Sunday, September 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្រ្តីក្រសួងសេដ្ឋកិច្ច៖ ក្រៅពីសង្គ្រាមនៅអ៊ុយក្រែន បញ្ហាទំនាស់ភូមិសាស្រ្តនយោបាយ នឹងកាន់តែធ្វើឱ្យមានសម្ពាធកាន់តែខ្លាំងថែមទៀតទៅលើអតិផរណា និងកំណើនសេដ្ឋកិច្ចពិភពលោក

ភ្នំពេញ៖ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួង សេដ្ឋកិច្ចនិងហិរញវត្ថុ បានលើកឡើងថា ក្រៅពីសង្គ្រាមនៅអ៊ុយក្រែន, បញ្ហាទំនាស់ភូមិសាស្រ្តនយោបាយក៏កាន់តែតឹងតែង ជាពិសេសទំនាស់រវាងចិន និងអាមេរិក និងប្លុកនយោបាយដទៃទៀត ក៏ជាកង្វល់អាចធ្វើឱ្យប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មអន្តរជាតិ និងអាចបង្កឱ្យមានការរាំងស្ទះដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ពិភពលោក ដែលប្រការនេះនឹងកាន់តែធ្វើឱ្យមានសម្ពាធកាន់តែខ្លាំងថែមទៀតទៅលើអតិផរណា និងកំណើនសេដ្ឋកិច្ចពិភពលោក។

ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ បានថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការតម្រង់ទិសអាទិភាពគោលនយោបាយ សម្រាប់ការស្តារ និងពង្រឹងកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ក្នុងគន្លងនៃប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២៣ និងឆ្នាំបន្តបន្ទាប់ កាលពីពេលថ្មីៗនេះថា ថ្វីត្បិតសេដ្ឋកិច្ចរបស់កម្ពុជាចាប់ផ្តើមងើបឡើងវិញ ប៉ុន្តែកម្ពុជាក៏កំពុងតែទទួលការគំរាមកំហែងថ្មីមួយទៀត ដែលអាចជាវិបត្តិ (Shock)ទី២ កើតចេញអំពីស្ថានភាពមិនអំណោយផលនៃសេដ្ឋកិច្ចពិភពលោក ដោយសារការថមថយកំណើន ជាពិសេសបញ្ហាអតិផរណាតែម្តង។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្កើនការប្រុងប្រយ័ត្នលើការគ្រប់គ្រងសេដ្ឋកិច្ច និងការបែងចែកថវិកាជាតិ ដើម្បីចៀសវាងការរអិលធ្លាក់ទៅក្នុងវិបត្តិ ខណៈពិភពលោកកំពុងប្រឈមនឹងកំណើនអតិផរណា។ ក្រសួង បាន និងកំពុងដាក់ចេញវិធានការយ៉ាងប្រុងប្រយ័ត្ន ដើម្បីគ្រប់គ្រងសេដ្ឋកិច្ច និងការបែងចែកធនធានថវិកាជាតិដែលមានកម្រិតរបស់ខ្លួនចាប់ពីពេលនេះឲ្យបានត្រឹមត្រូវចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់ ខណៈដែលកំណើនអតិផរណាកំពុងដាក់សម្ពាធកាន់តែអាក្រក់ដល់សេដ្ឋកិច្ចពិភពលោក ដែលធ្វើឲ្យប្រទេសមួយចំនួនប្រ ឈមនឹងវិបត្តិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ។

ឯកឧត្តម វង្សី វិស្សុត បានបន្តលើកឡើងថា បញ្ហាខាងលើនេះ បាន និងកំពុងបង្កើនសម្ពាធយ៉ាងខ្លាំង​មកលើ​អតិផរណា ដែលជាបច្ច័យធ្វើឱ្យយើងពិបាកប៉ាន់ស្មានថា តើផលវិបាកនៃការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោកនឹងមានកម្រិតប៉ុនណាទៅថ្ងៃមុខ។ សភាពការណ៍នេះ គឺមិនល្អទេ សម្រាប់ប្រទេសទាំងអស់នៅលើពិភពលោក ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍ ដែលមានសេដ្ឋកិច្ចទន់ខ្សោយ ហើយសមត្ថភាពភាពថវិកានៅមានកម្រិត៕

spot_img
×