ភ្នំពេញ ៖ ក្នុងឱកាសប្រារព្ធទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ និងដោយមានដុតបំផ្លាញគ្រឿងញៀនជាង ៦តោន ចោលផងនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដាក់ចេញការណែនាំចំនួន ៦ចំណុច ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា និងជំរុញឲ្យប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធយល់កាន់តែច្បាស់អំពីគ្រោះថ្នាក់នៃគ្រឿងញៀន និងការងារទប់ស្កាត់ ព្រមទាំងចូលរួមអនុវត្តឲ្យបានរលូន និងមានប្រសិទ្ធភាពខ្ពស់។
ការចូលរួមទប់ស្កាត់ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ទាំង ៦ចំណុច ដែលដាក់ចេញដោយ សម្ដេចក្រឡាហោម ស ខេង រួមមាន ÷

១- ពាក់ព័ន្ធនឹងការចលនាឲ្យប្រជាពលរដ្ឋ មាតាបិតា អាព្យាបាល ចូលរួម និងគាំទ្រដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺពិតជាមានសារៈសំខាន់ ព្រោះមានតែប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន មាតាបិតា អាព្យាបាល ដែលយល់ និងដឹងច្បាស់ពីបញ្ហាដែលបាននិងកំពុងកើតមាននៅក្នុងសហគមន៍នៃមូលដ្ឋានរបស់ពួកគេ ក៏ដូចជានៅក្នុងគ្រួសាររបស់ពួកគាត់ ហើយការចូលរួម របស់ពួកគាត់ អាចជួយឱ្យយើងឆ្លើយតប ឬធ្វើអន្តរាគមន៍ទៅបានរលូន ចំគោលដៅ ទិសដៅ និងមានប្រសិទ្ធភាពខ្ពស់។
២- ចំពោះសកម្មភាពអប់រំផ្សព្វផ្សាយកន្លងមក ពិសេសក្នុងដំណាក់កាលនៃវិបត្តិជំងឺកូវីដ-១៩ ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធទាំងអស់ បានខិតខំប្រឹងប្រែង និងរកវិធីសាស្រ្តគ្រប់បែបយ៉ាង ដើម្បីបន្តធ្វើសកម្មភាពអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន ដូចអ្វីដែលសម្រេចបានកន្លងមក ប៉ុន្តែសម្រាប់ពេលខាងមុខ យើងស្នើសុំក្រសួង ស្ថាប័ន អង្គភាព ក៏ដូចជា គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត ដែលជាសមាជិកអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន បន្តខិតខំប្រឹងប្រែងឲ្យបានកាន់តែសកម្ម ឲ្យបានគ្រប់ទីកន្លែង និងឲ្យបានជាប់ជាប្រចាំ។
៣- ពាក់ព័ន្ធនឹងការពង្រឹងយន្តការជាប្រព័ន្ធពីថ្នាក់រាជធានី-ខេត្ត ដល់ថ្នាក់ក្រុង ខណ្ឌ ស្រុក និងឃុំ/សង្កាត់ គឺជាការងារចាំបាច់ និងត្រូវតែធ្វើឱ្យបាន ព្រោះថា បើគ្មានយន្តការត្រឹមត្រូវ និងច្បាស់លាស់ទេនោះ ការដឹកនាំ គ្រប់គ្រង ក៏ដូចជាការផ្តល់សេវាផ្សេងៗ នឹងមានការលំបាក និងពុំមានប្រសិទ្ធភាព។ នៅក្នុងសារលិខិតរបស់ សម្តេចនាយករដ្ឋមន្រ្តី ក៏បានលើកឡើងពី ភាពចាំបាច់នៃយន្តការនេះផងដែរថា ការផ្តល់កិច្ចសម្របសម្រួល ផ្តល់ការគាំទ្រ លើកទឹកចិត្ត