ចិន ៖ ក្រសួងការបរទេសចិន បានអំពាវនាវឱ្យសហរដ្ឋអាមេរិកបញ្ឈប់សកម្មភាពលួចយកការណ៍ផ្ទៃក្នុងរបស់ចិន តាមប្រព័ន្ធអ៊ីនធើណេតដ៏អាក្រក់របស់ខ្លួនជាបន្ទាន់, ដោយពេលនេះ អ្នកនាំពាក្យនៃក្រសួងការបរទេសចិន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២ ថា សហរដ្ឋអាមេរិក ពិតជាស័ក្តិសមនឹងគេដាក់ឈ្មោះថា ជា អាណាចក្រនៃការលួចស្តាប់ព័ត៌មានគេ និងជាអាណាចក្រនៃការលួចយកការណ៍សម្ងាត់ផ្ទែក្នុងរបស់ប្រទេសគេណាស់។

បើយោងតាមការចេញផ្សាយរបស់សារព័ត៌មានស៊ីនហួរ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋាភិបាលចិន បានបង្ហាញរបាយការណ៍ថា ស្ថាប័នស្រាវជ្រាវវិទ្យាសាស្ត្រចិនជាច្រើនបានរងការវាយប្រហារតាមអ៊ីនធើណេតពីទីភ្នាក់ងារសន្តិសុខជាតិអាមេរិក (NSA) ខណៈ NSA បានដំឡើងកម្មវិធី Trojan horse នៅខាងក្នុងប្រព័ន្ធព័ត៌មានសំខាន់ៗយ៉ាងហោចណាស់ជាងមួយរយនៅក្នុងប្រទេសចិន។ រហូតមកដល់បច្ចុប្បន្ន កម្មវិធីបែបនេះជាច្រើននៅតែដំណើរការ និងបញ្ជូនព័ត៌មានសម្ងាត់ត្រឡប់ទៅ NSA វិញ (ទីភ្នាក់ងារសន្តិសុខជាតិអាមេរិក)។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចៅ លីជាន ( Zhao Lijian) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន ថា ប្រទេសចិនថ្កោលទោសសកម្មភាពអ៊ីនធើណេតដ៏អាក្រក់បែបនេះរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក, យើងទាមទារឱ្យសហរដ្ឋអាមេរិកផ្តល់ការពន្យល់ និងបញ្ឈប់ជាបន្ទាន់នូវអាកប្បកិរិយាមិនទទួលខុសត្រូវបែបនេះ។
សហរដ្ឋអាមេរិក គឺជាអ្នកប្រព្រឹត្តល្មើសដដែលៗនៃការលួចយកការណ៍សម្ងាត់ផ្ទៃក្នុងប្រទេសគេតាមអ៊ីនធើណេត, ចិននិយាយថា ក្នុងឆ្នាំ២០២០ ប្រទេសចិនបានចាប់យកគំរូកម្មវិធីកុំព្យូទ័រព្យាបាទជាង ៤២លានគំរូ។ ដោយដកស្រង់របាយការណ៍ពីមុននៅលើគេហទំព័រនៃក្រុមបច្ចេកវិទ្យាឆ្លើយតបបន្ទាន់នៃបណ្តាញកុំព្យូទ័រជាតិរបស់ប្រទេសចិន, លោក ចៅ លីជាន បាននិយាយថា ៥៣.១% នៃកម្មវិធីពីក្រៅប្រទេស ត្រូវបានតាមដានត្រឡប់ទៅសហរដ្ឋអាមេរិកវិញ ដែលទិន្នន័យទាំងនោះបានមកពីកម្មវិធី Trojan horse របស់ទីភ្នាក់ងារសន្តិសុខជាតិអាមេរិក (NSA)៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN























