បរទេស៖ ប៉ូលិសចំនួន២២ប្រទេស បានបើកប្រតិបត្ដិការ នៅទូទាំងអឺរ៉ុប ដោយបានចាប់ខ្លួនជនសង័្សយ ចំនួន១៣០នាក់ ពាក់ព័ន្ធនឹងសកម្មភាពរត់ពន្ធជនចំណាកស្រុក តាមអ្វីដែលគេហៅថា ជាប្រតិបត្ដិការអន្តរជាតិទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានពីមុនមក។
សារព័ត៌មាន Euro News បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី៥ ខែកក្កដា ថា ទីភ្នាក់ងារប៉ូលិសអន្ដរជាតិ អឺរ៉ូប៉ូល (Europol) បានបញ្ជាក់ កាលពីថ្ងៃអង្គារ ថា ប៉ូលិស នៅទូទាំងអឺរ៉ុប បានចាប់ខ្លួនមនុស្ស ចំនួន១៣០នាក់ ជាប់ពាក់ព័ន្ធនឹងករណីរត់ពន្ធមនុស្ស ។ នៅក្នុងប្រតិបត្ដិការជាលក្ខណៈអន្ដរជាតិនេះ មានការចូលរួមពីប្រទេសចំនួន២២។

ទីភ្នាក់ងារឧក្រិដ្ឋកម្មជាតិរបស់ចក្រភពអង់គ្លេស បានបញ្ជាក់ថា មនុស្សចំនួន៦នាក់ ត្រូវបានចាប់ខ្លួន នៅក្នុងទីក្រុងដូកខ្លែនស៍ (Dockland) និង តំបន់កាតហ្វដ (Catford) នៃរាជធានីឡុងដ៍។ ដោយឡែក មនុស្សរាប់សិបនាក់ផ្សេងទៀត ក៏បានត្រូវបានចាប់ខ្លួន នៅក្នុងប្រទេសអាល្លឺម៉ង់ បារាំង និង ហូល្លង់ដ៍ ផងដែរ។
ដោយឡែក អាជ្ញាធរយុត្ដិធម៌បារាំង បានបញ្ជាក់ថា ប្រតិបត្ដិការពាសពេញតំបន់អឺរ៉ុបនេះ បានកំណត់គោលដៅ ទៅលើ«អង្គការចាត់តាំងឧក្រិដ្ឋកម្មដ៏ធំ» នៅក្នុងប្លុកនេះ។
ប៉ូលិសអឺរ៉ូប៉ូល បានបញ្ជាក់ថា « នៅក្នុងប្រតិបត្ដិការដ៏ធំ ពាសពេញតំបន់អឺរ៉ុបនេះ មានមន្រ្ដីអនុវត្ដន៍ច្បាប់ ជាង ២២ ៤៨០នាក់ បានចូលរួម ដោយត្រួតពិនិត្យ នៅព្រំដែន តាផ្លូវសមុទ្រ ផ្លូវគោក និង ផ្លូវអាកាសរបស់អឺរ៉ុប។ កាលពីឆ្នាំ២០២១កន្លងមកនេះ មានជនចំណាកស្រុក ជាង ២៨ ០០០នាក់ បានឆ្លងកាត់ច្រកសមុទ្រ ចូលទៅកាន់ទឹកដីរបស់ចក្រភពអង់គ្លេស បើធៀបនឹងឆ្នាំ២០២០ មានត្រឹមតែ ៨ ៥០០នាក់ប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ ៖ សារាយSN












