រែ សូមជូនម៉ែយាយវិញចុះ
- លុយបញ្ញើក្នុងកុងធនាគារ មាន 30លាន រៀល បែងចែកជា 3 ចំណែក: 1០លានរៀល ទុកចិញ្ចឹមម៉ែយាយ 1០លានរៀល ទុកចិញ្ចឹមពុកវ័ន្តចុះ ព្រោះកន្លងមកខ្ញុំមិនទាន់បានសងគុណគាត់ទេ។ 1០លានរៀលទៀត ទុកផ្គត់ផ្គង់ប្រពន្ធខ្ញុំ រៀនសូត្រឲ្យចប់។
- លុយប្រាក់ខែក្នុងកុងធនាគារ នៅសល់ទុកធ្វើបុណ្យសពខ្ញុំចុះ។
៦. កូនសូមទោសម៉ែខាន ដែលកូនមិនមានអ្វីតបស្នងសងគុណម៉ែវិញ។ សូមពុកម៉ែ បងប្អូន និងប្រពន្ធសម្លាញ់ កុំយំសោកស្ដាយអី ខ្ញុំទៅបានសុខហើយ។ លាហើយអ្នកទាំងអស់គ្នា។
អត្តឃាតរបស់ខ្ញុំ ឬឃាតកម្មផ្លូវចិត្តមួយនេះ សូមថ្នាក់ដឹកនាំទុកជាមេរៀន មុននឹងផ្ទេរទីតាំងបុគ្គលិកពីស្រុកកំណើតគេ ឲ្យទៅឆ្ងាយផ្ទះ។ ផ្ទះខ្ញុំ ប្រពន្ធខ្ញុំ ម្តាយឪពុកខ្ញុំរួមទាំងខ្ញុំមានទីតាំងនៅ បាត់ដំបងជិត GS អន្លង់រុន ស្រាប់ហេតុអ្វីផ្ទេរខ្ញុំទៅ GS ប៉ៃលិន ទាំងដែលខ្ញុំមិនចង់ទៅ។ សូមថ្នាក់ដឹកនាំគួរពិចារណាឡើងវិញ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






















