Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លទ្ធផលការងារ និងទិសដៅការងារពាក់ព័ន្ធនឹងការប្រឆាំង ការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ

spot_img

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ហៅកាត់ថា គ.ស.ហ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីលទ្ធផលការងារ និងទិសដៅការងារពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ នៅសណ្ឋាគារសុខាភ្នំពេញ។

អញ្ជើញមានប្រសាសន៍បើកកិច្ចប្រជុំនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា កិច្ចប្រជុំផ្សព្វផ្សាយនាថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីការងារឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យនៅកម្ពុជា ដល់ថ្នាក់ដឹកនាំកំពូលរបស់ក្រសួង ស្ថាប័ន អាជ្ញាធរត្រួតពិនិត្យ អភិបាលនៃគណៈអភិបាលរាជធានី ខេត្តទាំង២៥ និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីពង្រឹងការអនុវត្តមុខងារភារកិច្ចរបស់ខ្លួន និងរក្សាឱ្យបាននិរន្តរភាពការងារនេះ។

សម្ដេចបន្ថែមថាកិច្ចប្រជុំនេះក៏មានគៅលដៅផ្សព្វផ្សាយអំពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងក្របខណ្ឌនៃការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាពអាវុធមហាប្រល័យ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ពិសេសក្នុងស្ថានភាពដែលប្រទេសកម្ពុជាកំពុងឋិតក្នុងបញ្ជីប្រផេះ។ សម្ដេចបន្តថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ តាមរយៈការបង្កើតគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដោយបាននឹងកំពុងប្ដេជ្ញាចិត្តខ្ពស់ក្នុងការងារនេះ តាមរយៈការបង្កើតយន្តការ និងប្រព័ន្ធការងាជាអចិន្រ្តៃយ៍ ដើម្បីអាចដកកម្ពុជាចេញពីបញ្ជីប្រផេះផង និងសំដៅលើកកម្ពស់កិត្តិនាមកម្ពុជាទាំងក្នុងតំបន់ និងអន្តរជាតិផង។

ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាអនុប្រធានប្រចាំការ គ.ស.ហ បានធ្វើសេចក្ដីរាយការណ៍ឱ្យដឹងថា បន្ទាប់ពីត្រូវដាក់បញ្ជូលក្នុងបញ្ជីប្រផេះលើកទី២កាលពីដើមឆ្នាំ២០០៩ កម្ពុជាបានខិតខំអនុវត្តតាមផែនការសកម្មភាព១៤ចំណុចដែលបានដាក់ចេញ និងបានរាយការណ៍វឌ្ឍនភាពការងារជាបន្តបន្ទាប់ និងទទួលបានការតម្លើចំណាត់ថ្នាក់ទៅលើតែលទ្ធផលជាក់ស្ដែងចំនួន៣ ក្នុងចំណោមចំណុចដែលតម្រូវឱ្យធ្វើបានយ៉ាងហោចណាស់៧ក្នុងចំណោម១៤ចំណុច។

ឯកឧត្តមបានគូសបញ្ជាក់ថា ដោយពិនិត្យឃើញពីភាពបន្ទាន់ និងចាំបាច់ក្នុងការបំពេញផែនការសកម្មភាពដែលសេសសល់សម្រាប់រៀបចំរបាយការណ៍វឌ្ឍនភាពលើកទី៩កំណត់ត្រឹមខែមេសាឆ្នាំ២០២២ ដើម្បីឈានដល់ការដកកម្ពុជាចេញពីបញ្ជីប្រផេះឱ្យបានឆាប់រហ័សនោះ សម្ដេចក្រឡាហោម ប្រធាន គ.ស.ហ បានផ្ដល់អនុសាសន៍កែសម្រួលសមាសភាព និងពង្រីកវិសាលភាពសមាសភាព គ.ស.ហ ឱ្យកាន់តែធំទូលាយ ព្រមទាំងបង្កើតអនុគណៈកម្មការ និងក្រុមការងារដើម្បីដឹកនាំ និងអនុវត្តការងារដែលនៅសេសសល់នោះ។

