ទីក្រុងប៊្រុសសែលស៍ (Brussels)៖ ក្រោយពេលតួកគីបើកផ្លូវឲ្យស៊ុយអែត និង ហ្វាំងឡង់ដ៍ ដែលមានព្រំដែនជាប់គ្នាជាង១០០០គីឡូម៉ែត្រជាមួយនឹងរុស្ស៊ី ឲ្យចូលរួមជាមួយនឹងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ NATO (តាមភាសាអង់គ្លេស ឬ OTAN តាមភាសាបារាំង) ហើយធ្វើឲ្យប្រែប្រួលយ៉ាងធំ នៅក្នុងកិច្ចការសន្ដិសុខអឺរ៉ុប អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះភ្លាម ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ក៏បានព្រមានដល់ប្រទេសទាំង២នេះ ហើយថ្កោលទោស ដល់អង្គការសម្ពន្ធមិត្តយោធាមួយនេះ។
សារព័ត៌មានឥណ្ឌា NDTV បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២ ថា ប្រទេសស៊ុយអែត និង ហ្វាំងឡង់ដ៍ ធ្លាប់តែប្រកាន់យកនូវគោលនយោបាយអព្យាក្រឹត អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកហើយ ប៉ុន្ដែចាប់តាំងពីរុស្ស៊ី បានលើកកងទ័ព ចូលលុកលុយ ទៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ នោះមក ប្រទេសទាំងនេះ ក៏បានបោះបង់អព្យាក្រឹតភាពរបស់ខ្លួនចោល ហើយដាក់ពាក្យសុំចូលរួមជាមួយនឹងអង្គការណាតូ។

លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី បានថ្កោលទោស ចំពោះ «មហិច្ឆតាអធិរាជ» របស់អង្គការណាតូ ដោយចោទប្រកាន់ ដល់សម្ពន្ធមិត្តយោធាដ៏ខ្លាំងក្លារបស់ពិភពលោកមួយនេះថា កំពុងស្វែងរកការអះអាង ពី«ឧត្តមភាព»របស់ខ្លួន តាមរយៈជម្លោះ នៅក្នុងប្រទេសអ៊ុយក្រែន។
មេដឹកនាំរុស្ស៊ី រូបនេះ ក៏បានថ្លែង កាលពីថ្ងៃពុធ ថា គាត់នឹងឆ្លើយតប ដោយសប្បុរស ប្រសិនបើណាតូដាក់ពង្រាយកងទ័ព និង កសាងហេដ្ឋារចនាសម្ព័ន្ធយោធា នៅក្នុងប្រទេសហ្វាំងឡង់ដ៍ និង ស៊ុយអែត បន្ទាប់ពីប្រទេសន័រឌីក (Nordic ជាតំបន់ភូមិសាស្រ្ដនយោបាយ និងវប្បធម៌ នៅអឺរ៉ុបខាងជើង និង អាត្លង់ទិកខាងជើង) ទាំង២នេះ ចូលរួមជាមួយនឹងអង្គការណាតូ។
