បើតាមមន្ត្រីជាន់ខ្ពស់នៃប្រទេសស្រីលង្កា បានប្រកាសថ្នា ប្រទេសនេះ នៅសល់ប្រេងឥន្ធនៈតិចជាងមួយថ្ងៃសម្រាប់ប្រើប្រាស់ ដោយសង្កត់ធ្ងន់ថា ការដឹកជញ្ជូនសាធារណៈឈានដល់ការជាប់គាំង ខណៈវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសនេះកាន់តែអាក្រក់ទៅៗ ហើយថា បើនិយាយពីសេដ្ឋកិច្ចជាតិវិញបានដួលរលំទាំងស្រុងរួចអើយ។
បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AFP កាលពីថ្ងៃអាទិត្យ ទី០៣ ខែកក្កដា ឆ្នាំ២០២២ ឱ្យដឹងថា លោក កាញ់ចាណា វីជេសេកេរ៉ា (Kanchana Wijesekera) រដ្ឋមន្ត្រីថាមពលស្រីលង្កា បាននិយាយថា ប្រេងសាំងបម្រុងរបស់ប្រទេសមានប្រហែល ៤,០០០តោនប៉ុណ្ណោះ គឺទាបជាងការប្រើប្រាស់សម្រាប់មួយថ្ងៃ។

លោក កាញ់ចាណា វីជេសេកេរ៉ា បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅទីក្រុងកូឡុំបូ ថា ការដឹកជញ្ជូនប្រេងដែលអាចដំណើរការបាន ត្រូវគេរំពឹងទុកថា នឹងអាចធ្វើឡើងនៅចន្លោះថ្ងៃទី២២ និង២៣ ខែកក្កដា ឆ្នាំ២០២២ ឯណោះ, យើងបានទាក់ទងទៅអ្នកផ្គត់ផ្គង់ផ្សេងទៀត ប៉ុន្តែយើងមិនអាចបញ្ជាក់ពីការផ្គត់ផ្គង់ថ្មីណាមួយ នៅមុនថ្ងៃទី២២ កក្កដា នោះទេ។
គួររំលឹកឡើងវិញថា ថ្មីៗនេះរដ្ឋាភិបាលស្រីលង្កា ធ្លាប់បានប្រកាសជាឧឡារឹកថា សេដ្ឋកិច្ចជាតិរបស់ខ្លួនដួលរលំទាំងស្រុងហើយ, សព្វថ្ងៃអតិផរណាក៏កំពុងហក់ឡើងក្រឺតៗ គួបផ្សំនឹងជះឥទ្ធិពលអាក្រក់ពីវិបត្តិសង្គ្រាមរុស្សី និងអ៊ុយក្រែន ទៀតនោះ ធ្វើឱ្យប្រទេសនេះកាន់តែយ៉ាប់យ៉ឺនដួលក្រោកមិនរួច៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

