ឯកឧត្តមបន្តថាជាលទ្ធផលក្នុងជុំទី៩នេះ កម្ពុជាសម្រេចបានវឌ្ឍនភាពលើសការរំពឹងទុក ដោយក្នុងចំណោមសកម្មភាពដែលសេសសល់ចំនួន៤នោះ កម្ពុជាសម្រេចបានចំនួន៣ ពោលគឺផែនការសកម្មភាពសរុបចំនួន១៣ គិតត្រឹមជុំទី៩នេះ ហើយថាជាំទិសដៅចំពោះមុខនេះ កម្ពុជា ត្រូវអនុវត្តឱ្យបានពេញលេញនូវផែនការសកម្មភាពទាំង១៤ ពិសេសសម្រេចឱ្យបាននូវសកម្មភាព១ចុងក្រោយ ពាក់ព័ន្ធនឹងការបង្កក និងការរឹបអូសផលនៃបទល្មើស ឧបករណ៍មធ្យោបាយប្រព្រឹត្តបទល្មើស និងទ្រព្យសម្បត្តិមានតម្លៃស្មើ។

ឯកឧត្តមបន្តថាទន្ទឹមនេះ កម្ពុជាក៏ត្រូវបន្តរាយការណ៍ និងរក្សាកំណើននៃទិន្នន័យពាក់ព័ន្ធនឹងការបញ្ជូនរបាយការណ៍ និងចំនួននៃការស៊ើបសង្កេត និងការចោទប្រកាន់ពីបទសម្អាតប្រាក់ ដែលទាមទារឱ្យមានការចូលរួមពីមន្រ្តីពាក់ព័ន្ធសំដៅឈានទៅទាញកម្ពុជាចេញពីបញ្ជីប្រផេះ និងធានាស្ថិរភាពប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុកម្ពុជា ខណៈក្រុមការងារអន្តរជាតិនឹងចុះមកត្រួតពិនិត្យដល់ទីកន្លែងនៅអំឡុងខែមករា ឆ្នាំ២០២៣។

នាឱកាសនោះដែរ ឯកឧត្តម កើតរិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌និង ប្រធានអនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាពរបស់ក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិច អំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ បានរាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គពិធីអំពីថា អនុគណៈកម្មការបានវាយតម្លៃ និងសន្និដ្ឋានថា ការបង្កើតបាននូវយន្តការប្រឆាំងការសម្អាតប្រាក់នៅតាមក្រសួងស្ថាប័នអនុវត្តច្បាប់ និងការបង្កើតបាននូវប្រព័ន្ធការងារ និងរបៀបរបបការងារមួយច្បាស់លាស់សម្រាប់ការប្រឆាំងការសម្អាតប្រាក់នៅតាមក្រសួងស្ថាប័ននានានោះ គឺជាគន្លឹះដើម្បីធានាប្រសិទ្ធភាព និងនិរន្តរភាពនៃការប្រឆាំងការសម្អាតប្រាក់នៅកម្ពុជា ទាំងសម្រាប់ពេលចំពោះមុខ ទាំងសម្រាប់រយៈពេលវែងទៅថ្ងៃមុខ។

ឯកឧត្តមបន្តថាបន្ទាប់ពីកម្ពុជាបានដាក់របាយការណ៍ជុំទី៩ និងដូចឯកឧត្តម ជា ចាន់តូ បានរាយការណ៍នោះ នាខែមិថុនា ឆ្នាំ២០២២នេះ មហាសន្នបាតអន្តរជាតិពាក់ព័ន្ធនឹងការងារប្រឆាំងការសម្អាតប្រាក់ បានអនុម័តលើរបាយការណ៍វឌ្ឍនភាពជុំទី៩ របស់កម្ពុជា និងបានកំណត់ជំហានបន្ទាប់ជាមួយនឹងអនុសាសន៍មួយចំនួន។ ឯកឧត្តមបន្តថាការធានាបាននូវនិរន្តរភាពការងារ គឺជាចំណុចគន្លឹះ និងជាបេសកម្មចំបងរបស់អនុគណៈកម្មការ និងការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្ដោតជាពិសេសលើគុណភាព និងប្រសិទ្ធភាពនៃការប្រឆាំងការសម្អាតប្រាក់សំដៅរួមចំណែកដល់ការប្រឆាំងការធ្វើភេវរកម្ម និងការប្រឆាំងការធ្វើហិរញ្ញប្បទានដល់ការរីកសាយភាពអាវុធមហាប្រល័យ។

