អតីតតារាចម្រៀង និងពិធីករកាលពី១០ឆ្នាំមុន លោក លាន អាហ្វ្រីលគីនីន ដែលបច្ចុប្បន្ន មានងារជាឧកញ៉ា តែល្បីឈ្មោះជាប់បំណុលគេជុំទិស បានលែងលះគ្នាជាមួយតារាសម្តែងអ្នកនាង កែវ វល័ក្ខ ទៅតាមផ្លូវច្បាប់រួចហើយ។
ចំណងស្នេហ៍ជិត២០ឆ្នាំ រវាងលោក អាហ្វ្រីលគីនីន និង កែវ វល័ក្ខ ទទួលបានកូនប្រុសស្រីចំនួន៤នាក់ ឈានដល់ផ្លូវបំបែកគ្នានេះ គេក៏មិនដឹងពីមូលហេតុរឿងអ្វីនោះទេ។ ប៉ុន្តែ កាលពីពេលកន្លងទៅ ពោលគឺនៅអំឡុងខែកញ្ញា ឆ្នាំ២០២១ រឿងរ៉ាវគ្រួសារស្រាប់តែបានផ្ទុះឡើង ខណៈអ្នកនាង កែវ វល័ក្ខ បានចេញមុខអះអាងថា ស្វាមីខ្លួនជាមនុស្សជក់ថ្នាំ ហើយបែកងាងម្តងៗរករឿងវាយតែប្រពន្ធកូន ដោយបានបញ្ចេញសារក្តៅដូចភ្លើងថា៖ «អញប្រាប់ហើយ ថាជក់ថ្នាំល្មមៗបានហើយបើជក់ខ្លាំងពេក ពេលបែក វ៉ៃតែអញ និងកូនទេ អាកើតចេញពី…»។
តែទោះជាយ៉ាងណា នៅពេលនេះ អ្នកទាំងពីរបានជ្រើសរើសមានអ្នកថ្មីរៀងៗខ្លួនហើយ ដោយលោក លាន អាហ្វ្រីលគីនីន កំពុងរស់នៅជាមួយអ្នកមេម៉ាយរូបស្រស់ម្នាក់ ជាអ្នកលក់អនឡាញយ៉ាងមានក្តីសុខ ហើយស្រ្តីរូបនោះ ថែមទាំងជួយជ្រោមជ្រែងចេញមុខសងបំណុលបុរសកំពូលស្នេហ៍ លាន អាហ្វ្រីលគីនីន ដែលជំពាក់លុយគេជុំទិសរាប់ម៉ឺនដុល្លារទៀតផង ខណៈអ្នកនាង កែវ វល័ក្ខ បានភ្ជាប់ពាក្យជាមួយបុរសម្នាក់កាលពីពាក់កណ្តាលខែមេសា កន្លងទៅ។
ដោយឡែក ថ្មីៗនេះ មហាជនពិតជាមានការភ្ញាក់ផ្អើលខ្លាំងតែម្តង ខណៈស្ងាត់ៗ ពួកគេទាំង២នាក់ បានរៀបការក្លាយជាប្ដីប្រពន្ធស្របច្បាប់ហើយ ដោយធ្វើពិធីសែនព្រេនបង្គ្រប់កិច្ច ធ្វើឡើងត្រឹមលក្ខណៈគ្រួសារប៉ុណ្ណោះ។
នេះបើតាមគណនីខាងស្រី You Lina បានបង្ហោះរូបភាពនៃទិដ្ឋភាពពិធីសែនព្រានរបស់ពួកខ្លួន និងភ្ជាប់សារទាំងរំភើបចិត្តថា៖ «26.06.22 ពួកយើងទាំងពីរជាប្ដីប្រពន្ធស្របច្បាប់មានចំណងអាពារពិពារណ៌នឹងចំណងមេបាចាស់ទុំទាំងសងខាងដឹងលឺ អរគុណបងប្អូនដែលចូលរួមកម្មវិធីតូចតាចរបស់យើងខ្ញុំ សូមទោសបងប្អូន ដែលមិនបានអញ្ជើញ ដោយពេលវេលារហ័សនឹងមិនបានត្រៀម ទុកជាមុន»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង














