Sunday, January 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតីស្រីលង្កា ស្នើឱ្យរុស្ស៊ីជួយលើផ្នែកប្រេងឥន្ទនៈ ស្រាប់តែចំណេញដល់ការបង្កើនទំនាក់ទំនងទ្វេភាគីថែមទៀត

ប្រធានាធិបតីស្រីលង្កា លោក ហ្គោតាបាយ៉ា រ៉ាចាប៉ាស្កា (Gotabaya Rajapaksa) បានទូរស័ព្ទទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ដោយស្នើសុំដល់មេដឹកនាំប្រទេសដែលសម្បូរប្រេងឥន្ធនៈរូបនេះ ជួយផ្ដល់ឥណទានប្រេងឥន្ធនៈដល់ប្រទេសក្រីក្ររបស់លោកផង ហើយថា ការសន្ទនាតាមទូរស័ព្ទមានផ្លែផ្កា។

បើយោងតាមការចេញផ្សាយរបស់សារព័ត៌មានស៊ីនហួរ កាលពីថ្ងៃពុធ ទី០៦ ខែកក្កដា ឆ្នាំ២០២២ ឱ្យដឹងថា ក្នុងពេលហៅទូរស័ព្ទទៅកាន់ លោក ពូទីន កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញ លោក ហ្គោតាបាយ៉ា រ៉ាចាប៉ាស្កា បានថ្លែងអំណរគុណដល់រដ្ឋាភិបាលរុស្ស៊ី ដែលបានជួយជំនះលើឧបសគ្គរបស់ប្រទេសស្រីលង្កាកន្លងមក។

សូមបញ្ជាក់ថា ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ប្រទេសស្រីលង្កាបាននិងកំពុងប្រឈមនឹងការខ្វះប្រេងឥន្ធនៈយ៉ាងខ្លាំង ហើយគណបក្សនយោបាយដែលជាប់ឆ្នោត បានជំរុញឱ្យប្រធានាធិបតីស្នើសុំប្រេងឆៅពីប្រទេសរុស្ស៊ី និងស្នើសុំបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយឡើង។

លោក ហ្គោតាបាយ៉ា រ៉ាចាប៉ាស្កា ប្រធានាធិបតីស្រីលង្ការូបនេះ បានឱ្យដឹងថា លោកបានប្រាប់ លោក ពូទីន ប្រធានាធិបតីរុស្ស៊ី ថា សេដ្ឋកិច្ចប្រទេសរបស់លោកបានដួលរលំហើយ ថែមទាំងគ្មានលទ្ធភាពទិញប្រេងក្នុងតម្លៃឡើងខ្ពស់នាបច្ចុប្បន្ននេះ នោះទេ, សូមលោកជួយផ្ដល់ការគាំទ្រផ្នែកឥណទាន ដើម្បីនាំចូលឥន្ធនៈទៅកាន់ប្រទេសស្រីលង្កា ក្នុងការយកឈ្នះលើបញ្ហាប្រឈមសេដ្ឋកិច្ចបច្ចុប្បន្ននេះផង។

ទាក់ទងនឹងទំនាក់ទំនងលើវិស័យផ្សេងៗ មេដឹកនាំស្រីលង្កា បានស្នើសុំសមភាគីរុស្ស៊ី ជួយបន្តកិច្ចសហប្រតិបត្តិការក្រុមហ៊ុនហោះហើរ Aeroflot នៅក្នុងប្រទេសស្រីលង្កា ជាបន្តទៀតផង, ហើយថា ភាគីទាំងពីរស្រីលង្កា-រុស្ស៊ីបានឯកភាពគ្នាជាឯកច្ឆន្ទលើការពង្រឹងទំនាក់ទំនងទ្វេភាគី រួមមាន វិស័យទេសចរណ៍ ពាណិជ្ជកម្ម និងវប្បធម៌ដែលជាកត្តាសំខាន់ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×