បន្ទាប់ពីស្ដាប់របាយការណ៍ជាបន្តបន្ទាប់នោះរួចមក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានបន្តមានប្រសាសន៍គូសបញ្ជាក់បន្ថែមអំពីការខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្អាតប្រាក់ដែលជាការរួមចំណែកយ៉ាងសំខាន់ដល់ការប្រឆាំងហិរញ្ញប្បទានភេវរកម្ម ប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។ សម្ដេចក្រឡាហោម បានអះអាងថា ការសម្រេចបានលទ្ធផលជាក់ស្ដែងស្ទើទាំងអស់នៃទិសដៅការាងរនោះ ជាការបង្ហាញអំពីការខិតខំប្រឹងប្រែងក្នុងការប្ដេជ្ញាចិត្តទាំងកម្រិតនយោបាយ កម្រិតបច្ចេកទេស នៅក្នុងការងារប្រឆាំងការសម្អាតប្រាក់របស់រាជរដ្ឋាភិបាលកម្ពុជា។

ជាមួយនឹងថ្លែងកោតសរសើរក្រុមការងារពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្មក្នុងការងារប្រឆាំងការសម្អាតប្រាក់ សម្ដេចក្រឡាហោម បានសង្កត់ធ្ងន់ថា«បញ្ហាដែលនៅសល់ គឺ IO8 ដែលក៏ទាក់ទងនឹង IO7 ។ IO7 គឺទាក់ទងនឹងការបង្ក្រាបបទល្មើស ហើយ IO៨ ទាក់ទងនឹងការបង្កកទ្រព្យសម្បត្តិ។ បានន័យថា បើយើងបង្ក្រាបគ្រឿងញៀនមួយករណីធំមួយ យើងត្រូវតែស្រាវជ្រាវ មិនមែនបញ្ចប់ត្រឹមការដែលយើងចាប់ហើយផ្ដន្ទាទោសដូចករណីមួយដែលយើងបានធ្វើនោះទេ។ យើងត្រូវតែស្រាវជ្រាវឱ្យបានដល់ឬសគល់ ថាតើបានប្រភពធនធានឯណាមកជួញដូរគ្រឿងញៀន? តើមានធនធាន មានទ្រព្យសម្បត្តិរាប់ទាំងថវិកា ដីធ្លី ផ្ទះសម្បែង មធ្យោបាយ ឬឧបករណ៍ផ្សេងៗទៀតទេដែលមានការពាក់ព័ន្ធ និងតើជនប្រព្រឹត្តបទល្មើសនោះយកមពីណា ហើយមានប៉ុន្មាន? រួចហើយតុលាការនឹងធ្វើការវិនិច្ឆ័យដើម្បីបង្កក រឹបអូស ដែលនោះហើយជាកិច្ចការដែលយើងត្រូវធ្វើបន្តតាមIO7 និងIO8»។

