ថ្មីៗនេះ រឿងរ៉ាវថ្មីមួយ បានកំពុងធ្វើឲ្យមហាជនក្នុងបណ្តាញសង្គម ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៀតហើយ ក្រោយពីបានឃើញជនបរទេសម្នាក់ បានបង្ហោះសារទារលុយពីលោក អុិន សុភិន ដែលបានជំពាក់ប្រមាណ ២៤០០ ដុល្លារ ដោយបានសន្យា៤ខែហើយ តែមិនទាន់សងតាមកាលកំណត់នោះទេ។
នេះបើតាមជនបរទេសរូបនោះ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Goalkeeper Coach Luis Fernando Vitorino បានសរសេររៀបរាប់ជាភាសាអង់គ្លេស ដែលមានខ្លឹមសារជាភាសាខ្មែរថា៖ «សួស្តីមិត្តទាំងអស់គ្នា សូមជួយចែករំលែកទុក្ខលំបាករបស់ខ្ញុំផង ខ្ញុំរស់នៅស្រុកខ្មែរ៦ឆ្នាំហើយ មិនដែលមានបញ្ហាអ្វីទេ តែឆ្នាំមុននេះ ខ្ញុំធ្វើការជាគ្រូបង្វឹកឲ្យមហាហង្ស ដែលមានថៅកែឈ្មោះលោក សុភិន ដោយបានសន្យាបើកប្រាក់ខែឲ្យខ្ញុំ។ ខ្ញុំធ្វើការរាល់ថ្ងៃមិនដែលខកខានការហ្វឹកហាត់នោះទេ ប៉ុន្តែ ៣ខែហើយអត់ប្រាក់ខែឲ្យខ្ញុំទេ ដូចដែលគ្រប់គ្នាដឹងហើយថា ខ្ញុំជាជនបរទេស ហើយខ្ញុំគ្មានវិធីរកប្រាក់ផ្សេងទេ ខ្ញុំពិតជាសោកស្ដាយណាស់ ដែលរឿងនេះមិនធ្លាប់មានក្នុងជីវិតរបស់ខ្ញុំ។ ខ្ញុំមានឪពុកឈឺ និងប្រពន្ធដែលត្រូវការថ្នាំពេទ្យប្រចាំថ្ងៃ ខ្ញុំពិតជាត្រូវការប្រាក់ខែនេះ ប្រសិនបើមានបងប្អូនអ្នកណាអាចជួយខ្ញុំ សូមឲ្យលោក សុភិន បើកប្រាក់ខែឲ្យខ្ញុំចំនួន៣ខែ ដែលគាត់បានសន្យា២ខែ»។
ជនបរទេសខាងលើ ក៏បានបញ្ជាក់ថា សូមប្រយ័ត្នចំពោះជនម្នាក់នេះផង ព្រោះអត់មានលុយបើកប្រាក់ឲ្យទេ ខណៈពេលនេះគាត់រង់ចាំ៤ខែហើយ និងសូម្បីនិយាយថា លោក អុិន សុភិន មិនសមតំណាងឲ្យប្រជាជនកម្ពុជាទេសោះឡើយ។
ដោយឡែក លោក សុខ រ៉ាស៊ី ដែលក៏ជាម្ចាស់បំណុលដែរ ក្រោយពីបានឃើញបរទេសខាងលើ បានបង្ហោះទារលុយបែបនេះ ក៏បានដាក់ឡើងកប់ៗទៅកាន់លោក អុិន សុភិន ថា៖ «បើដើរបោកគេគ្រប់កន្លែង តិចទៀតនឹងមានជនរងគ្រោះកាន់តែច្រើន។ អាប់មុខមាត់ដល់ជនជាតិខ្មែរខ្លាំងណាស់ តើអាចមានក្រសួងណាមួយអាចចាត់ការបុគ្គលនេះបាន? ប្រហែលគេមានលុយពេក គ្មានអ្នកហ៊ានប៉ះគាត់ទេមើលទៅ! បោកខ្មែរមិនអស់ចិត្ត បោកដល់ជនបរទេសទៀត!»។
តែយ៉ាងណា មកទល់ពេលនេះ គេមិនទាន់ឃើញលោក អ៊ិន សុភិន ចេញមុខបកស្រាយពាក់ព័ន្ធនឹងបញ្ហានេះនៅឡើយទេ ខណៈមហាជនវិញ កំពុងតែរង់ចាំមើលថា តើរឿងរ៉ាវកំពុងផ្ទុះនេះ នឹងតើទៅជាយ៉ាងណា!៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