និងជំរុញ ឲ្យអ្នកញៀនគ្រឿងញៀននៅក្នុង សហគមន៍ ឬនៅក្នុងមូលដ្ឋានទៅទទួលយកការព្យាបាល និងស្តារនីតិសម្បទានៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យ ឬនៅតាមមណ្ឌលបណ្តោះអាសន្នរបស់រដ្ឋ និងឯកជន គឺត្រូវតែបន្តធ្វើ – អនុវត្តន៍ឱ្យមានប្រសិទ្ធភាព ស្មោះត្រង់ ធ្វើយ៉ាងណាផ្ដល់ភាពជឿជាក់ ដែលអាចទាក់ទាញឱ្យអ្នកញៀនគ្រឿងញៀន ឬក្រុមគ្រួសារ ចង់មកទទួល ឬចង់បញ្ជូនកូនចៅ ឱ្យមក ទទួលការព្យាបាល ដោយយើងមិនត្រូវកេងចំណេញ។
៤- បន្ថែមលើការពង្រឹងយន្តការ ពិសេសយន្តការសម្រាប់ជួយផ្តល់ការសម្របសម្រួល គាំទ្រ លើកទឹកចិត្ត និងជំរុញអ្នកញៀនគ្រឿងញៀនឲ្យទៅទទួលសេវាព្យាបាល និងស្តារនីតិសម្បទា គណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន គួរបង្កើនសកម្មភាពរបស់ខ្លួន ក្នុងការដឹកនាំ និងតម្រង់ទិស ដូចជាការជួបប្រជុំ ការរៀបចំឯកសារគោលពាក់ព័ន្ធសំខាន់ៗ ការចុះតាមដាន និងវាយតម្លៃ។ល។
៥- ពាក់ព័ន្ធនឹងបញ្ហាសារធាតុគីមីផ្សំ បញ្ហាសំខាន់ គឺនៅលើការគ្រប់គ្រង ដែលចំណុចនេះ សម្ដេចក្រឡាហោម បានពិនិត្យ និងពិភាក្សាជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធសំខាន់ៗ ពិសេសក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងក្រសួងយុត្តិធម៌ ហើយបានឯកភាពស្នើសុំរាជរដ្ឋាភិបាល ដើម្បីបង្កើតគណៈកម្មាធិការ ឬក្រុមការងារចំពោះកិច្ចមួយ ដើម្បីរៀបចំឲ្យមានក្របខណ្ឌច្បាប់ច្បាស់លាស់មួយសម្រាប់ធ្វើជាមូលដ្ឋាន ក្នុងការដឹកនាំគ្រប់គ្រងរាល់សកម្មភាព ដែលមានការពាក់ព័ន្ធនឹងសារធាតុគីមីផ្សំ ធ្វើយ៉ាងណាធានាឲ្យបាននូវសុវត្ថិភាព និងនិរន្តរភាព នៃការផ្គត់ផ្គង់ ចង្វាក់ផលិតកម្ម ឧស្សាហកម្មស្របច្បាប់ ហើយបង្ការ និងទប់ស្កាត់ឲ្យខាងតែបាននូវរាល់ការប៉ុនប៉ងនានាដែលចង់បង្វែរសារធាតុគីមីផ្សំ ដើម្បីយកទៅផលិតគ្រឿងញៀនខុសច្បាប់។
៦- ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ កន្លងមក យើងមានយន្តការច្រើនដែលអាចជួយដល់ការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេស ជួយពង្រឹងលើការបង្ការ និងទប់ស្កាត់ការចរាចរគ្រឿងញៀនឆ្លងកាត់ព្រំដែន ក្នុងនោះ រួមមាន យន្តការអនុតំបន់ តំបន់ និងអន្តរជាតិ។ ដោយឡែក ជាមួយប្រទេសជិតខាង យើងក៏មានយន្តការច្រើនផងដែរ ក្នុងនោះរួមមាន យន្តការទ្វេរភាគីកម្ពុជា-វៀតណាម, កម្ពុជា-ឡាវ, កម្ពុជា-ថៃ, យន្តការត្រីភាគីកម្ពុជា-វៀតណាម-ឡាវ និងបណ្តាប្រទេសដែលមានការពាក់ព័ន្ធច្រើន ដូចជា យន្តការទ្វេភាគីកម្ពុជា-ចិន, កម្ពុជា-រុស្ស៊ី។ល។ ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN







