រូបថត១សន្លឹក បង្ហាញចាស់ជរាស្នាក់នៅ និងហូបបាយ លើបង្គន់ កំពុងត្រូវបានចែករំលែក បង្កឲ្យការចាប់អារម្មណ៍ជាខ្លាំង ជាមួយការសម្ដែងក្ដីអាណិតអាសូរឥតឧបមា ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម។
តែយ៉ាងណាមិញ ស្របពេលរូបភាពដ៏ខ្លោចចិត្តនេះ កំពុងទទួលការចាប់អារម្មណ៍ខ្លាំង ស្រាប់តែស្រីស្អាតម្នាក់ជាម្ចាស់ផេក «កំពូល ម៉ូត» បានប្រកាសគួរឲ្យភ្ញាក់ផ្អើលថា នឹងបើកមណ្ឌលមើលថែចាស់ជរា គ្មានទីជម្រក ជនពិការ… តែក្រោមលក្ខខណ្ឌដ៏ហួសចិត្ត ទាល់តែពេលផេករបស់ខ្លួនមានអ្នក Views ១០លាន និងអ្នកLike ឡើងរហូតដល់៤លានសិន។
ភ្ជាប់រូបថត១សន្លឹកដ៏ចាប់អារម្មណ៍នោះ រួមជាមួយរូបថតគ្រួសាររបស់ខ្លួន ផេកហ្វេសប៊ុកស្រីស្អាតរូបនេះ បានប្រកាលកាលពីរសៀលថ្ងៃទី២៥ ខែមិថុនា យ៉ាងដូច្នេះថា «នាងខ្ញុំនិងលោកប្ដីមានគំរោងបើកមណ្ឌល មើលថែចាស់ជរា គ្មានទីជម្រក ជនពិការ.. ខ្ញុំនឹងធ្វើឡើង នៅពេលបងប្អូនគាំទ្រខ្ញុំបាន10M View និង4M like page (នៅពេលនេះខ្ញុំមិនទាន់អាចមានលទ្ធភាពឡើយ) ខ្ញុំជឿជាក់លើបងប្អូននិងខមិនគាំទ្រពិតៗ ខ្ញុំនិយាយពិត ធ្វើពិត និងបង្ហាញសង្គមពិត.. សូមបងប្អូនទាំងក្នុងនិងក្រៅស្រុកគាំទ្រគំរោងខ្ញុំឡើង ។ រូបភាពយកមកពី Facebook online តែសុំប្ដូរការធ្វើបន្ទប់មិនដូចរូបឡើយ រៀងធំតិច មូលហេតុនេះហើយដែលខ្ញុំចង់បានដី ជាហិចតាច្រើនៗ»។
តែទោះជាយ៉ាងណា ក្រោយពីបានឃើញប្រកាសធ្វើទង្វើសប្បុរសធម៌ ក្នុងលក្ខខណ្ឌដ៏ចម្លែកបែបនេះ ហួសចិត្តខ្លាំងពេក អ្នកលេងបណ្តាញសង្គមជាច្រើន បាននាំគ្នាបញ្ចេញមតិរិះគន់ម្នាក់មួយម៉ាត់ឡើងកប់ៗថា៖ «អ្នកជួយសង្គមរាល់ថ្ងៃ គេមិនដែលដាក់លក្ខខណ្ឌចង់បាន view like ស្អីទេ គេធ្វេីដោយឆន្ទៈ នាងឯងចេញមកខុសគេ។ សំរាកទៅនាង ខ្ញុំហត់ណាស់ ប្រភេទអ្នកលក់អនឡាញដូចនាងនេះ ចេញមកម្ដងៗបេីមិនបានគេជេរ ដេកមិនលក់, ដំបូងតែ1M Like ទេ ដល់គេចាប់អារម្មណ៍ច្រើន edit 4M វិញ ចង់ល្បីហួសហេតុ, ធ្វេីបុណ្យទាល់តែមានលក្ខខណ្ឌ កុំធ្វេីដេីម្បីចឹងអី ជួលគេ boost ទៅបង មិនអស់លុយ ប៉ុុន្មានទេនាង!, សាងសងមណ្ឌលគួរតែពាក់ព័ន្ធស៊ីម៉ងឥដ្ឋ ចុះមេចរកview likeវិញ អត់ទោសឆ្ងល់ពិតៗម៉ង, នេះគេហៅថាជួញដូរបុណ្យ មិនមែនធ្វើបុណ្យទេ! ការធ្វើបុណ្យកើតឡើងដោយសទ្ធាជ្រះថ្លាដោយសុទ្ធចិត្ត និងមិនប្រាថ្នាការតបស្នងអ្វីវិញឡើយ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








