ស៊ុយអែត និងហ្វាំងឡង់ រង់ចាំថ្ងៃនេះជាយូរមកហើយ គឺអ្វីដែលខ្លួនចង់បាននោះ ឥឡូវមកដល់ហើយ, គឺ អង្គការណាតូ កាលពីថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០២២ ម្សិលមិញនេះ បានអញ្ជើញប្រទេសស៊ុយអែត និងហ្វាំងឡង់ ចូលរួមសម្ព័ន្ធភាពយោធាជាមួយខ្លួន ដែលជាការផ្លាស់ប្តូរដ៏ធំបំផុតមួយនៅក្នុងសន្តិសុខអឺរ៉ុប ក្នុងរយៈពេលជាច្រើនទសវត្សរ៍បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។
ស្ថានការណ៍នេះ បានរុញច្រានទីក្រុង Helsinki និង Stockholm បោះបង់អព្យាក្រឹតភាពប្រពៃណីរបស់ពួកគេ ហើយទៅរួមដៃជាមួយបណ្ដាប្រទេសអឺរ៉ុប។

បើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters កាលពីថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០២២ ឱ្យដឹងថា សម្ព័ន្ធមិត្តចំនួន ៣០ប្រទេសរបស់ណាតូ បានសម្រេចចិត្តទទួលយក ស៊ុយអែត និងហ្វាំងឡង់ ជាសម្ព័ន្ធមិត្តបែបនេះនៅក្នុងកិច្ចប្រជុំកំពូលរបស់ពួកគេ ក្នុងទីក្រុងម៉ាឌ្រីត ហើយក៏បានយល់ព្រមចាត់ទុកជាផ្លូវការថា រុស្ស៊ី ជា «ការគំរាមកំហែងដ៏សំខាន់បំផុត និងដោយផ្ទាល់» ចំពោះសន្តិសុខរបស់សម្ព័ន្ធមិត្ត នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់កិច្ចប្រជុំកំពូលរបស់ណាតូ។
មេដឹកនាំអង្គការណាតូបាននិយាយនៅក្នុងសេចក្តីប្រកាសរបស់ពួកគេថា «ថ្ងៃនេះ យើងបានសម្រេចចិត្តអញ្ជើញប្រទេសហ្វាំងឡង់ និងស៊ុយអែត ឱ្យចូលជាសមាជិកនៃអង្គការណាតូ» បន្ទាប់ពីប្រទេសតួកគីបានដកវេតូជំទាស់មិនឲ្យប្រទេសទាំងពីរនេះចូលជាសមាជិកចេញវិញ។
ប្រមុខអង្គការណាតូ លោក ស្តុល ធេនប៊ឺក (Stoltenberg) បាននិយាយថា «យើងនឹងធ្វើឱ្យប្រាកដថា យើងអាចការពារសម្ព័ន្ធមិត្តទាំងអស់ រួមទាំងហ្វាំងឡង់ និងស៊ុយអែតផងដែរ»។
សូមបញ្ជាក់ថា ការផ្តល់សច្ចាប័ននៅក្នុងសភានៃសម្ព័ន្ធមិត្ត ទំនងជាត្រូវចំណាយពេលដល់ទៅមួយឆ្នាំ ប៉ុន្តែនៅពេលដែលវារួចរាល់ហើយនោះ ហ្វាំងឡង់ និងស៊ុយអែត នឹងត្រូវបានគ្របដណ្តប់ការពារដោយអង្គការណាតូ, ដោយ មាត្រា ៥ កំណត់ថា រាល់បណ្ដាប្រទេសជាសម្ព័ន្ធមិត្រ ស្ថិតក្រោមឆត្រការពារនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN














