ខេត្តមណ្ឌលគិរី៖ ប្រជាពលរដ្ឋជាង ៥០០ នាក់រស់នៅឃុំចុងផ្លាស់ស្រុកកែវសីមា បានបន្តប្រមូលផ្តុំគ្នាស្នើសុំ សម្តឹចតឹជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋមន្ត្រីក្រសួងមន្ទីររ៉ែ និងថាមពល អនុញ្ញាត ឲ្យប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់សហគមន៍រ៉ែមាស ចុងផ្លាស់ អាចធ្វើអាជីវកម្មជីកយករ៉ែមាស ក្នុងជម្រៅ ១៥០ម៉ែត្រ។
យោងតាមលិខិតមានស្នាមមេដៃ របស់ប្រជាពលរដ្ឋ បានបង្ហាញថាតំបន់សហគមន៍រ៉ែមាសចុងផ្លាស់ ជាតំបន់ ដែលពួកគាត់រស់នៅ និងប្រកបមុខរបរធ្វើរ៉ែមាស តាមបែបបុរាណ ជាលក្ខណៈគ្រួសារ តាំងពីឆ្នាំ១៩៨៨ មកម្ល៉េះរហូតដល់ឆ្នាំ ២០១៥ ទើបក្រសួងរ៉ែ និងថាមពលផ្តល់សិទ្ធិស្របច្បាប់លើការធ្វើអាជីវកម្មរ៉ែមាស (ទ្រង់ទ្រាយតូច) ដល់សហគមន៍សិប្បកររ៉ែចុងផ្លាស់ ដោយកាលណោះបានកំណត់ជម្រៅ មិនឲ្យលើសពី ២០ ម៉ែត្រនោះទេ។ ប៉ុន្តែរយៈពេលមួយឆ្នាំជាងមកនេះ ក្រោយពីពួកគាត់អនុវត្តតាមការកំណត់ជម្រៅមិនឲ្យលើសពី ២០ម៉ែត្រ គឺពុំទទួលបានទិន្នផលរ៉ែនោះទេ ទើប ពួកគាត់ស្នើសុំបន្ថែមជម្រៅ នៃការជីកយករ៉ែនេះឲ្យដល់ ១៥០ម៉ែត្រដោយលើកឡើងថា បច្ចុប្បន្នក្រសួងរ៉ែ និងថាមពល បានចេញប្រកាសឲ្យក្រុមហ៊ុនចិនមួយ ដែលកំពុងធ្វើអាជីវកម្មក្បែរនោះអាចជីកលុងជម្រៅដី រហូតដល់ជម្រៅរាប់ពាន់ម៉ែត្រ។
ផ្តើមពីបញ្ហានេះ ប្រជាសហគមន៍រ៉ែមាស ស្រុកកែវសីមា បានសំណូមពរដល់ លោករដ្ឋមន្ត្រីក្រសួងរ៉ែ ជាពិសេស សម្តេច ហ៊ុន សែន ឲ្យជួយអន្តរាគមន៍ដល់ពួកគេ អាចប្រកបអាជីវកម្មជីកយករ៉ែមាស ក្នុងជម្រៅ ១៥០ម៉ែត្រ ដើម្បីឈានដល់អាចបង្កើតប្រកបរបរ ចិញ្ចឹមជីវិត ឲ្យបានប្រសើរថែមទៀតនាថ្ងៃអនាគត។
ទាក់ទិនបញ្ហានេះ លោក តែ គឹមសាន្ត ប្រធានសហគមន៍ជីករ៉ែមាស នៅព្រៃរមាស មានទីតាំងក្នុងភូមិពូទុក ឃុំចុងផ្លាស់ បានឲ្យដឹងថា ពួកគាត់ជាប្រជាពលរដ្ឋរស់នៅតំបន់នេះ គឺពឹងផ្អែកទាំងស្រុង លើមុខរបរធ្វើអាជីវកម្មរ៉ែមាស ជាចម្បងសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ ព្រោះថា ដីតំបន់នោះជាតំបន់មិនអាចធ្វើកសិកម្មបានឡើយ។
លោកឲ្យដឹងថា «ឲ្យយើងជីកក្នុងជម្រៅក្រោម ២០ម៉ែត្រ គឺពួកយើងរកអីមិនបានទេ ដូច្នេះយើងស្នើឲ្យអនុញ្ញាតជីករ៉ែមាសនេះ ដល់ជម្រៅ ១៥០ម៉ែត្របន្ថែមទៀត»។
លោកឲ្យដឹងទៀតថា រដ្ឋាភិបាល បានចងក្រងបង្កើតទៅជាសហគមន៍រ៉ែមាសចុងផ្លាស់ ដើម្បីឲ្យប្រជាពលរដ្ឋនៅទីនោះ អាចទទួលបាន នូវការធ្វើអាជីវកម្មរ៉ែមាសស្របច្បាប់ ដែលក្រសួងរ៉ែ បានកំណត់ជម្រៅមិនឲ្យលើសពី ២០ម៉ែត្រ។
លោក សុក រដ្ឋា អ្នកសម្របសម្រួលសមាគមអាដហុក បានថ្លែងថាមូលហេតុ ដែលក្រសួងអនុញ្ញាតក្រោម ២០ម៉ែត្រ ប្រហែលជាក្រសួងយល់ថា ពួកគាត់ធ្វើការជីករ៉ែមាស ដោយដៃគ្មានឧបករណ៍បច្ចេកទេសគ្រប់គ្រាន់។
ចំណែក លោក ម៉េង សក្តិធារ៉ា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល នាពេលកន្លងមកធ្លាប់ឲ្យដឹងថា ការជីកលុងដីជម្រៅជាង ២០ម៉ែត្រ វាមិនមែនជាការងាយស្រួលនោះទេ ពោលគឺទាមទារឲ្យមានបច្ចេកទេស និងបរិក្ខារ ជាចម្បង គឺមិនអាចផ្អែកលើបច្ចេកទេស ជាលក្ខណៈគ្រួសារបាននោះទេ ព្រោះអាចងាយបង្ក ឲ្យមានគ្រោះថ្នាក់៕ ដោយ៖ សមុទ្រឈើ