Sunday, September 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល គ្រោងបង្កើនចំណូលពន្ធពីវិស័យសំណង់ នៅឆ្នាំ២០២៣

ភ្នំពេញ៖ ក្រៅពីពង្រឹង និងបង្កើនចំណូលពន្ធពីវិស័យសំណង់ នៅឆ្នាំក្រោយ រាជរដ្ឋាភិបាលក៏នឹងបង្កើន​ចំណូលពន្ធពីវិស័យមួយចំនួនទៀតនៅឆ្នាំ២០២៣ផងដែរ។

យោងតាមសេចក្ដីព្រាងច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣ បានឱ្យដឹងថា ដើម្បីបង្កើន ចំណូលថវិកាជាតិ អគ្គនាយកដ្ឋានពន្ធដារ ត្រូវពង្រឹងការប្រមូលចំណូលពីវិស័យមួយចំនួន ឱ្យមានប្រសិទ្ធិ ភាព ​ក្នុងនោះ រួមមាន វិស័យសំណង់ ទូរគមនាគមន៍ រ៉ែ ផលិតស្រាបៀរ ភេសជ្ជៈ និងថ្នាំជក់។ ដើម្បីកៀរគចំណូលជាតិ រាជរដ្ឋាភិបាល នឹងមិនបង្កើតពន្ធថ្មីៗនោះឡើយ នៅប៉ុន្មានឆ្នាំខាងមុខ ប៉ុន្តែរដ្ឋាភិបាលនឹងបង្កើនការប្រមូលពន្ធពីវិស័យដែលធ្លាប់បានអនុវត្តន៍រួចហើយ។

វិស័យសំណង់ ត្រូវបានព្យាករណ៍ថា នឹងកើនឡើង ៧,២ ភាគរយនៅឆ្នាំក្រោយ ដែលគាំទ្រដោយការកើនឡើង​នៃលំហូរ FDI សម្រាប់ការសាងសង់ ខណៈគម្រោងលំនៅដ្ឋានតម្លៃទាប និងមធ្យម ត្រូវបានគេរំពឹងថានឹងមានភាពប្រសើរឡើង ដោយសារតម្រូវរបស់គ្រួសារ សកម្មភាពលក់-ទិញ-ជួលអចលនទ្រព្យតម្លៃខ្ពស់។

ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ កន្លងមក បានលើកឡើងថា បើសិនជាមិនមានការចូលរួមបង់ពន្ធពីអ្នកជាប់ពន្ធទេនោះ រដ្ឋ ក៏មិនមានលុយ ក្នុងការសាងសង់ ផ្លូវ ស្ពាន និងបើកប្រាក់ឲ្យមន្ត្រីរាជការដែរ។ ឯកឧត្តម បន្តថា ក៏នឹងមិនបន្ថែមពន្ធថ្មីៗទេ តែនឹងព្យាយាមប្រមូលចំណូលលើពន្ធដែលកំពុងអនុវត្តឱ្យអស់ពីលទ្ធភាព។

រាជរដ្ឋាភិបាល បានចេញផ្សាយយុទ្ធសាស្រ្តម៉ាក្រូសេដ្ឋកិច្ច និងថវិកា ដើម្បីលើកស្ទួយកំណើនសេដ្ឋកិច្ច ដោយការប្រមូលចំណូលពន្ធ និងកំណត់អាទិភាពតាមវិស័យនានា ជាមួយនឹងការរំពឹងទុកនៃអតិផរណាទាប និងអត្រាប្តូរ​ប្រាក់ មានស្ថេរភាពសម្រាប់ឆ្នាំ២០២៣ ដែលគាំទ្រដោយកញ្ចប់អន្តរាគមន៍បន្ថែម។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ។

គួរបញ្ជាក់ថា បើតាមអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា ពន្ធដារមិនទាន់បានប្រមូលចំណូលពន្ធឱ្យអស់ពីលទ្ធភាពនៅឡើយទេ ហើយពន្ធដារ ក៏បានស្នើឱ្យម្ចាស់អាជីវកម្ម និងអ្នកជាប់ពន្ធ សូមចុះបញ្ជីអាជីវកម្ម និងបង់ពន្ធជូនរដ្ឋ ឱ្យបានគ្រប់គ្នា ដើម្បីឱ្យរដ្ឋមានលទ្ធភាពក្នុងការយកថវិកា ទៅប្រើប្រាស់ ក្នុងការចំណាយ ដែលកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ក៏ដូចជាយកទៅអភិវឌ្ឍន៍ប្រទេសជាតិបន្ថែមទៀត៕

spot_img
×