Sunday, January 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការធ្លាក់ពីមុខតំណែងរបស់ លោក បូរីស ចនសុន ត្រូវបានក្រុមមន្ត្រីរុស្ស៊ីហៅថា «តួត្លុកល្ងង់» ទទួលរង្វាន់ដ៏យុត្តិធម៌

រុស្ស៊ី ៖ ការបាត់បង់ជំនឿទំនុកចិត្ត បានចាប់បង្ខំឱ្យ លោក បូរីស ចនសុន សម្រេចលាលែងពីតំណែងប្រធានគណបក្យអភរិក្សនិយម កាលពីថ្ងៃព្រហស្បតិ៍ ទី០៧ ចែកកក្កដា ឆ្នាំ២០២២ ប៉ុន្តែ តំណែងនាយករដ្ឋមន្រ្តី នៅបន្តកាន់ជាបណ្តោះអាសន្នសិន រង់ចាំសភាសម្រេចដាក់អ្នកថ្មីមកជំនួស, ហើយស្របពេលជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់របស់រុស្ស៊ីជាច្រើនបានសម្តែងការអបអរសាទរ ចំពោះការដួលរលំរបស់ លោក បូរីស ចនសុន នេះ ដោយហៅលោកថា ជា «តួត្លុកល្ងង់» , ការដែលដួលរលំពីតំណែងនេះ គឺជាការទទួលរង្វាន់ដ៏យុត្តិធម៌សមរម្យសម្រាប់មនុស្សចូលចិត្តបំពាក់អាវុធឲ្យគេ បញ្ឆេះសង្គ្រាមឱ្យអ៊ុយក្រែន។

បើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បាននិយាយថា «គាត់មិនចូលចិត្តយើង គឺយើងមិនចូលចិត្តគាត់វិញ , រឿងវាតែប៉ុណ្ណឹង» , លោក បូរីស ចនសុន លាលែងពីតំណែងជានាយករដ្ឋមន្ត្រី មិនមានបញ្ហាច្រើនចំពោះវិមានក្រឹមឡាំងនោះទេ, ទៅចុះ…។

ចំណែក លោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា (Maria Zakharova) អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បាននិយាយថា ការដួលរលំមុខតំណែងរបស់ លោក បូរីស ចនសុន គឺជាសញ្ញានៃការធ្លាក់ចុះរបស់លោកខាងលិច និងបានជំរុញក្លាយទៅជាវិបត្តិនយោបាយ មនោគមវិជ្ជា និងសេដ្ឋកិច្ច។

សូមបញ្ជាក់ថា នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន សម្រេចលាលែងពីតំណែងប្រធានគណបក្យអភរិក្សនិយម នៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីរូបលោក បានបាត់បង់សំឡេងគាំទ្រពីសំណាក់គណៈរដ្ឋមន្រ្តី ក្រុមមន្រ្តី និងសមាជិកសភាជាច្រើនរូប ប៉ុន្តែលោក បូរីស ចនសុន នឹងនៅបន្តកាន់តំណែងនាយករដ្ឋមន្រ្តី ជាបណ្តោះអាសន្នសិន រហូតគណបក្សរបស់លោកជ្រើសរើសបានអ្នកបន្តថ្មី អាចថា នៅសប្ដាហ៍ក្រោយនេះ។

សូមបញ្ជាក់ថា ការប្រកាសលាលែងពីតំណែងរបស់ លោក បូរីស ចនសុន គឺធ្វើឡើងបន្ទាប់ពីការកើតមានរឿងអាស្រូវផ្ទួនៗក្នុងរដ្ឋបាលរបស់លោក ហើយសមាជិករដ្ឋាភិបាល និងរដ្ឋមន្ត្រីជាច្រើននាក់ សុំចុះចេញពីតំណែងជាបន្តបន្ទាប់នាពេល៣ថ្ងៃចុងក្រោយនេះ, ជាពិសេស រដ្ឋមន្ត្រីសុខាភិបាល និងហិរញ្ញវត្ថុ ក៏បានលាឈប់ពីតំណែងផងដែរ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×