Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្រ្តីក្រសួងពាណិជ្ជកម្ម៖ កម្ពុជាមិនបារម្ភខ្វះខាតប្រេងឥន្ធនៈ ប្រើប្រាស់ដូចករណីប្រទេសមួយចំនួននោះទេ

spot_img

ភ្នំពេញ៖ បច្ចុប្បន្ន កម្ពុជាបាននាំចូលប្រេងពីប្រទេសសិង្ហបុរី ថៃ និងវៀតណាមជាដើម។ ហើយការកើនឡើងនៃតម្លៃប្រេងនាំចូលនាពេលនេះ បណ្តាលមកពីការហក់ឡើងនៃតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ ដែលកើតចេញពីការសង្គ្រាមលុកលុយរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។

បើយោងតាមតួលេខផ្តល់ដោយក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ប្រទេសកម្ពុជា បាននាំចូលប្រេងឥន្ធនៈក្នុងតម្លៃទឹកប្រមាណ ៩៧១លានដុល្លារ នៅក្នុងរយៈពេល ៥ខែ ឆ្នាំ ២០២២ បានកើនឡើង ៥៧,៣៦ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១។

ឯកឧត្តម ប៉ែន សុជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា កម្ពុជាមិនបារម្ភនឹងការខ្វះខាតប្រេងឥន្ធនៈ ប្រើប្រាស់ដូចករណីប្រទេសមួយចំនួននោះទេ ដោយក្រសួងពាណិជ្ជកម្ម បានសហការជាមួយក្រុមហ៊ុនឯកជន ដែលនាំចូលប្រេងមកកម្ពុជា អនុវត្តយុទ្ធសាស្រ្តស្តុកប្រេង សម្រាប់ផ្គត់ផ្គង់ និងបម្រើការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅក្នុងប្រទេសឱ្យបានយ៉ាងហោចណាស់ ២០ថ្ងៃ។

ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៦,៥ សេនដុល្លារ ក្នុងមួយលីត្រ ដែលធ្វើឲ្យថ្លៃលក់លាយប្រេងឥន្ធនៈសម្រាប់អនុវត្ត ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២២នេះ ចុះមក ៥៨០០ រៀលក្នុងមួយលីត្រ សម្រាប់សាំងធម្មតា EA92 និង ៦៣០០រៀល ក្នុងមួយលីត្រ សម្រាប់ប្រេងម៉ាស៊ូត DO 50ppm។

សូមជម្រាបថា បើតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា បើទោះបីជាកម្ពុជា ជាប្រទេសនាំចូលប្រេងទាំងស្រុងក៏ដោយ ប៉ុន្តែការរក្សាស្តុកត្រឹម ២០ថ្ងៃ គឺជាដំណោះស្រាយមួយដ៏ល្អ សម្រាប់វិស័យឯកជន និងសម្រាប់ត្រៀមបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ៕

spot_img
×