Sunday, January 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង់គ្លេស ធានានៅពីក្រោយខ្នងពលរដ្ឋអ៊ុយក្រែន ជួយឲ្យឈ្នះសង្គ្រាមរបស់ប្រធានាធិបតីរុស្ស៊ី

រាជធានីឡុងដ៍៖ ចក្រភពអង់គ្លេស ជាប្រទេសលោកខាងលិច បានចេញមុខខ្លាំង នៅក្នុងជួយដល់ប្រទេសអ៊ុយក្រែន បន្ទាប់ពីសហរដ្ឋអាមេរិក ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើង កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ រហូតមក ហើយនៅពេលនេះ ប្រទេសមហាអំណាចមួយនេះ បានផ្ដល់ជំនួយបន្ថែមមានទំហំទឹកប្រាក់ជាង១ពាន់លានដុល្លារ និង សន្យាជួយដល់ប្រទេសអ៊ុយក្រែន រហូតឈ្នះសង្គ្រាមរបស់រុស្ស៊ី នៅលើទឹកដីប្រទេសអឺរ៉ុប ដែលកំពុងតែហែកហួរមួយនេះ។

សារព័ត៌មាន User Walls បានចេញផ្សាយ កាលពីថ្ងៃទី៣០ ខែមិថុនា ថា រដ្ឋាភិបាលរបស់លោក បូរីស ចនសុន (Boris Johnson) បានបញ្ជាក់ថា ចក្រភពអង់គ្លេស នឹងផ្ដល់ជំនួយយោធាបន្ថែម មានទំហំទឹកប្រាក់ ១ពាន់លានផោន (លុយអង់គ្លេស) ឬស្មើនឹងប្រហែល ១,២ពាន់លានដុល្លារសហរដ្ឋអាមេរិក ជួយដល់ប្រទេសអ៊ុយក្រែន។ ការបង្កើនជំនួយយោធារបស់ក្រុងឡុងដ៍ បានកើតឡើង ដោយសារអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ ណាតូ ចាត់ទុកប្រទេសរុស្ស៊ី ជាការគំរាមកំហែងដោយផ្ទាល់យ៉ាងខ្លាំងក្លាបំផុត ដល់សន្ដិសុខរបស់បណ្ដាប្រទេសបស្ចិមលោក។

មូលនិធិយោធារបស់ចក្រភពអង់គ្លេស បន្ថែមថ្មីនេះ នឹងជួយបង្កើនដល់សមត្ថភាពការពារជាតិរបស់អ៊ុយក្រែន រួមទាំង ប្រព័ន្ធការពារដែនអាកាស, យន្ដហោះហោះគ្មានមនុស្សបើកបរ ឬដ្រូន (UAV), ឧបករណ៍គ្រឿងចម្បាំងអគ្គិសនីប្រភេទថ្មី និង គ្រឿងសឹកជាច្រើនផ្សេងទៀត សម្រាប់កងទ័ពរបស់ប្រទេសនេះ។

លោក បូរីស ចនសុន (Boris Johnson) បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ថា «យុទ្ធោបករណ៍ គ្រឿងបរិក្ខារ និង ការហ្វឹកហ្វឺនរបស់ចក្រភពអង់គ្លេស កំពុងផ្លាស់ប្តូរដល់កិច្ចការពារជាតិរបស់អ៊ុយក្រែន ប្រឆាំងនឹងការវាយលុកឈ្លានពានរបស់រុស្ស៊ី។ យើងនឹងបន្តឈរនៅពីក្រោយខ្នងរបស់ប្រជាជនអ៊ុយក្រែន ដើម្បីធានាថា សង្គ្រាមឈ្លានពានរបស់លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) នឹងទទួលបរាជ័យ នៅក្នុងប្រទេសអ៊ុយក្រែន»។

មូលនិធិយោធាចុងក្រោយនេះ បានកើតឡើង បន្ទាប់ពីចក្រភពអង់គ្លេស បានបញ្ជាក់ កាលពីអំឡុងខែឧសភា ឆ្នាំ២០២២ ថា ក្រុងឡុងដ៍ នឹងផ្ដល់ជំនួយយោធា មានទំហំទឹកប្រាក់ ១,៣ពាន់លានផោន ឬស្មើនឹងប្រហែល ១,៥៨ពាន់លានដុល្លារសហរដ្ឋអាមេរិក បន្ថែមទៀត ជួយដល់ប្រទេសអ៊ុយក្រែន។ គិតត្រឹម ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ចក្រភពអង់គ្លេស បានផ្ដល់ជំនួយយោធា និង មូលនិធិទ្រទ្រង់សេដ្ឋកិច្ច កើនឡើង ដល់ ៣,៨ពាន់លានផោន ឬស្មើនឹងប្រហែល ៤,៦ពាន់លានដុល្លារសហរដ្ឋអាមេរិក។

ចក្រភពអង់គ្លេស ជាប្រទេសបស្ចិមលោក ផ្ដល់ជំនួយយោធាដ៏ច្រើនបំផុតមួយ បន្ទាប់ពីសហរដ្ឋអាមេរិក សម្រាប់ជួយដល់អ៊ុយក្រែន ចាប់តាំងពីការផ្ទុះសង្គ្រាមឡើង។ ក្រៅតែពីការផ្ដល់ជំនួយដ៏ច្រើនលើសលប់នោះ នាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស ក៏បានទៅបំពេញទស្សនកិច្ច នៅក្នុងទីក្រុងគៀវ ចំនួន២លើករួចមកហើយ ដោយបានជួបពិភាក្សាគ្នា យ៉ាងស៊ីជម្រៅជាមួយនឹងមេដឹកនាំអ៊ុយក្រែន ថែមទៀតផង៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×