យ៉ាងហោចណាស់មនុស្ស ៦ នាក់បានស្លាប់ និងប្រហែល ៣៦ នាក់ផ្សេងទៀតបានរងរបួស នៅពេលដែលបុរសម្នាក់ប្រដាប់ដោយកាំភ្លើងបានបាញ់ចេញពីអគារខ្ពស់មួយនៅឯក្បួនដង្ហែថ្ងៃបុណ្យឯករាជ្យ ៤ ខែកក្កដា នៅ Highland Park (ជាយក្រុង Chicago) ។
រូបភាពដែលបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមបានបង្ហាញថា ប្រជាជននៅទីក្រុង Chicago កំពុងតែរីករាយនឹងការដង្ហែក្បួន ក្មេងៗជាច្រើននាក់ដែលជិះកង់ដោយញញឹម និងគ្រវីទង់ជាតិអាមេរិក… ស្រាប់តែផ្ទុះអាវុធតែម្តង។
អាជ្ញាធរក្នុងតំបន់បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៦ នាក់បានស្លាប់ និងជាង ៣៦ នាក់ បានរងរបួស ដែលភាគច្រើនជារបួសដោយគ្រាប់កាំភ្លើង។ វេជ្ជបណ្ឌិត Brigham Temple ដែលជាគ្រូពេទ្យសង្គ្រោះបន្ទាន់ បាននិយាយថា ជនរងគ្រោះទាំង ២៦ នាក់ ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Highland Park មានអាយុចាប់ពី ៨ ឆ្នាំ ដល់ ៨៥ ឆ្នាំ។
មន្ត្រីក្រសួងការបរទេសម៉ិកស៊ិកជាន់ខ្ពស់ម្នាក់ បាននិយាយនៅលើ Twitter ថា យ៉ាងហោចណាស់មានម្នាក់ក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់ គឺជាពលរដ្ឋម៉ិកស៊ិក។
ប៉ូលីសបានកំណត់អត្តសញ្ញាណមនុស្សម្នាក់ដែលជាប់ពាក់ព័ន្ធក្នុងការបាញ់ប្រហារនោះ គឺមានឈ្មោះ Robert E Crimo III (អាយុ ២២ ឆ្នាំ) រស់នៅទីក្រុង Chicago ។ ជនសង្ស័យបានបើកម៉ូតូម៉ាក Honda Fit ពណ៌ទឹកប្រាក់ ស៊េរី២០១០ ដែលកំពុងរត់គេចខ្លួន។
កាំភ្លើងមួយដើមត្រូវបានរកឃើញនៅកន្លែងកើតហេតុ។ អាជ្ញាធរបានណែនាំប្រជាពលរដ្ឋកុំចូលទៅជិតជនសង្ស័យ ប្រសិនបើបានឃើញដោយចៃដន្យ ប៉ុន្តែ ត្រូវរាយការណ៍ប្រាប់ប៉ូលិសជាបន្ទាន់។
យោងតាមភ្នាក់ងារស៊ើបអង្កេត ជនសង្ស័យបានបើកការបាញ់ប្រហារពីលើដំបូលអគារខ្ពស់មួយ។ ប៉ូលិសបានស្នើដល់សាធារណជនសម្រាប់ព័ត៌មានរូបភាពទូរសព្ទដៃ និងវីដេអូពីកាមេរ៉ាសុវត្ថិភាពដើម្បីជួយស្វែងរកជនសង្ស័យ។ មូលហេតុនៃការវាយប្រហារនេះមិនត្រូវបានគេកំណត់នោះទេ។
ប្រធានាធិបតី Joe Biden បាននិយាយថា គាត់ និងភរិយារបស់គាត់ Jill “ភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលអំពើហិង្សាដោយកាំភ្លើង បានធ្វើឱ្យសហគមន៍អាមេរិកសោកសៅម្តងទៀតនៅថ្ងៃបុណ្យឯករាជ្យ” ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់គាត់ ប្រធានាធិបតី Biden បានសំដៅទៅលើច្បាប់កំណែទម្រង់កាំភ្លើង ដែលលោកបានចុះហត្ថលេខានាពេលថ្មីៗនេះ ប៉ុន្តែបាននិយាយថា ចាំបាច់ត្រូវធ្វើបន្ថែមទៀតថា “ខ្ញុំនឹងមិនបោះបង់ការប្រយុទ្ធនឹងអំពើហិង្សាដោយកាំភ្លើងឡើយ”។
ចំនួនប្រជាជនរបស់ Highland Park គឺ ៣០,០០០ នាក់ ហើយជិត ៩០% ជាជនជាតិស្បែកស, នេះបើយោងតាមការិយាល័យជំរឿនសហរដ្ឋអាមេរិក។
ការបាញ់ប្រហារនេះ បានកើតឡើងនៅពេលដែលការឈ្លក់វង្វេងនឹងអំពើហឹង្សាដោយកាំភ្លើង នៅតែដក់ជាប់ក្នុងចិត្តរបស់ជនជាតិអាមេរិកជាច្រើន បន្ទាប់ពីការសម្លាប់រង្គាលកាលពីថ្ងៃទី២៤ ខែឧសភា ដែលបានធ្វើឱ្យសិស្ស ១៩ នាក់ និងគ្រូបង្រៀន២នាក់ នៅសាលាបឋមសិក្សាមួយក្នុង Uvalde (Texas) ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



