Sunday, January 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីក្រុងភាគខាងកើតអ៊ុយក្រែន ធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី

រដ្ឋធានីគៀវ៖ ក្រោយការវាយប្រយុទ្ធគ្នាយ៉ាងខ្លាំង រវាងកម្លាំងការពារទឹកដីអ៊ុយក្រែន និង កម្លាំងឈ្លានពានរបស់ក្រុងមូស្គូ អស់រយៈពេលជាង៤ខែកន្លងមកនេះ ក្រុងលីស៊ីចាន់ស្ក៍ ស្ថិតនៅតំបន់លូហានស្ក៍ នាភាគខាងកើត ប្រទេសអ៊ុយក្រែន បានធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។

សារព័ត៌មាន NBC News បានចេញផ្សាយ កាលពី ថ្ងៃទី៣ ខែកក្កដា ថា កងទ័ពអ៊ុយក្រែន បានអះអាងថា ទីក្រុងលីស៊ីចាន់ស្ក៍ (Lysychansk) ស្ថិតនៅភាគខាងកើត ប្រទេស បានធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់កម្លាំងទាហានរុស្ស៊ី។

អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានបញ្ជាក់ថា «ក្រោយការវាយប្រយុទ្ធគ្នាយ៉ាងខ្លាំងនោះ ដើម្បីការពារទីក្រុងលីស៊ីចាន់ស្ក៍ អស់រយៈពេលជាច្រើនសប្ដាហ៍នោះមក កម្លាំងការពារទឹកដីអ៊ុយក្រែន បានបង្ខំចិត្ត ដកចេញពីមូលដ្ឋាន និង សមរភូមិគ្រប់គ្រងរបស់ពួកគេ»។

លោក ស៊ើរជេ សូអ៊ីហ្គូ (Sergei Shoigu) រដ្ឋមន្រ្ដីក្រសួងការពារជាតិរុស្ស៊ី បានអះអាងមុននេះថា កម្លាំងទាហានរបស់គាត់ បានដណ្ដើមកាន់កាប់ទីក្រុងលីស៊ីចាន់ស្ក៍ ហើយបានគ្រប់គ្រងតំបន់លូហានស្ក៍ (Luhansk) ទាំងស្រុងហើយ។

នាយអគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានបញ្ជាក់ទៀតថា «ដើម្បីរក្សានូវអាយុជីវិតរបស់កម្លាំងការពាររបស់អ៊ុយក្រែន ទើបមានការសម្រេចចិត្ត ឲ្យដកចេញពីសមរភូមិ នៅទីនោះ។ រុស្ស៊ី មានគ្រឿងចម្បាំងទំនើបៗ រួមមាន កាំភ្លើងធំ យន្ដហោះចម្បាំង កម្លាំងមនុស្ស និង កម្លាំងផ្សេងៗទៀត»។

លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelensky) ប្រធានាធិបតីអ៊ុយក្រែន បានសន្យាថាកងកម្លាំងអ៊ុយក្រែន នឹងត្រឡប់ទៅទីក្រុង Lysychansk វិញ ។ ទោះជាយ៉ាងណា ក៏លោកអរគុណចំពោះយុទ្ធសាស្ត្ររបស់ពួកគេ និង «អរគុណចំពោះការបង្កើននូវការផ្គត់ផ្គង់អាវុធទំនើបៗ ពីបស្ចិមលោក និង ដៃគូ»៕ រក្សាសិទ្ធិដោយ ៖សារាយSN

×