Sunday, January 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិកអះអាងថា៖ មហិច្ឆតារបស់ពូទីន បរាជ័យក្នុងការលុបអ៊ុយក្រែន ចេញពីផែនទី

រដ្ឋធានីវ៉ាស៊ីនតោន៖ រហូតមកដល់ពេលនេះ សង្គ្រាម បានអូសបន្លាយពេល អស់រយៈពេលជាង៤ខែកន្លងមកនេះ ខណៈការវាយប្រយុទ្ធគ្នាកំពុងតែបន្ដ ហើយសហរដ្ឋអាមេរិក បានអះអាងថា ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានបរាជ័យ នៅក្នុងការលុបបំបាត់អ៊ុយក្រែន ចេញពីផែនទីពិភពលោក។

សារព័ត៌មាន Tittle Press បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២២ ថា ការចាប់ផ្ដើមសង្គ្រាមមុនដំបូង រុស្ស៊ី បានព្យាយាមប៉ុនប៉ង វាយសង្គ្រប់ឲ្យលឿន ដូចផ្លេកបន្ទោរ ដើម្បីដណ្តើមកាន់កាប់រដ្ឋធានីក្រុងគៀវ (Kyiv) និង តំបន់ផ្សេងទៀតរបស់ប្រទេសអ៊ុយក្រែន។ ប៉ុន្ដែមហិច្ឆតាទាំងនោះ បានបរាជ័យ ទោះបីជាកាលពីប៉ុន្មានសប្តាហ៍កន្លងទៅថ្មីៗនេះ កម្លាំងទាហានរុស្ស៊ី បានដណ្តើមកាន់កាប់បានទីក្រុងនានា នៅភាគខាងកើត នៃប្រទេសអ៊ុយក្រែន រួមទាំង ទីក្រុងម៉ារីយូប៉ូល (Mariupol) និង ទីក្រុងសេវេរ៉ូដូណែតស្ក៍ (Severodonetsk) ខណៈទីក្រុងលីស៊ីចាន់ស្ក៍ (Lysychansk) ដែលនៅជាប់គ្នានោះ កំពុងរងការវាយប្រហារយ៉ាងខ្លាំងក្លា នាពេលនេះយ៉ាងណាក្ដី។

លោក អេនតូនី ប្ល៊ីនខែន (Antony Blinken) រដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់ កាលពីថ្ងៃអាទិត្យ ថា ថ្វីបើក្រុងមូស្គូទទួលបានជោគជ័យ នៅក្នុងការកាន់កាប់ទឹកដីមួយផ្នែក នៅភាគខាងកើត ប្រទេសអ៊ុយក្រែន យ៉ាងណាក្ដី ប៉ុន្ដែការឈ្លានពានរបស់រុស្ស៊ី នឹងរងនូវការបរាជ័យ ហើយនឹងនៅតែកើតមានដូច្នោះបន្ដទៀត។

លោក អេនតូនី ប្ល៊ីនខែន (Antony Blinken) បានប្រាប់ដល់បណ្ដាញទូរទស្សន៍របស់សហរដ្ឋអាមេរិក CNN អំពីលោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី ថា «កុំឱ្យយើងច្រឡំយុទ្ធសាស្ត្រជាមួយនឹងយុទ្ធសាស្ត្រ។ នៅពេលនិយាយដល់គោលដៅយុទ្ធសាស្ត្ររបស់ ពូទីន គឺគាត់បានបរាជ័យរួចមកហើយ»។

រដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក បានបន្ថែមថា «គោលបំណង ជាយុទ្ធសាស្រ្តរបស់ ពូទីន ចង់បញ្ចប់អធិបតេយ្យភាព និង ឯករាជភាពរបស់អ៊ុយក្រែន ហើយលុបបំបាត់ប្រទេសអ៊ុយក្រែន ចេញពីផែនទីពិភពលោក រួចបន្តកាន់កាប់ប្រទេសនេះ ឲ្យស្ថិតក្នុងប្រទេសរុស្ស៊ី។ ប៉ុន្ដែគោលបំណងទាំងនោះ ត្រូវបរាជ័យ»។

លោក អេតូនី ប្ល៊ីនខែន (Antony Blinken) រដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក បានទទួលស្គាល់ការពិតថា «មានការវាយប្រយុទ្ធគ្នាយ៉ាងសាហាវ នៅភាគខាងកើត ប្រទេសអ៊ុយក្រែន ជាមួយនឹងការឈ្លានពានរបស់រុស្ស៊ី ដោយមានកម្លាំងអ៊ុយក្រែន រុញថយក្រោយ ហើយនៅសមរភូមិនោះ បានមានការប្រែប្រួល។ រុស្ស៊ី ទទួលបានជោគជ័យ កាន់កាប់តំបន់មួយចំនួន នៅភាគខាងកើត ប្រទេសអ៊ុយក្រែន។ ប៉ុន្តែអ្វីដែលសំខាន់ គឺការលើកឡើងជាយុទ្ធសាស្ត្រដែល ពូទីន នឹងមិនទទួលបានជោគជ័យ តាមអ្វីដែលគាត់បានព្យាយាមឲ្យសម្រេចតាមមហិច្ឆតារបស់គាត់»៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×