ភ្នំពេញ៖ ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បម្រើជាមូលដ្ឋានគតិយុត្ត ដ៏មានសារៈសំខាន់ដល់ការអភិវឌ្ឍនៃវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ជាពិសេសការពារផលប្រយោជន៍ និងកសាងទំនុកចិត្តខ្ពស់ដល់អ្នកប្រើប្រាស់ក្នុងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះ ក៏ដូចជាទាក់ទាញវិនិយោគិនទាំងក្នុង និងក្រៅប្រទេស ឱ្យចូលមកវិនិយោគនៅកម្ពុជា។
អ្នកជំនាញលើកឡើងថា វិស័យពាណិជ្ជកម្មអេឡិចត្រូនិករបស់កម្ពុជា បានស្វែងរកបទប្បញ្ញត្តិច្បាស់លាស់ និងស្របគ្នាក្នុងតំបន់។ លោក Christopher McCarthy នាយកប្រតិបត្តិនៃទីភ្នាក់ងារទីផ្សារក្នុងស្រុកនៃ Mango Tango ត្រូវបានដកស្រង់សម្តីដោយបណ្តាញព័ត៌មានថា បទប្បញ្ញត្តិបច្ចុប្បន្នជាច្រើន ខ្វះភាពច្បាស់លាស់លើភាពខុសគ្នារវាងអាជីវកម្មបែបប្រពៃណី និងពាណិជ្ជកម្មអេឡិចត្រូនិក។
លោកបន្តថា ការកើនឡើងនៃវិស័យពាណិជ្ជកម្មអេឡិចត្រូនិក (e-commerce) របស់កម្ពុជា ទាមទារនិយមន័យច្បាស់លាស់នៃច្បាប់ និងបទប្បញ្ញត្តិ ដោយនិយតករ ដែលដោះស្រាយកង្វល់នៃភាពមិនប្រាកដប្រជានៃទីផ្សារ ខណៈដែលរក្សាបាននូវភាពស្របគ្នានៅក្នុងតំបន់។ នេះបើយោងតាមភាគីពាក់ព័ន្ធដែលបានពិភាក្សាអំពីតម្រូវការពន្ធ និងអាជ្ញាបណ្ណនៅក្នុងកិច្ចពិភាក្សាដែលរៀបចំដោយ DFDL ជាសហគ្រាសវិនិយោគផ្នែកច្បាប់ និងពន្ធ ក្នុងប្រទេសកម្ពុជា។
សូមរំលឹកថា ច្បាប់ស្តីពីពាណិជ្ជកម្មអេឡិចត្រូនិក និងការការពារអ្នកប្រើប្រាស់ ត្រូវបានប្រកាសឱ្យប្រើនៅឆ្នាំ ២០១៩ ជាមួយនឹងក្រឹត្យ និងអនុក្រឹត្យជាបន្តបន្ទាប់ ក្នុងគោលបំណងកំណត់ចំណាត់ថ្នាក់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក៏ដូចជាតម្រូវការចុះបញ្ជី និងពន្ធសម្រាប់ក្រុមហ៊ុនទាំងក្នុងស្រុក និងបរទេស៕