Sunday, January 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពូទីន បញ្ជាឲ្យរដ្ឋមន្ត្រីការពារជាតិបន្ថែមការវាយលុកទៅលើអ៊ុយក្រែន ដោយប្រើយុទ្ធសាស្ត្រ វាយខ្ទប់ដង្ហើមឱ្យថប់ស្លាប់

អ៊ុយក្រែន ៖ បន្ទាប់ពីកងទ័ពរុស្ស៊ីវាយដណ្ដើមបានកាន់កាប់តំបន់ Lugansk ទាំងមូលហើយនោះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យរដ្ឋមន្ត្រីការពារជាតិ លោក Sergei Shoigu ជំរុញការវាយលុកទៅលើប្រទេសអ៊ុយក្រែនបន្ថែមទៀត គឺវាយដណ្ដើមកាន់កាប់នៅតាមតំបន់ទីប្រជុំជន ដើម្បីធ្វើការគ្រប់គ្រង និងហ៊ុមព័ទ្ធ មិនឲ្យនរណាចេញចូលបាន សូម្បីតែសត្វល្អិត, រហូតដល់ទាហានអ៊ុយក្រែន និងមេចាត់តាំងយោធាអ៊ុយក្រែនថប់ដង្ហើមស្លាប់។

បើតាមសារព័ត៌មាន The Moscow Times ចេញផ្សាយកាលពីថ្ងៃចន្ទ ទី០៤ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា លោក ពូទីន បានប្រាប់ រដ្ឋមន្ត្រីការពារជាតិរបស់ខ្លួន លោក Sergei Shoigu ថា «អង្គភាពយោធា រួមទាំងប្លុកភាគខាងកើត និងប្លុកលោកខាងលិច ត្រូវតែបំពេញភារកិច្ចរបស់ពួកគេតាមផែនការដែលបានអនុម័តជាមុន, ខ្ញុំសង្ឃឹមថា អ្វីៗនឹងបន្តក្នុងទិសដៅរបស់វា ដូចដែលបានកើតឡើងនៅតំបន់ Luhansk រហូតមកដល់ពេលនេះ។

ជាការឆ្លើយតប លោក Sergei Shoigu បានប្រាប់ លោក ពូទីន ថា នៅចុងសប្តាហ៍មុននេះ កងកម្លាំងរបស់ទីក្រុងមូស្គូបានគ្រប់គ្រងទាំងស្រុងលើតំបន់ Luhansk ដែលជាជ័យជម្នះដ៏សំខាន់សម្រាប់វិមានក្រឹមឡាំង ក្នុងរយៈពេលជាង ៤ខែ បន្ទាប់ពីបានបញ្ជូនកងទ័ពចូលប្រតិបត្តិការយោធាក្នុងប្រទេសអ៊ុយក្រែន។

លោក ពូទីន បាននិយាយនៅថ្ងៃចន្ទកន្លងមកនេះថា កងទ័ពដែលបានចូលរួមប្រយុទ្ធនៅតំបន់ Luhansk គួរតែ «សម្រាក និងកសាងសមត្ថភាពប្រយុទ្ធរបស់ពួកគេឡើងវិញ។

ពេលនេះ សង្គ្រាមរុស្ស៊ីត្រូវបានគេមើលឃើញថា ក្រោយបោះបង់គោលដៅដំបូងរបស់ខ្លួនក្នុងការដណ្តើមយករដ្ឋធានីកៀវ បន្ទាប់ពីការតស៊ូរបស់អ៊ុយក្រែនយ៉ាងស្វិតស្វាញនោះមក រុស្ស៊ីបានផ្តោតការខិតខំប្រឹងប្រែងរបស់ខ្លួន ទៅលើការគ្រប់គ្រងពេញលេញនៃតំបន់ Donetsk និង Luhansk នៅភាគខាងកើតអ៊ុយក្រែន និងប្រើយុទ្ធសាស្ត្រវាយកាន់កាប់តំបន់ប្រជុំជនជាច្រើនកន្លែងដើម្បីហ៊ុមព័ទ្ធអ៊ុយក្រែន ដោយគេអាចហៅម៉្យាងទៀតថា វាយខ្ទប់ដង្ហើមឱ្យថប់ស្លាប់៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×