Sunday, January 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើគ្មានដំណោះស្រាយនាំចេញគ្រាប់ធញ្ញជាតិ ពីអ៊ុយក្រែន មនុស្សជិត២០០លាននាក់ ប្រឈមនឹងគ្រោះអត់ឃ្លាន

រដ្ឋធានីគៀវ៖ ចាប់តាំងពីសង្គ្រាម បានផ្ទុះឡើងនៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ពេលនេះ បានធ្វើឲ្យរាំងស្ទះដល់ការនាំចេញគ្រាប់ធញ្ញជាតិ ពីប្រទេសអឺរ៉ុបខាងកើតមួយនេះ ហើយមនុស្សជិត២០០លាននាក់ កំពុងតែប្រឈមមុខនឹងគ្រោះអត់ឃ្លាន ប្រសិនបើគ្មានដំណោះស្រាយ នៅក្នុងការបើកច្រកនាំចេញគ្រាប់ធញ្ញជាតិបាន។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ថា ការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន ពីកំពង់ផែសមុទ្រខ្មៅរបស់ប្រទេសមួយនេះ បានជាប់គាំង ចាប់តាំងពីការផ្ទុះសង្គ្រាមមក។ ចំណែកគ្រាប់ធញ្ញជាតិ ជាង២០លានតោនក៏ត្រូវបានជាប់គាំង នៅក្នុងស៊ីឡូ។ ដោយឡែក ក្រុងមូស្គូ បានអះអាងថា នេះឥទ្ធិពលដ៏អាក្រក់ នៃទណ្ឌកម្មរបស់លោកខាងលិច ដាក់មកលើប្រទេសរុស្ស៊ី ជុំវិញសង្រ្គាមបានរំខានដល់ការនាំចេញជី និង គ្រាប់ធញ្ញជាតិរបស់ខ្លួន។

អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា មានពលរដ្ឋ ប្រហែលកើនឡើងដល់១៨១លាននាក់ ស្ថិតក្នុងប្រទេស ចំនួន៤១ អាចនឹងប្រឈមមុខនឹងវិបត្ដិស្បៀងអាហារ ឬគ្រោះអត់ឃ្លាន ប្រសិនបើមិនអាចដោះស្រាយបញ្ហាការនាំចេញគ្រាប់ធញ្ញជាតិ ពីប្រទេសអ៊ុយក្រែន បាន។

ដោយឡែក ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថា កម្លាំងទាហានរបស់ខ្លួន បានដកចេញពីកោះពស់របស់អ៊ុយក្រែន។ ការប្រកាសបែបនេះ បានធ្វើឲ្យកងទ័ពរបស់អ៊ុយក្រែន ប្រកាសអំពីជ័យជម្នះមួយ នៅក្នុងសង្គ្រាមដ៏រ៉ាំរ៉ៃ អូសបន្លាយអស់រយៈពេលជាង៤ខែកន្លងមកនេះ។ កោះពស់ ជាកូនកោះតូចមួយ ប៉ុន្តែវាជាទីតាំងយុទ្ធសាស្ត្ររបស់អ៊ុយក្រែន ស្ថិតក្នុងសមុទ្រខ្មៅ ដែលរុស្សី បានដណ្ដើបកាន់កាប់ ចាប់តាំងពីការបើកឆាកសង្រ្គាម ប្រឆាំងនឹងក្រុងគៀវ។

ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ថា«នៅថ្ងៃទី៣០ខែមិថុនា នេះ ជាកាយវិការសុច្ឆន្ទៈ ហើយកងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានបញ្ចប់ភារកិច្ចរបស់ខ្លួន នៅលើកោះពស់នេះ និង បានដកកងទ័ព ឈរជើងនៅទីនោះ ចេញ»។ នៅក្នុងសេចក្តីប្រកាសមួយ បានធ្វើឡើង បន្ទាប់ពីអ៊ុយក្រែន បានបង្កើនការវាយប្រហារ លើទីស្នាក់ការរបស់រុស្ស៊ី។

បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៊ី បានបន្ថែមថា ការដកកងទ័ពចេញនេះ មានគោលបំណងបង្ហាញ ដល់ពិភពលោកថា «រុស្ស៊ីមិនបានរារាំងដល់កិច្ចខិតខំប្រឹងប្រែងណាមួយរបស់អង្គការសហប្រជាជាតិ នៅក្នុងការរៀបចំច្រករបៀងមនុស្សធម៌ សម្រាប់ការដឹកជញ្ជូនផលិតផលកសិកម្ម ចេញពីប្រទេសអ៊ុយក្រែន នោះឡើយ។

ដោយឡែក លោក វ៉ាឡែរីយ ហ្សាលូស្នី (Valeriy Zaluzhny) នាយអគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានបញ្ជាក់ នៅលើបណ្ដាញសង្គមតេឡេក្រាម (Telegram) ថា «ខ្ញុំសូមថ្លែងអំណរគុណដល់កម្លាំងការពារតំបន់អូដែសសា (Odessa) ដែលបានចាត់វិធានការជាអតិបរមា ដើម្បីរំដោះផ្នែកដ៏សំខាន់ជាយុទ្ធសាស្ត្រ នៃទឹកដីរបស់យើង»។

អ៊ុយក្រែន និង បណ្ដាប្រទេសបស្ចិមលោក បានចោទប្រកាន់រុស្ស៊ី អំពីការបិទខ្ទប់កំពង់ផែសមុទ្ររបស់អ៊ុយក្រែន ដើម្បីរារាំងដល់ការនាំចេញគ្រាប់ធញ្ញជាតិ ពីប្រទេសអឺរ៉ុបខាងកើត ដែលកំពុងតែហែកហួរ ដោយសារសង្គ្រាមនេះ។ សកម្មភាពយោធារបស់ក្រុងមូស្គូ បាននាំឲ្យមានវិបត្ដិស្បៀងអាហារ ហើយកំពុងតែគំរាមកំហែងយ៉ាងខ្លាំង ដល់គ្រោះអត់ឃ្លាន ទុរ្ភិក្ស និង អស្ថិរភាពនយោបាយ នៅពាសពេញពិភពលោក៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×