ពាក់ព័ន្ធនឹងការងារនេះ សម្ដេចក្រឡាហោមពន្យល់ទៀតថា«ដើម្បីកុំឱ្យទ្រព្យសម្បត្តិទាំងអស់នេះ វាទៅបំរើអំពើភេវរកម្ម បំរើឱ្យការពង្រីកអាវុធមហាប្រល័យ គោលដៅធំនៃការងាររបស់យើងនេះ គឺយ៉ាងដូច្នេះឯង។ យើងកំពុងតែឋិតនៅក្នុងបញ្ជីប្រផេះ តែបើប្រៀបធៀបទៅនឹងបញ្ជីប្រផេះមុនរបាយការណ៍ទី៩ និងក្រោយរបាយការណ៍ជុំទី៩នេះ វាខុសគ្នា។ ប្រផេះដូចគ្នា ប៉ុន្តែចង់និយាយថា តាមរយៈវឌ្ឍនភាពនៃរបាយការណ៍ជុំទី៩ ដែលមានច្រើន កិច្ចការសេសសល់នៅតិចជាង គឺនៅសេសសល់តែចំណុចទី៧ និងទី៨។ យ៉ាងណា យើងចាត់ទុកថាបើបញ្ជីប្រផេះនេះមិនត្រូវបានដកចេញពីកម្ពុជាទេ ធនាគាររបស់យើងនឹងមានឧបសគ្គក្នុងប្រតិបត្តិការ។ នេះហើយជាបញ្ហាដែលយើងប្ដេជ្ញារួមគ្នាដកកម្ពុជាចេញពីបញ្ជីប្រផេះ ហើយទាំងអស់គ្នាមានភារកិច្ចចូលរួម»។

ទាក់ទងនឹងយន្តការតាមក្រសួងស្ថាប័នក្នុងការរួមចំណែកដោះស្រាយបញ្ហានេះ សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំឱ្យប្រធានស្ថាប័នផ្ដល់អាទិភាពខ្ពស់លើការងារប្រឆាំងការសម្អាតប្រាក់ ដោយសម្ដេចបានបន្ថែមថា«នៅទីនេះ ទោះបីថាមានវត្តមាន ឬមិនមានវត្តមាន ឬមានតំណាងមកជំនួស ខ្ញុំសូមត្រឡប់ទៅវិញ គឺរាយការណ៍ជូនប្រធានស្ថាប័នជាបន្ទាន់ ដើម្បីចាត់វិធានការណ៍តាមសមត្ថកិច្ចរបស់ខ្លួន រួមចំណែកដល់ការលើកស្ទួយមុខមាត់កម្ពុជា ពិសេសការប្ដេជ្ញាចិត្តរបស់យើងចេញពីបញ្ជីប្រផេះនេះឱ្យបានដែលជាការគោលដៅ និងការប្ដេជ្ញាចិត្តរបស់យើង។ បញ្ហាមិនមែនតែពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនទេ វាក៏ពាក់ព័ន្ធនឹងអំពើពុរលួយ បទល្មើសព្រៃឈើ បទល្មើសនេសាទ និងបទល្មើសផ្សេងៗទៀតដែលពាក់ព័ន្ធនឹងការដាក់បញ្ចូលកកម្ពុជាក្នុងបញ្ជីប្រផេះនេះ»។

មុននឹងបញ្ចប់សម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថាកម្ពុជា នៅមានការបន្តអនុវត្តការងារសម្រាប់របាយការណ៍វឌ្ឍនភាពជុំទី១០ បន្ថែមទៀត ដើម្បីដកខ្លួនចេញពីបញ្ជីប្រផេះនេះ តាមរយៈការសម្រេចឱ្យបាននូវលទ្ធផលជាក់ស្ដែងនៃ IO8 និងការផ្ដល់នូវស្ថិតិនានាពាក់ព័ន្ធនឹងលទ្ធផលជាក់ស្ដែងនៃ IO6 និង IO7 ដើម្បីបង្ហាញពីនិរន្តរភាពកម្ពុជាក្នុងការប្រឆាំងការសម្អាតប្រាក់។ សម្ដេចក៏បានផ្ដល់អនុសាសន៍មួយចំនួនទៀតទៅកាន់អង្គពិធី ពិសេសក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីធានាសម្រេចឱ្យបានជោគជ័យក្នុងការងារប្រឆាំងការសម្អាតប្រាក់ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យនៅកម្ពុជា៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×