ការធ្វើអត្ថាធិប្បាយរបស់ ពូទីន បានកើតឡើង រយៈពេល១ថ្ងៃ ក្រោយពេលតួកគី ជាសមាជិករបស់អង្គការណាតូ ដកសិទ្ធិវេតូរបស់ខ្លួន ជុំវិញការរារាំង ដល់ប្រទេសហ្វាំងឡង់ដ៍ និង ស៊ុយអែត ចូលរួមជាមួយនឹងសម្ពន្ធមិត្តយោធាមួយនេះ។ រដ្ឋាភិបាលក្រុងអង់ការ៉ា បានបើកផ្លូវដល់ក្រុងហែលស៊ីនគី (ហ្វាំងឡង់ដ៍) និង ក្រុងស្ដុកខម (ស៊ុយអែត) ចូលរួមជាមួយអង្គការណាតូ ក្រោយពេលប្រទេសទាំង៣ ព្រមព្រៀង ការពារសន្ដិសុខឲ្យគ្នាទៅវិញទៅមក។
លោក ពូទីន ប្រធានាធិបតីរុស្ស៊ី បានប្រាប់ដល់បណ្ដាញទូរទស្សន៍រដ្ឋរុស្ស៊ី បន្ទាប់ពីមានកិច្ចពិភាក្សាជាមួយនឹងមេដឹកនាំក្នុងតំបន់ នៅប្រទេសធឺមិននីស្ថាន (Turkmenistan) ធ្លាប់ជារដ្ឋ ភាគកណ្ដាល នៃអតីតសហភាពសូវៀត ថា «ជាមួយនឹងប្រទេសស៊ុយអែត និង ហ្វាំងឡង់ដ៍ នោះ យើងមិនមានបញ្ហា ដូចអ្វីដែលយើងមាន ជាមួយនឹងអ៊ុយក្រែន នោះទេ។ ប្រទេសទាំង២នេះ ចង់ចូលរួមជាមួយអង្គការណាតូ សូមបន្តដំណើរទៅមុខចុះ»។
ប្រធានាធិបតីរុស្ស៊ី បានបន្ថែមថា «ទំនាក់ទំនងរបស់ក្រុងមូស្គូ ជាមួយនឹងហែលស៊ីនគី និង ស្ដុកខម នឹងមានភាពច្របូកច្របល់ខ្លាំង នាពេលខាងមុខ ខណៈប្រទេសទាំងនេះ ចូលជាសមាជិករបស់អង្គការណាតូ។ អ្វីៗគ្រប់យ៉ាងទាំងអស់ គឺមិនមានបញ្ហា រវាងយើងនោះទេ ប៉ុន្ដែឥឡូវវាអាចនឹងមានភាពតានតឹងខ្លះ ហើយវានឹងពិតជាមានភាពតានតឹង»។
ដោយឡែក លោក ឌីមីទ្រី មេដវេដេវ (Dmitry Medvedev) អតីតប្រធានាធិបតីរុស្ស៊ី ហើយបច្ចុប្បន្ន ជាអនុប្រធានក្រុមប្រឹក្សាសន្ដិសុខរុស្ស៊ី និង ជាប្រធានបក្សរួបរួមរុស្ស៊ី បានប្រាប់ដល់សារព័ត៌មាន Moscow កាលពីថ្ងៃចន្ទ ទី២៧ ខែមិថុនា ថា ឧបទ្វីបគ្រីមៀ នឹងជាផ្នែកមួយរបស់រុស្ស៊ី ជារៀងរហូត។ ប្រសិនបើមានការប៉ុនប៉ងណាមួយ ដោយរដ្ឋជាសមាជិករបស់អង្គការណាតូ ចូលទៅលើឧបទ្វីបគ្រីមៀ (Crimea) នឹងនាំទៅដល់ការផ្ទុះសង្គ្រាមលោក លើកទី៣។ សង្គ្រាមនេះ នឹងរាលដាលដល់ពាសពេញទ្វីបអឺរ៉ុបតែម្ដ។
ក្រោយពេលអតីតប្រមុខរដ្ឋរុស្ស៊ី គំរាមពីការផ្ទុះសង្គ្រាមលោកលើកទី៣ មិនបានប៉ុន្មានផង ប្រធានាអង្គការណាតូ ក៏បានបញ្ជាក់ផងដែរថា អង្គការសម្ពន្ធមិត្តយោធាដ៏ខ្លាំងក្លារបស់ពិភពលោកមួយនេះ បានដាក់កម្លាំងទ័ព ជាង ៣០០ ០០០នាក់ ឲ្យស្ថិតក្នុងការប្រុងជើងការរួចជាស្រេចហើយ៕ រក្សាសិទ្ធិដោយ ៖ សារាយSN















