កងកម្លាំងយោធាអាមេរិក នឹងត្រូវដាក់ពង្រាយពង្រឹងជំហរការពារបន្ថែមទៀតនៅតំបន់អឺរ៉ុប ដោយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសថា សហរដ្ឋអាមេរិកនឹងផ្លាស់ប្តូរជំហរកងកម្លាំងយោធារបស់ខ្លួននៅអឺរ៉ុប ដើម្បីទប់ទល់ពីការគំរាមកំហែងរបស់រុស្ស៉ី ក្រោយការឈ្លានពានលើអ៊ុយក្រែន។
បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០២២ ឱ្យដឹងថា លោកប្រធានាធិបតីសហរដ្ឋអាមេរិកប្រកាសជំហរបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំកំពូលរបស់អង្គការ NATO ដែលរៀបចំឡើងនៅ ទីក្រុងម៉ាឌ្រីដប្រទេសអេស៉្បាញ ដែលពេលនោះ លោក បៃដិន បានថ្លែងថា ចំពោះមុខស្ថានការណ៍បច្ចុប្បន្ន បក្សសម្ព័ន្ធយោធាមួយនេះ គឺចាំបាច់ត្រូវសាមគ្គី និងពង្រឹងជំហរការពារជាងពេលណាៗទាំងអស់។

បើតាមលោក ចូ បៃដិន ថ្លែងនៅក្នុងអង្គប្រជុំកំពូលណាតូ ថា កងកម្លាំងអាមេរិក នៅ NATO នឹងត្រូវពង្រឹងទាំងខាងជើងគោក ជើងទឹក និងជើងអាកាស តាមរយៈការបង្កើនចំនួន វត្តមាននាវាចម្បាំងអាមេរិកនៅអេស៉្បាញពី ៤គ្រឿង ទៅដល់ ៦គ្រឿង, បញ្ជូនក្រុមយន្តហោះចម្បាំង F-35 ២កងបន្ថែមទៅកាន់ចក្រភពអង់គ្លេស និងបង្កើតទីស្នាក់ការកងទ័ពជើងគោកទី៥ នៅប៉ូឡូញ និងនៅក្នុងប្រទេសមួយចំនួនទៀតក្នុងតំបន់អឺរ៉ុប៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN
















