Sunday, September 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

NBC៖ ការផ្តល់ឥណទានដល់ឯកជន វិស័យសំណង់ មានជាង ៥៥ ទ្រីលានរៀល កើនឡើង ជាង២៩%

ភ្នំពេញ៖ យោងតាមស្ថិតិរបស់ធនាគារជាតិនៃកម្ពុជា NBC គិតត្រឹមចុងត្រីមាសទី១ ឆ្នាំ២០២២នេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានផ្តល់ឥណទានដល់វិស័យឯកជនសរុប ២០៥,៤ទ្រីលានរៀល (៥០,៧ប៊ីលានដុល្លារអាមេរិក) កើនឡើង ២២,៤% ធៀបនឹងចុងត្រីមាសទី១ ឆ្នាំមុន ដើម្បីបំពេញតាមតម្រូវការវិនិយោគនិងសកម្ម​ភាពសេដ្ឋកិច្ច។ ឥណទានទាំងនោះ គ្របដណ្តប់លើវិស័យសំណង់ ការជួញដូរដុំនិងរាយ សេវាកម្ម កសិកម្ម អង្គភាពគ្រួសារ និងកម្មន្តសាលជាដើម។

ស្ថិតិNBCបានបង្ហាញទៀតថា ការឥណទានដល់ឯកជន រួមមានវិស័យសំណង់ មាន ៥៥,៤ទ្រីលានរៀល កើនឡើង ២៩,៣% បន្ទាប់មកការជួញដូរដុំ និងរាយ ៥១,១ទ្រីលានរៀល កើនឡើង ២៦,១%, សេវាកម្ម ២០,២ទ្រីលានរៀល កើនឡើង ១១,៥%, កសិកម្ម ១៩,៥ទ្រីលានរៀល កើនឡើង ១១,៦%, អង្គភាពគ្រួសារ ១១,១ទ្រីលានរៀល កើនឡើង ៣៧%, កម្មន្តសាល ៦,៨ទ្រីលានរៀល កើនឡើង ២៤,៨% និងវិស័យផ្សេងៗ ៤១,២ទ្រីលានរៀល កើនឡើង ១៦,៨% (ឆ្នាំលើឆ្នាំ)។

កាលពីពេលថ្មីៗនេះ លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានថ្លែងថា ស្របតាមគោលនយោបាយរបស់ធនាគារជាតិនៃកម្ពុជា គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ បានរៀបចំឥណទានឡើងវិញសរុប ៣១ម៉ឺន ៧៤៦ គណនី ឬគិតជាចំនួនទឹកប្រាក់ស្មើនឹង ២០,១ទ្រីលានរៀល (ឬប្រមាណ១០% នៃឥណទានសរុប) ចាប់តាំងពីការរាលដាលនៃជំងឺកូវីដ-១៩។

លោកជំទាវ បន្តថា ក្រៅពីការគំាទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច ធនាគារជាតិនៃកម្ពុជា បានបន្តពង្រឹងស្ថិរភាពហិរញ្ញវត្ថុយ៉ាងសកម្ម។ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ បទប្បញ្ញត្តិម៉ាក្រូ និងមីក្រូប្រុងប្រយ័ត្នត្រូវបានដាក់ចេញឱ្យអនុវត្តជាបន្តបន្ទាប់ ដែលបានជួយពង្រឹងភាពធន់នៃប្រព័ន្ធធនាគារជាពិសេសក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩ និងបានអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជាអាចបន្ធូរបន្ថយលក្ខខណ្ឌហិរញ្ញវត្ថុមួយចំនួនបានផងដែរ។

គួរជម្រាបថា តាមលោកជំទាវឧបការីទេសាភិបាល បានបញ្ជាក់ថា ប្រព័ន្ធធនាគារនៅកម្ពុជា បន្តមានភាពរឹង​មាំ និងអាចផ្តល់ឥណទានចាំបាច់ដើម្បីគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច។ ស្របពេលជាមួយគ្នានេះ គុណភាពទ្រព្យសកម្មនៅបន្តមានភាពល្អប្រសើរ ជាមួយនឹងសន្ទនីយភាពមានកម្រិតខ្ពស់ជាងការកំណត់របស់បទប្បញ្ញត្តិ ខណៈគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ បន្តរក្សាបាននូវភាពគ្រប់គ្រាន់នៃកម្រិតដើមទុន ស្របតាមបទ​ប្បញ្ញត្តិ​៕

spot_img
×