បើតាមគម្រោងរបស់ប្រទេស G20 បានឲ្យដឹងច្បាស់ថា រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (Wang Yi) នឹងត្រូវជួបគ្នាជាមួយប្រមុខការទូតនៃបណ្ដាប្រទេសរីកចម្រើនសេដ្ឋកិច្ចបំផុតផ្សេងៗទៀត ប៉ុន្តែក្នុងពេលជាមួយគ្នានោះ កិច្ចការនយោបាយនឹងត្រូវចាប់បង្ខំឲ្យរដ្ឋមន្ត្រីការបរទេសចិនរូបនេះ ជួបទ្វេភាគីជាមួយ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីងកិន (Antony Blinken) ដើម្បីជជែកអំពីស្ថានភាពនយោបាយ ពាណិជ្ជកម្ម វិនិយោគ និងបញ្ហាប្រឈមផ្សេងៗភ្ជាប់ទៅនឹងសង្គ្រាមរុស្សី-អ៊ុយក្រែន និងបញ្ហាកោះតៃវ៉ាន់។

សូមបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ ក្រុមរដ្ឋមន្រ្តីការបរទេសមកពីបណ្ដាប្រទេសជឿនលឿនផ្នែកឧស្សាហកម្មបំផុតទាំង២០ លើពិភពលោក នឹងជួបប្រជុំគ្នា នៅឯកោះបាលី នៃប្រទេសឥណ្ឌូណេស៉ី មុននឹងកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំ G20 នេះមួយទៀត នឹងត្រូវរៀបចំឡើងនៅឯប្រទេសឥណ្ឌូណេស៉ីដដែល ក្នុងខែវិច្ឆិកា ឆ្នាំ២០២២។
បើតាមការចេញផ្សាយរបស់សារព័ត៌មាន CGTN កាលពីថ្ងៃពុធ ទី៦ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា លោក ចាវ លីជាន (Zhao Lijian) អ្នកនាំពាក្យក្រសួងការបរទេសចិន បង្ហាញថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G20 ឆាប់ៗនេះ ប្រមុខការទូតទាំងពីរ នឹងផ្តល់ទស្សនៈគ្នាទៅវិញទៅមក ស្តីពីស្ថានភាពបច្ចុប្បន្ននៃទំនាក់ទំនងចិន-សហរដ្ឋអាមេរិក រួមទាំងបញ្ហាសំខាន់ៗនៅក្នុងតំបន់ និងបញ្ហាអន្តរជាតិ។ បើមានជំនួបផ្ទាល់ទ្វេភាគីនៅឯកិច្ចប្រជុំ G20 មែននោះ វាគឺជាជំនួបដំបូងបំផុតរវាងលោក វ៉ាង យី និងលោក ប្លីងកិន គិតចាប់តាំងពី ខែតុលា ឆ្នាំ២០២១ ហើយវាកើតឡើង បន្ទាប់ពីរដ្ឋបាលលោក ចូ បៃដិន ទើបតែបានអះអាងថា ខ្លួនកំពុងពិចារណាឡើងវិញ អំពីការលុបចោលការដំឡើងពន្ធលើទំនិញចិន ដែលត្រូវបានដាក់ឲ្យអនុវត្តអំឡុងអាណត្តិរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN


















