ប្រិយមិត្តជាច្រើន ជឿថាបានស្គាល់រួចមកហើយ ពីអភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ ដែលទទួលបានភាពល្បីល្បាញ តាមរយៈស្នាដៃ និងក៏ដូចសម្មិទ្ធិផលជាច្រើន ដែលអភិបាលវ័យក្មេងរូបនេះ បានបន្យល់ទុកនៅលើទឹកដីភូមិសាស្រ្តមួយនេះនៃសៀមរាប ខណៈរូបលោកកំពុងបំពេញតួនាទី។ ហើយជាមួយការតែងតែយកចិត្តទុកដាក់ និងមានសុជីវធម៌ក្រមសីលធម៌ល្អ ចំពោះប្រជាពលរដ្ឋ មហាជនបានសម្តែងការកោតសរសើរ និងចាត់ទុកលោកថាជាមន្រ្តីដ៏គំរូម្នាក់។
ដោយឡែក ថ្មីៗនេះ លោកអភិបាលស្រុកបន្ទាយស្រី បានធ្វើឲ្យអ្នកគាំទ្រពិតជាមានការចាប់អារម្មណ៍ បន្ទាប់ពីលោកបានបង្ហោះរូបភាពបានជួបព្រះតេជគុណ គូ សុភាព ដោយចៃដន្យ និងបង្ហាញអារម្មណ៍រំភើបយ៉ាងខ្លាំង។
ភ្ជាប់ជាមួយរូបថតប៉ុន្មានសន្លឹក លោកបានសរសេររៀបរាប់ថា៖ «ខានជិះយន្តហោះជាង២ឆ្នាំហើយ ចាប់តាំងពីមានកូវីដមក ថ្ងៃនេះជិះជាលើកដំបូង ចៃដន្យល្អក៏បានជួបព្រះតេជគុណ Kou Sopheap និមន្តទៅសៀមរាបដែរ ហើយបានអង្គុយនៅជាប់គ្នាទៀត!»
លោកបានបន្តថា៖ «បានជជែកពីនេះពីនោះ ហើយក៏មានឱកាសបានពិតសុំជូនគុណម្ចាស់ពីព្រលានយន្តហោះ ទៅកាន់ប្រាសាទបាយ័នទៀតផង! ខ្ញុំករុណាពិតជាមានអំណរអរព្រះគុណយ៉ាងខ្លាំង ចំពោះកូនសៀវភៅធម៌ទាំង២ក្បាល និងថេរដីកាផ្តល់ឱវាទទាំងអម្បាលម៉ានរបស់ព្រះអង្គ ទោះបីជាត្រឹមតែក្នុងរយៈពេលខ្លីក៏ដោយ»។
គួរបញ្ជាក់ថា ព្រះតេជគុណ គូ សុភាព គឺជាព្រះសង្ឃដ៏ល្បីល្បាញមួយអង្គ មិនថាប្រជាជនខ្មែរនៅក្នុងប្រទេស ឬ ក្រៅប្រទេស គោរពស្រឡាញ់ជាខ្លាំង ព្រោះចូលចិត្តស្តាប់ឱវាទអប់រំដ៏ល្អៗបែបព្រះពុទ្ធសាសនា ដែលព្រះអង្គបានធ្វើវីដេអូខ្លីៗបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





