ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍនដោយចីរភាព បានបញ្ជាក់ថា កម្ពុជា ចាប់អារម្មណ៍ក្នុងការជំរុញឱ្យមានសេដ្ឋកិច្ចបៃតង ដោយឯកឧត្តម បានស្នើឱ្យមានការពិភាក្សាស៊ីជម្រៅជាមួយអ្នកជំនាញជាតិ និងសិក្សាឱ្យបានច្បាស់ពីអ្វីដែលកម្ពុជាត្រូវ ឬគួរធ្វើដើម្បីជំរុញឱ្យមានបរិវត្តកម្មសេដ្ឋកិច្ចបៃតង ក្នុងប្រព័ន្ធសេដ្ឋកិច្ចរបស់កម្ពុជា។

ការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានធ្វើឡើងដើម្បីពិភាក្សាមួយស្តីពីកិច្ចសហប្រតិបត្តិការលើបរិវត្តកម្មសេដ្ឋកិច្ចបៃតង (Green Economy Transformation) សម្រាប់កម្ពុជា ជាមួយលោក Asad Naqvi ប្រធានលេខាធិការដ្ឋានកម្មវិធីភាពជាដៃគូសម្រាប់សកម្មភាពសេដ្ឋកិច្ចបៃតង ដែលមានការចូលរួមពីតំណាងក្រសួងពាក់ព័ន្ធ និងស្ថាប័នជំនាញចំនួន ៥របស់អង្គការសហប្រជាជាតិ រួមមាន៖ UNEP, ILO, UNDP, UNIDO និងUNITAR តាមរយៈប្រព័ន្ធអនឡាញ។

ឯកឧត្តមសាយ សំអាល់ បានលើកឡើងថា សុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញឆ្នាំ១៩៩៨ បាននាំឱ្យកម្ពុជាស្គាល់កំណើនសេដ្ឋកិច្ចខ្ពស់ជាប្រចាំ មុនការមកដល់នៃជំងឺកូវីដ-១៩។ ដូចនេះឯកឧត្តម បានស្នើឱ្យមានការពិភាក្សាស៊ីជម្រៅ ដើម្បីជំរុញឱ្យមានបរិវត្តកម្មសេដ្ឋកិច្ចបៃតង ក្នុងប្រព័ន្ធសេដ្ឋកិច្ចរបស់កម្ពុជា។

ក្នុងឱកាសនោះដែរ តំណាងដែលបានចូលរួម បានលើកឡើងជូនពីបទពិសោធន៍សកលមួយចំនួន ក្នុងការជំរុញវិស័យផ្សេងៗនៃសេដ្ឋកិច្ច ដើម្បីជំរុញការផ្លាស់ប្តូរទៅកាន់សេដ្ឋកិច្ចបៃតង ដូចជាការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ការអភិរក្សជីវៈចម្រុះ ប្រសិទ្ធភាពថាមពល ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាពក្នុងផលិតផលក្នុងស្រុកសរុប (GDP) ជាដើម ដែលនឹងបង្កើតឱ្យមានប្រាក់ចំណូល ការងារ ភាពក្រីក្រ និងពង្រឹងមូលដ្ឋានគ្រឹះអេកូឡូស៊ីសេដ្ឋកិច្ចជាដើម។

សូមជម្រាបថា កិច្ចប្រជុំនេះ បានបង្ហាញលទ្ធផលចម្បងៗជារួមមាន៖ ១) ឯកភាពឱ្យមានការសិក្សាស៊ីជម្រៅអំពីការអភិវឌ្ឍនសេដ្ឋកិច្ចបៃតងនៅកម្ពុជា ដើម្បីកំណត់រកសកម្មភាព និងអនុសាសន៍គោលនយោបាយសម្រាប់សេដ្ឋកិច្ចបៃតង និង២) ការជួបពិភាក្សាកម្រិតនយោបាយសម្រាប់កំណត់យុទ្ធសាស្រ្ត ចំណុចចាប់ផ្តើម និងការសម្របសម្រួលក្នុងការអនុវត្តសេដ្ឋកិច្ចបៃតង៕

