Sunday, January 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អេហ្ស៊ីប ប្រឈមនឹងបញ្ហាសន្ដិសុខស្បៀង រត់មករកស្រូវសាលីពីឥណ្ឌា

រដ្ឋធានីញូវដេលី៖ សង្គ្រាមវាយប្រយុទ្ធគ្នា រវាងកម្លាំងការពារទឹកដីអ៊ុយក្រែន និង រុស្ស៊ី អស់រយៈពេលជាង៤ខែកន្លងមកនេះ បានរារាំងដល់ការនាំចេញអង្ករស្រូវសាលី ពីប្រទេសអ៊ុយក្រែន សម្រាប់ផ្គត់ផ្គង់ដល់ពិភពលោក ហើយមនុស្ស ១៨១លាននាក់ កំពុងរស់នៅក្នុងប្រទេសចំនួន៤១ ប្រឈមនឹងគ្រោះអត់ឃ្លាន ទើបនៅពេលនេះ អេហ្ស៊ីប បានងាកមករក សុំទិញអង្ករស្រូវសាលី ពីប្រទេសឥណ្ឌា។

សារព័ត៌មានអាអាវសាត (Aawsat) បានផ្សាយថា រដ្ឋមន្រ្ដីក្រសួងផ្គត់ផ្គង់អេហ្ស៊ីប បានបញ្ជាក់ កាលពីថ្ងៃទី២៦ ខែមិថុនា ថា អេហ្ស៊ីប បានចុះកិច្ចព្រមព្រៀង ទិញអង្ករស្រូវសាលី ១,៨លានតោន។ ទោះយ៉ាងណាក៏ដោយ បរិមាណនេះ នៅតែតិចជាងការព្រមព្រៀងគ្នា កាលពីមុនដែរ។ ក្រៅពីនេះ អេហ្ស៊ីប ក៏កំពុងតែសម្លឹងមើលទៅមធ្យោបាយផ្សេងៗទៀត ដើម្បីទាញយកមកធ្វើជាម្សៅបន្ថែមទៀត ដោយយកពីគ្រាប់ធញ្ញជាតិ ហើយថែមទាំងប្រើប្រាស់ដំឡូងបារាំង នៅក្នុងការផលិតនំប៉័ង ដើម្បីកាត់បន្ថយនូវការនាំចូល។

លោក អាលី ម៉ូសែលហ៊ី (Aly Moselhy) រដ្ឋមន្រ្ដីក្រសួងផ្គត់ផ្គង់ បានបញ្ជាក់ទៀតថា «ដោយផ្អែកលើអ្វីដែលអ្នកផ្គត់ផ្គង់ បាននិយាយថា លក្ខខណ្ឌគឺថា ស្រូវសាលីត្រូវតែនៅក្នុងកំពង់ផែ បន្ទាប់មក វានឹងអាចរកបាន។ យើងបានយល់ព្រមលើអង្ករស្រូវសាលី ៥00 000 តោន បង្ហាញថា អ្នកផ្គត់ផ្គង់ មាន ១៨0 000 តោន នៅក្នុងកំពង់ផែ។ ករណីនេះ ខ្ញុំចង់និយាយ អំពីការពិភាក្សា កំពុងតែបន្តជាមួយអ្នកផ្គត់ផ្គង់ពីរុស្ស៊ី សម្រាប់ការទិញអង្ករស្រូវសាលីនេះ»។

លោក អាលី ម៉ូសែលហ៊ី (Aly Moselhy) រដ្ឋមន្រ្ដីក្រសួងផ្គត់ផ្គង់ បានថ្លែង កាលពីដើមខែឧសភា ថា អេហ្ស៊ីប បានព្រមព្រៀងទិញអង្ករស្រូវសាលី ចំនួន ៥០០ ០០០តោន ពីប្រទេសឥណ្ឌា។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសឥណ្ឌា បានហាមឃាត់នូវការនាំចេញស្រូវសាលី នៅក្នុងខែតែមួយ ប៉ុន្តែក្រុងញូវដេលី បានលើកលែងប្រទេស ដូចជា អេហ្ស៊ីប ដែលមានតម្រូវការសន្តិសុខស្បៀងអាហារ។

អេហ្ស៊ីប ជាប្រទេសនាំចូលអង្ករស្រូវសាលីដ៏ធំបំផុតមួយរបស់ពិភពលោក ហើយកាលពីមុនធ្លាប់ទិញអង្ករស្រូវសាលី ចេញពីតំបន់សមុទ្រខ្មៅ។ ប៉ុន្ដែទោះបីជាយ៉ាងណាក៏ដោយ ការផ្គត់ផ្គង់នោះ ត្រូវបានរំខាន ដោយសារតែការលុកលុយរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន។ អេហ្ស៊ីប ជាប្រទេសដែលស្តុកស្រូវសាលី ភាគច្រើនផ្អែកលើការនាំចូល ផលិតពីប្រទេសផ្សេងៗ។ ម្យ៉ាងវិញទៀត បច្ចុប្បន្ននេះ អេហ្ស៊ីបកំពុងតែខ្វះខាត នៅក្នុងស្តុកស្រូវសាលី៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×