Sunday, September 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា រំពឹងថា ការវិនិយោគលើវិស័យសំណង់ នឹងមានកំណើន ៣% នៅឆ្នាំ២០២២នេះ

ភ្នំពេញ៖ បើទោះបី គម្រោងសាងសង់នៅត្រីមាសទី១ ឆ្នាំនេះ ធ្លាក់ចុះ ៦៥ គម្រោងក៏ដោយ ក៏កម្ពុជា រំពឹងថា ការវិនិយោគលើវិស័យសំណង់ នឹងមានកំណើន ៣% នៅឆ្នាំ២០២២នេះ។

នៅត្រីមាសទី១ ឆ្នាំ២០២២ ការអនុម័តលើសំណើគម្រោងសាងសង់ សរុបមានចំនួន ១.០០១គម្រោង ធ្លាក់ចុះ ៦៥គម្រោង ស្មើនឹង ៦,១% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ដែលបណ្តាលមកពីការធ្លាក់ចុះគម្រោងប្រភេទសំណង់សាធារណៈ, សំណង់លំនៅឋាន-ភូមិគ្រឹះ, សំណង់ពាណិជ្ជកម្ម សំណង់ឧស្សាហកម្ម និងសំណង់ទេសចរណ៍។ បើយោងតាមរបាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅពេលនេះ។

ទោះបីជាយ៉ាងណា ក្រសួងព្យាករថា វិស័យសំណង់ នឹងងើបឡើងវិញក្នុងអត្រា ៣ភាគរយ ក្នុងឆ្នាំ ២០២២នេះ ដោយសារកំណើនការផ្តល់ឥណទាន លើវិស័យសំណង់បានបន្តកើនឡើង ស្របពេលរាជរដ្ឋាភិបាល បាន និង​កំពុងបន្តតាមដាន និងដាក់ចេញគោលនយោបាយអន្តរាគមន៍ឱ្យបានទាន់ពេលវេលា សំដៅបញ្ចៀសហានិភ័យ ដែលអាចនឹងកើតឡើង។

អ្នកជំនាញអចនលទ្រព្យ បានឱ្យដឹងថា ការវិនិយោគផ្ទាល់ពីបរទេសក្នុងវិស័យសំណង់នៅក្នុងប្រទេស​កម្ពុជា នាពេលបច្ចុប្បន្ននេះ គឺត្រូវបាននាំមុខគេដោយប្រភពទុនមកពីប្រទេសចិន បន្ទាប់មកមានកូរ៉េខាងត្បូង ជប៉ុន និងកោះតៃវ៉ាន់ ប៉ុន្តែការបន្តអនុវត្តគោលនយោបាយរឹតបន្តឹងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩របស់ចិន បានជះឥទ្ធិពលមកលើវិស័យនេះនៅកម្ពុជា។

បើតាមលោកឧកញ៉ា នួន រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន KFA បានលើកឡើងថា ការធ្លាក់ចុះនៃការវិនិយោគលើវិស័យសំណង់នៅដើមឆ្នាំនេះ បណ្តាលមកពីការអូសបន្លាយនៃជំងឺកូវីដ១៩ ទោះបីជាស្ថានភាពបានធូរស្រាលជាងមុនក៏ដោយ និងកត្តាសំខាន់មួយទៀតដោយសារ ស្ថានភាពស្មុគស្មាញនៃសេដ្ឋកិច្ចពិភពលោកដែលតម្លៃថាមពលកំពុងកើនឡើង បានធ្វើឲ្យអ្នកវិនិយោគមានការពិចារណាច្រើនជាងមុនក្នុងការសម្រេចចិត្តវិនិយោគរបស់ពួកគេ។

គួរបញ្ជាក់ថា បើតាមលោកឧកញ៉ានួន រិទ្ធី ការធ្លាក់ចុះក្នុងអត្រាជាង ៦ភាគរយនៃគម្រោងវិនិយោគវិស័យសំណង់នៅកម្ពុជានាពេលនេះ មានកម្រិតទាបនៅឡើយ។ ដោយរំពឹងថា ការវិនិយោគលើវិស័យនេះ នឹងឃើញកំណើនដ៏ល្អនៅឆ្នាំ ២០២៣ ខាងមុខ បន្ទាប់ពីការងើបឡើងវិញនៃវិស័យទេសចរណ៍ ដែលផ្តល់ក្តីសង្ឈឹមដល់អាជីវកម្មសណ្ឋាគារ និងការបន្តទាក់ទាញវិនិយោគថ្មីៗលើអាជីវកម្មមួយនេះ៕

spot_img
×